បញ្ជូនខ្លួនមេខ្យល់២នាក់ ទៅសាលាដំបូងខេត្ត នាំមនុស្សឆ្លងដែនខុសច្បាប់ នៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យៈ នៅថ្ងៃទី២៨ខែមីនា ឆ្នាំ២០២១ ជនសង្ស័យជាមេខ្យល់ចំនួន០២នាក់ នាំមនុស្សឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រ ឆាំងការជួញដូរមនុស្សនិងការពារអនីតិជន រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលា ដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
ជនសង្ស័យទាំង០២នាក់ មាន៖ ១/- ឈ្មោះ សៀង ម៉ាច ភេទប្រុសអាយុ ៣០ឆ្នាំ ,២/-ឈ្មោះ ថេង ចិន្តា ភេទប្រុសអាយុ ៣០ឆ្នាំ អ្នកទាំង០២ នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ។
ជនទាំង០២នាក់នេះ កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៤ខែមីនា ឆ្នាំ២០២១ បានលួចនាំពលករចំណាកស្រុកទៅប្រទេសថៃ ដោយខុសច្បាប់ចំនួន០៤នាក់ ស្រី០៣នាក់ នៅចំណុចក្រោលគោនិងគុម្ពប្ញស្សី ស្ថិតក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកម៉ាឡៃ ធ្វើការឃាត់ខ្លួន ទាំងពលករនិងមេខ្សល់មកអធិការដ្ឋាន ដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ច ពលករទាំង០៤នាក់ បានឆ្លើយថា ខ្លួនត្រូវបានឈ្មោះសៀង ម៉ាចនិងឈ្មោះថេងចិន្តា ជាមេខ្យល់ នាំទៅលាក់ខ្លួននៅក្រោលគោក្រោយរបស់គេ បន្ទាប់ចល័ត ទៅលាក់ខ្លួននៅគុម្ពប្ញស្សីទៀត ដែលនៅក្រោយភូមិ ដើម្បីត្រៀមចេញដំណើរឆ្លងទៅថៃ លុះដល់ម៉ោង៧យប់ ថ្ងៃដដែលក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
សារភាពរបស់ឈ្មោះ ថេង ចិន្តា បានសារភាពថា ខ្លួនត្រូវឈ្មោះសៀង ម៉ាច ឲ្យនៅមើលនិងគ្របគ្រងពលករចំណាកស្រុកដែលបានលាក់ខ្លួននៅក្រោលគោ ហើយផ្លាស់ទៅនៅគុម្ពប្ញស្សីចល័តចុះឡើង ដើម្បីត្រៀមឆ្លងដែនទៅថៃ ។ ចំណែកឈ្មោះសៀង ម៉ាច បានសារភាពថា ខ្លួនពិតជាបានលាក់ពលករចំណាកស្រុកចាប់ពី០៨ទៅ០៩នាក់ នៅក្រោលគោនិងចល័តទៅគុម្ពប្ញស្សីក្រោយភូមិ ដើម្បីត្រៀមចេញទៅថៃពិតប្រាកដមែន ។
ដោយផ្អែកតាមការបំភ្លឺរបស់ពលករនិងចម្លើយសារភាពរបស់ជនសង្ស័យ ជាមេខ្សល់ឈ្មោះសៀង ម៉ាចនិង ឈ្មោះថេង ចិន្តា កម្លាំងការិយាល័យជំនាញ បានបញ្ជូនជនទាំង០២នាក់ នេះទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕

Loading...