បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បិទបញ្ចប់វគ្គហ្វឹកហ្វឺន លើការពង្រឹងសមត្ថភាពជំនាញ ដល់នាយអាវុធហត្ថខេត្ត

ខេត្តព្រះវិហារ៖ ប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាយោធា ច្បាប់ប្រទេស និងជំនាញវិជ្ជាជីវ: ដល់នាយ និងនាយរង កងរាជអាវុធហត្ថខេត្តព្រះវិហារ សម្រាប់ឆមាសទី១ ឆ្នាំ២០២១។
ពិធីបិទបញ្ចប់វគ្គហ្វឹកហ្វឺន នាថ្ងៃទី២៩មករានេះ ក៏មានការចូលរួមពី អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងអភិបាលក្រុង នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ។ ពិធីបើកវគ្គហ្វឹកហ្វឺន គឺបានធ្វើឡើងមានរយៈពេល ២៩ថ្ងៃ ចាប់ពីថ្ងៃទី១មករា និងបានបិទបញ្ចប់វគ្គ នៅថ្ងៃទី២៩មករាឆ្នាំ២០២១នេះ ដែលមានសិក្ខាកាម សរុប ៧០នាក់ ក្នុងនោះស្ត្រី ៤នាក់។

មេបញ្ជាកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានឡើងធ្វើរបាយការណ៍ជូន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ និងអង្គពិធីថា ពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាយោធា ច្បាប់ប្រទេស និងជំនាញវិជ្ជាជីវៈកងរាជអាវុធហត្ថ សម្រាប់ឆមាសទី១ ឆ្នាំ២០២១នេះ គឺបានអនុវត្តតាមការចង្អុលបង្ហាញពី អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានបញ្ជាក់ថា លោកនាយឧត្តមសេនីយ៍ តែងបានដាស់តឿន ក្រើនរំលឹក និង ជំរុញឲ្យមានការហ្វឹកហាត់ជាប្រចាំ ទៅតាមគោការណ៍របស់ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរៈភូមិន្ទ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រាប់ឆ្នាំនីមួយៗ ដល់នាយ និងពលអាវុធហត្ថ ដើម្បីពង្រឹងសមត្ថភាពបន្ថែម ក្នុងការក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជាពិសេស ការរារាំង ទប់ស្កាត់រាល់បាតុភាពនានា ដូចជា ការទប់ទល់នឹងក្រុមបាតុករ និងក្រុមបង្ករបាតុភាពអនាធិបតេយ្យ ផ្ទុយពីច្បាប់ហាមឃាត់ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់។

ប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនក្នុងរយៈពេលជិត ១ខែកន្លងមកនេះ ពិតជាបានផ្តល់ នូវអត្ថប្រយោជន៍ និងគុណតម្លៃបំផុត ដល់ខឿនរក្សា ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់រាល់បាតុភាពអនាធិបតេយ្យនានា ដែលបង្ករឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់ ហើយក្រុមនេះតែងតែបង្ករបញ្ហាស្មុគស្មាញជាច្រើន ដល់សង្គមជាតិ និងប្រជាជន ប៉ុន្តែ ត្រូវបានបរាជ័យ ក្រោមសកម្មភាពទប់ស្កាត់របស់ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និងកម្លាំងកងរាជអាវុធហត្ថជាតិ។
លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ កោតសសើរ និងវាយតម្លៃខ្ពស់ ពីការខិតខំបំពេញភារកិច្ច របស់កងរាជអាវុធហត្ថខេត្ត ក្នុងការបង្រ្កាបបទល្មើសនានា ប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដៅធានាឲ្យកងកម្លាំងកងរាជអាវុធហត្ថ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការអនុវត្តកាព្វកិច្ច ទទួលបានជោគជ័យជូនជាតិ និងមាតុភូមិ។

ប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ ក្រើនរំលឹក ដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ជាពិសេស កម្លាំងកងរាជអាវុធហត្ថខេត្ត ត្រូវការពារឲ្យបាន នូវសុខសន្តិភាព ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន បើទោះបីជាស្ថិតនៅក្នុងតម្លៃណាក៏ដោយ ត្រូវការពារព្រះមហាក្ស និងរាជរដ្ឋាភិបាល ស្របច្បាប់ ដែលបានដឹកនាំកម្ពុជា ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ប្រកបដោយចិរភាព។ ចំពោះសិក្ខាកាមដែលទើបបញ្ចប់វគ្គ ត្រូវយកចំណេះដឹងទាំងនេះ ទៅបំរើឲ្យបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋ និងក្នុងនាមកងកម្លាំង ត្រូវគោរពវិន័យ មានសាមគ្គីភាពផ្ទៃក្នុង គោរពបទបញ្ជាថ្នាក់លើ មានមនសិការជាតិ មានសីលធម៌ គុណធម៌ល្អ ជាពិសេស ត្រូវគោរព និងអនុវត្ត នូវអភិក្រមទាំង ៥ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ឲ្យខ្ជាប់ខ្ជួន គឺឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល ព្យាបាល និងវះកាត់ ឲ្យខាងតែបានដាច់ខាត។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានឧបត្ថម្ភដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នូវថវិកា ២លានរៀល ទឹកបរិសុទ្ធ ២០កេស និងភេសជ្ជៈ ២០កេស ផងដែរ៕

Loading...