បញ្ជូនខ្លួនលោក កង ភារី អតីតអធិការរងទំនើង និងបក្ខពួក០៦នាក់ទៅតុលាការ

(កំពង់ស្ពឺ)៖ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានបញ្ជាក់្ទថា ក្រោយពីសួរនាំរួចរាល់ លោក កង ភារី ហៅម៉ៅ និងបក្ខពួក៦នាក់ទៀតត្រូវបានកសាងសំណុំរឿងចាត់ការបន្តទៅសាលាដំបូងខេត្តកំពង់ស្ពឺតាមផ្លូវច្បាប់ នៅថ្ងៃទី២២ខែសីហាឆ្នាំ២០២០នេះ។

អនុវត្តន៍តាមបទបញ្ហា របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាអោយលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ បញ្ជូនលោក កង ភារី ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ជាដាច់ខាត ។

តាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ថ្មីៗនេះ បញ្ជាក់ថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩ លោក កង ភារី បានយកអាវុធខ្លីរបស់ខ្លួនមួយដើមម៉ាកឡុក( Lock) ធ្វើសកម្មភាពឈរបាញ់បោះសេរីចំនួន៣គ្រាប់ នៅក្នុងបរិវេណសាលាស្រុកសំរោងទង ពីខាងត្បូងចំណុចមាត់ស្រះទឹក ។ លុះដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី លោក កង ភារី បាននាំកូនចៅផឹកស៊ីស្រវឹង អួតក្អេងក្អាង អាងខ្នងបង្អែកគ្រាក់ៗ ហើយបានយកកាំភ្លើងរបស់ខ្លួនម៉ាកឡុក មកឈរបាញ់បោះសេរី អស់ជាង១០គ្រាប់បន្ថែមទៀត ។

ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺ បាននាំគ្នារិះគន់បញ្ហានេះ ថា ខ្លួនជាសមត្ថកិច្ច គប្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋ មិនគួរណា ផឹកស៊ីស្រវឹង អាងខ្លួនជានគរបាល ហើយអាងខ្នងបង្អែកជាព្រះរាជអាជ្ញារងមួយរូប មានទាំងបងប្អូនមានឋានៈពាក់ផ្កាយ៤ បែរជាបាញ់បោះសេរីធ្វើអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋនៅក្នុងខេត្តបែបនេះសោះ។

ទន្ទឹមនេះ ប្រជាពលរដ្ឋ ក៏បានគាំទ្រចំណាត់ការរបស់ថ្នាក់លើ ផងដែរ ដែលបានចាត់វិធានការ ភ្លាមៗ ចំពោះលោក កង ភារីហៅម៉ៅនិងបក្ខពួក។

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់្ទថា លោក កង ភារី ហៅម៉ៅ ជាអធិការរងស្រុកសំរោងទងនិងបក្ខពួកនេះត្រូវបានថ្នាក់លើ ដាក់ពិន័យតាមច្បាប់លេខ០០៦របស់កងកម្លាំងហើយ។

ដោយសារតែនៅយប់ថ្ងៃទី១៨ខែសីហាឆ្នាំ២០២០បាញ់បោះសេរីចំនួន៣គ្រាប់ ហើយមិនដឹងជាយ៉ាងម៉េចទេ ស្រាប់តែនៅយប់ថ្ងៃទី១៩ខែសីហាឆ្នាំ២០២០លោក កង ភារី អធិការរងដដែលបែរជាបាញ់បោះសេរីចំនួន១៧គ្រាប់បន្ថែមទៀតបង្កអោយមានការភ្ញាក់ផ្អើល រាយការណ៍ទៅថ្នាក់លើ ហើយនៅក្នុងថ្ងៃទី២២ខែសីហាឆ្នាំ២០២០នេះត្រូវបានកសាងសំណុំរឿងលោក កង ភារី និងគូកន ទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

គួររំលឹកថា លោកវរសេនីយ៍ទោ កង ភារី អធិការរងទទួលការងារសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ពេលផឹកស៊ីស្រវឹងបែរជានាំកូនចៅបាញ់បោះសេរី យ៉ាងអនាធិបតេយ្យ នៅក្នុងបរិវេណសាលាស្រុកសំរោងទង នាំអោយមជ្ឈដ្ឋានជាច្រើនរិះគន់យ៉ាងខ្លាំងនូវទង្វើ នគរបាលទំនើងចរិកក្អេងក្អាង អាងមានខ្នងបង្អែកជាព្រះរាជអាជ្ញារងនិងលោកផ្កាយ៤ម្នាក់ផងដែរ ៕

Loading...