បញ្ជូនកងទ័ពទា ទៅប្រយុទ្ធជាមួយកងទ័ពកណ្ដូប

ប្រទេសចិនកំពុងមានផែនការបញ្ជទាចំនួន១សែនក្បាលចេញពីភាគខាងកើតនៃខេត្ត Zhejiang ទៅប្រយុទ្ធជាមួយនឹងហ្វូងកណ្ដូបនៅប៉ាគីស្ថាន នាពាក់កណ្ដាលឆ្នាំ២០២០ខាងមុខនេះ។ សេចក្ដីរាយការណ៍ខាងលើនេះត្រូវបានប្រកាស បន្ទាប់ពីទីក្រុងប៉េកាំងបានបញ្ជូនអ្នកជំនាញមួយក្រុម ទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីពិភាក្សា និងផ្ដល់យោបល់ចំពោះហ្វូងសត្វកណ្ដូប ដែលត្រូវបានគេចាត់ទុកថា ជាសភាពដ៏អាក្រក់បំផុតក្នុងរយៈពេល២០ឆ្នាំមកនេះ។ យោងតាមសារព័ត៌មានមួយបានឲ្យដឹងថា កាលពី២ទសវត្សរ៍មុន ចិនបានបញ្ជូនហ្វូងទា ទៅវាយប្រហារជាមួយនឹងហ្វូងសត្វកណ្ដូបនៅតំបន់

Xinjiang ម្ដងរួចមកហើយ ដោយទទួលបាននូវប្រសិទ្ធភាពល្អគួរសម។ អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវកសិកម្មក្នុងខេត្ត Zhejiang គឺលោក Lu Lizhi បានឲ្យដឹងដែរថា ការប្រើហ្វូងទា ជាវិធីសាស្ត្រមួយដ៏ល្អ ដោយមិនចាំបាច់ចំណាយប្រាក់ច្រើន និងប្រើប្រាស់ថ្នាំបាញ់សម្លាប់សត្វល្អិត ដែលធ្វើឲ្យប៉ះពាល់ទៅដល់បរិស្ថានឡើយ។ ហើយទាមួយក្បាល អាចស៊ីសត្វកណ្ដូបបានចំនួន២០០ក្បាលក្នុងមួយថ្ងៃ។ គួររម្លឹកដែរថា ហ្វូងសត្វកណ្ដូបរាប់លានក្បាលកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងប្រទេសប៉ាគីស្ថាន ស៊ូដង់ កេនយ៉ា អ៊ូហ្គង់ដា អាហ្វ្រិក និងប្រទេសឥណ្ឌាជាដើម ដែលបណ្ដាលឲ្យដំណាំ ស្រូវរបស់ប្រជាជនខូតខាត៕

Loading...