បញ្ហា៣នេះ​ ងាយ​នឹង​ធ្វើ​ឲ្យ​អ្នក​អន់​ខាង​ផ្នែក​​គ្រប់គ្រង​ពេលវេលា!

ពេលវេលា​គឺ​ជា​មាសប្រាក់ ដូច្នេះ​ហើយ​ មនុស្ស​ម្នាក់ៗ​ត្រូវតែ​ចេះ​រៀបចំ​ឬ គ្រប់គ្រង​​ពេលវេលា​ឲ្យ​បាន​ល្អ បើ​មិន​ដូច្នោះ​ទេ​ ពួកគេ​នឹង​ខាតបង់​ធ្ងន់ធ្ងរ។ បើ​មិន​ចេះ​រៀបចំ​ពេល​វេលា​ទេ មានន័យថា អ្នក​មិនដឹង​ថា គួរ​ធ្វើអ្វី​មុន និង ធ្វើអ្វី​ជា​ក្រោយ​ឡើយ ព្រោះ​ក្នុង​មួយ​ថ្ងៃៗ​មាន​ការងារ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ។ បើ​អ្នក​ជា​មនុស្ស​ពូកែ​រៀបចំ​ពេលវេលា​ មានន័យថា អ្នក​មាន​សង្ឃឹម​ច្រើន​ក្នុង​សម្រេច​ជោគជ័យ​លើ​អ្វី​ដែល​ខ្លួន​អ្នក​ប្រាថ្នា​ចង់​បាន។ ប៉ុន្តែ​បើ​​មិន​ចេះ​រៀបចំ​ទេ ប្រាកដ​ណាស់​ថា​អ្នក​នឹង​ប្រឈម​បញ្ហា​ស្មុគស្មាញ​រាប់មិនអស់ ហើយ​វា​ពិត​ជា​ពិបាក​ក្នុង​ការ​រក​ដំណោះស្រាយ​ខ្លាំង​ណាស់។

ខាង​ក្រោម​នេះ គឺជា​កំហុស​មួយចំនួន​ដែល​នាំ​រុញច្រាន​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ដែល​មិន​ចេះ​គ្រប់គ្រង​​ពេល​វេលា​ឲ្យ​បាន​ល្អ៖

១) មិន​ដែល​នឹក​គិត​អំពី​ការងារ​នៅ​ថ្ងៃ​ស្អែក
អ្នក​ជោគជ័យ​ទាំងឡាយ តែង​នឹកគិត​ជា​ស្រេច​ថា នឹង​ត្រូវ​ធ្វើអ្វី​នៅ​ថ្ងៃ​ស្អែក បើ​ទោះបីជា​នា​ពេល​នេះ ពួក​គេ​កំពុងរវល់​មួយ​ការងារ​ច្រើន​​ជំពូក​ក៏​ដោយ។ ប៉ុន្តែ បើ​សង្កេតមើល​ទូទៅ​វិញ ពួកគេ​មិន​សូវ​ខ្វាយខ្វល់​ច្រើន​ថា ត្រូវ​គិត​ធ្វើ​អ្វី​នោះ​ទេ​សម្រាប់​ថ្ងៃ​ស្អែក ជា​ហេតុ​នាំ​ឲ្យ​ពួកគេ​មិន​ដឹង​ថា ​គួរ​ធ្វើអ្វី​ដែល​សំខាន់​មុន​។ មនុស្ស​ប្រភេទ​នេះ គេ​ហៅ​ថា មនុស្ស​គ្មាន​ការ​គិតវែង​ឆ្ងាយ ពោល​គឺ បាន​ត្រឹម​និយាយ​ពាក្យ​ថា «ដើរ​មួយ​ជំហាន​គិត​មួយ​ជំហាន»។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​ពិបាក​ក្នុង​ការ​ស្វែងរក​ផ្លូវ​ទៅ​កាន់​ភាព​ជោគជ័យ​ខ្លាំង​ណាស់។

២) មាន​ទម្លាប់​គេង​ទ្រមក់​
គ្មាន​មនុស្ស​ជោគជ័យ​ណា​ដែល​ចូលចិត្ត​គេង​ទ្រមក់​នោះ​ទេ ពោល​គឺ​ពួកគេ​តែងតែ​ក្រោក​ពី​ដំណេក​តាំង​ពី​ព្រលឹម ព្រោះ​ការ​ធ្វើ​បែប​នេះ​ជួយ​ឲ្យ​ពួក​គេ​ មាន​ពេលវេលា​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​កិច្ច​ការ​ជា​ច្រើន ក្នុង​នោះ​រាប់ទាំង​ ការ​ហាត់ប្រាណ​ដើម្បី​សុខភាព​ផង​ដែរ។ ប៉ុន្តែ​បើ​អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​គេង​ទ្រមក់ ប្រាកដ​ណាស់​ថា អ្នក​ប្រឈម​បញ្ហា​ជាច្រើន មាន​ដូចជា មិនអាច​ទទួល​ទាន​អាហារ​ពេល​ព្រឹក​គ្រប់គ្រាន់ ទៅ​ធ្វើ​ការ ឬ សិក្សា​យឺត​ពេល និង មាន​បញ្ហា​សុខភាព​ជា​ដើម។ ដូច្នេះហើយ​ អ្នក​គួរតែ​ផ្លាស់​ប្តូរ​ទម្លាប់​អាក្រក់​នេះ​ចេញ ព្រោះ​វា​នាំ​ឲ្យ​ខាតបង់​ពេល​វេលា ក្នុង​ការ​ធ្វើ​កិច្ច​ការ​សំខាន់ៗ។

៣) ផ្ដោត​លើ​អ្វី​ដែល​​អត់ប្រយោជន៍
មនុស្ស​ភាគច្រើន​ចូលចិត្ត​ធ្វើអ្វី​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​រីករាយ ប៉ុន្តែ​ពួកគេ​មិន​បាន​គិត​ថា វា​មាន​ប្រយោជន៍​អ្វី​ខ្លះ​នោះ​ទេ។ ដូច​ដែល​បាន​ដឹង​ហើយ​ថា ពេលវេលា​ពិតជា​សំខាន់​ខ្លាំង​ណាស់ ហើយ​បើ​អ្នក​រវល់​តែ​ធ្វើ​រឿង​ដែល​អត់ប្រយោជន៍​នោះ ប្រាកដ​ណាស់​ថា អ្នក​មិនអាច​មាន​ពេល​ឯណា​ទៅ​ធ្វើ​រឿង​សំខាន់​នោះ​ទេ ព្រោះ​មួយ​ថ្ងៃ​មាន​តែ​ ២៤​ម៉ោង​ប៉ុណ្ណោះ។ ដូច្នេះហើយ​ មុននឹង​សម្រេចចិត្ត​ធ្វើអ្វី​មួយ ត្រូវ​គិត​ឲ្យ​ច្បាស់​ថា​ អ្វី​ដែល​សំខាន់ និង មិន​សំខាន់ ដើម្បី​ឲ្យ​ច្បាស់​ក្នុង​ចិត្ត​ថា អ្នក​មិន​ចំណាយ​ពេលវេលា​អត់​ប្រយោជន៍​លើ​កិច្ចការ​ទាំង​នោះ៕ THEBNEWS

2013.09.12-Para-ganhar-tempo-imagem01-Naldz-Graphics

Loading...

Leave a Reply

Your email address will not be published. Required fields are marked *