បង្រ្កាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួន ៩នាក់ រឹបអូសរថយន្ត ម៉ូតូ មាន់ជល់ និងសម្ភារប្រព្រឹត្តជាច្រើន

ខេត្តព្រះវិហារ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានសហការរួមគ្នាជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកគូលែន ចុះឆ្មក់បង្ក្រាបទីតាំងបើកសង្វៀនបញ្ជល់មាន់មួយកន្លែង ហើយបានឈានទៅឃាត់ខ្លួនមនុស្ស ៩នាក់ រឹបអូសមធ្យោបាយបម្រើឲ្យការប្រព្រឹត្តល្បែងស៊ីសង មានរថយន្ត និងម៉ូតូ ១៣គ្រឿង មាន់ជល់ និងសម្ភារៈមួយចំនួនទៀតផងដែរ។

ប្រតិបត្តិការចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែងនោះ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី៩ មករា ឆ្នាំ២០២១ នៅចំណុច អូរដូនស្ងួន ស្ថិតក្នុងភូមិសាស្ត្រ ភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តព្រះវិហារ លោកវរៈសេនីយ៍ឯក គង់ គា បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់នោះ លោកបានដឹកនាំកម្លាំងនគរបាលខេត្ត ចុះសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកគូលែន ដឹកនាំដោយលោកវរៈសេនីយ៍ឯក ឡាញ់ លីស៊ីវឡេង ក្រោយពីទទួលបានបទបញ្ជាពី ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍សួសសុខ ដារ៉ា ក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីធានាបានលើការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។

លោកវរៈសេនីយ៍ឯក គង់ គា បានបា្រប់ឲ្យដឹងទៀតថា នៅក្នុងការចុះឆ្មក់បង្ក្រាបសង្វៀនជល់មាន់ ១កន្លែងនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តល្បែងស៊ីសងជល់មាន់ បាន ៩នាក់ រឹបអូសរថយន្ត ៤គ្រឿង ក្នុងនោះរថយន្តពាក់ស្លាកលេខ ខ.ម ៣គ្រឿង ម៉ូតូ ៩គ្រឿង មាន់ជល់ ៧ក្បាល និងសម្ភារៈដែលបម្រើឲ្យការប្រព្រឹត្តល្បែងស៊ីសងមួយចំនួនទៀត ផងដែរ។ លោក គង់ គា បានបន្តថា ក្រោយការបង្ក្រាប ឃាត់ខ្លួនមនុស្ស និងវត្ថុតាងបទល្មើសនោះរួច ទាំងមនុស្ស និងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកគូលែន ដើម្បីធ្វើការសាកសួរ និងចងក្រងសំណុំរឿង។ លោកថា ក្រោយការសាកសួរ ឃើញថា ក្រុមអ្នកញៀនល្បែងទាំង ៩នាក់ ភាគច្រើនគឺជាជនពិការ និងដោយមានណែនាំពីថ្នាក់លើ កម្លាំងសមត្ថកិច្ច បានសម្រេចដោះលែងអ្នកទាំង ៩នាក់ ឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ក្រោយពីសមត្ថកិច្ចជំនាញ បានធ្វើការអប់រំ ណែនាំ ព្រមទាំងបានធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ប្រព្រឹត្តល្បែងស៊ីសងតទៀតនោះរួចមក។

នៅរយៈពេលកន្លងមក ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ លោកតែងបានដាស់តឿន ក្រើនរំលឹក និងដាក់បទបញ្ជាដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឲ្យខិតខំរួមគ្នាចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីធានាបានលើការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព ស្របតាមគោលនយោបាយ និងចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល ៕

Loading...