បទបញ្ជាមិនឲ្យ ឡានធុនធំ ចេញ ចូល ក្រុងពេលថ្ងៃ សាប់ដូចទឹកទន្លេមេគង្គ

ភ្នំពេញ៖ បញ្ហារថយន្តធុនធំចូលក្រុងពេលថ្ងៃ គឺជាកង្វល់ដ៏ធំមួយសម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ព្រោះវាបង្កបញ្ហាជាច្រើនដល់អ្នកដំណើរ បង្កការកកស្ទះចរាចរណ៍ និងបង្កហានិភ័យ បុករះសម្លាប់មនុស្សជាញឹកញាប់ ។ អភិបាលរាជធានីភ្នំពេញ ​មិនថា ជំនាន់លោក ប៉ា សុជាតិវង្ស ឬលោក ឃួង ស្រេង នោះទេ សុទ្ធ​តែចេញបញ្ជា ឲ្យចាត់វិធានការ​តាម​ច្បាប់ ​ចំពោះរថយន្ត​ធុនធំ ដែលផ្អើននឹងបទបញ្ជា ហ៊ានបើកបរចូលក្រុងពេលថ្ងៃ ក្នុងនោះ ក៏បានចេញបញ្ជាឲ្យ លុបបំបាត់មិនឲ្យមានប័ណ្ណ អនុញ្ញាតចេញ ចូលរាជធានីប្រភេទA, BនិងCទៀតនោះដែរ ។

កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ «ចាប់ពីពេលនេះ តទៅ ឡានធំ ចេញ ចូលរាជធានីភ្នំពេញពេលថ្ងៃ មិនអនុញ្ញាតឲ្យមានដាច់ខាត ហើយក៏លែងឲ្យមានការកំណត់ម៉ោងនេះ ម៉ោងនោះចេញ ចូលក្រុង ដូចមុនទៀតដែរ ដូចជាប័ណ្ណអនុញ្ញាតចេញ ចូលA, B និងC ជាដើម» ។

លោកទទួលស្គាល់ថា «កន្លងមកនេះ រថយន្តចេញ ចូលរាជធានីភ្នំពេញបានតាមចិត្ត ឲ្យតែមានប័ណ្ណអនុញ្ញាតចេញ ចូលក្រុង ប្រភេទA, B និងCនេះ បង្កឲ្យមានគ្រោះថ្នាក់ និងកកស្ទះចរាចរ នៅក្នុងរាជធានីភ្នំពេញយ៉ាងខ្លាំង ។ អារឿងប័ណ្ណអនុញ្ញាតចេញ ចូលក្រុងប្រភេទA, BនិងCនេះ គេអាចកូពីបានយ៉ាងស្រួល ហើយនរណាគេជាអ្នកយកមកពិនិត្យថា ពិត ឬមិនពិតនោះ។ ទាំងនេះហើយ ដែលធ្វើឲ្យរថយន្តធំឆ្លៀតឱកាសចេញ ចូលក្រុងបាន។ ដូច្នេះចាប់ពីពេលនេះតទៅឡានធំ ចេញ ចូលរាជធានីភ្នំពេញពេលថ្ងៃ មិនអនុញ្ញាតឲ្យមានដាច់ខាត តែអាចចេញចូលក្រុងបានចាប់ពីម៉ោង ៨ទៅ៩យប់។ តែសម្រាប់ ផ្លូវបី មិនឲ្យរថយន្តធំឆ្លងកាត់ដាច់ខាត នោះ គឺផ្លូវ ព្រះមុនីវង្ស ផ្លូវព្រះស៊ីសុវត្ថិ និងផ្លូវព្រះនរោត្តម» ។

បទបញ្ជារបស់លោកឃួង ស្រេង បានធ្វើឲ្យពលរដ្ឋ​សាទរខ្លះៗដែរ នាឱកាសនោះ ប៉ុន្តែរហូតមកដល់ពេលនេះ គេបានសង្កេតឃើញថា បញ្ហាបង្កឡើងដោយរថយន្តធុនធំ ដឹកជំនិញសំពីងសំពោង​ចូលក្រុងពេលថ្ងៃ បង្កគ្រោះថ្នាក់​​ ដាច់ហ្វ្រាំងបុករះ នៅតែត្រូវបានកើតឡើងដដែលជាដដែលទេ ធ្វើឲ្យពលរដ្ឋអ្នកធ្វើដំណើរ​ព្រួយបារម្ភ​អំពីសុវត្ថិភាពរបស់ខ្លួនជាខ្លាំង ។

គេនៅចាំបានថា កាលពីវេលាម៉ោង ៩ និង៣០ នាទីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រថយន្តធុនធំ សសេរស្លាកនៅលើក្បាលរថយន្ត (កងដឹកជញ្ជួន) ពាក់ស្លាកលេខ ភ្នំពេញ 3A7503 ដែលគេស្គាល់ថា របស់ក្រុមហ៊ុន លោក ហាក់ ម៉ៅ ដ៏មានឥទ្ធិពលមួយ រូបនោះ បានបើកចូល ក្រុង ទាំង ព្រឹក បង្កគ្រោះ ថ្នាក់ បុក រះ ម៉ូតូ រថយន្ត ជាង១០ គ្រឿង រួចជ្រុលទៅបុក ហាងលក់ មីហិលនិង ផ្ទះ លក់ ម៉ាស៊ីនត្រជាក់ បាក់សំយ៉ាប ផ្ទះ ធ្លាក់ រាបប៉ាយ និងធ្ងន់ធ្ងរទៀតនោះបង្កឲ្យមនុស្សក្មេង ចាស់ ៥នាក់ រងរបួស់ធ្ងន់ ស្រាល ។

លុះនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨វិញ ស្ថិតនៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ (ត្រើយខាងលិច) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ស្រាប់តែមានរថយន្តដឹកទំនិញប្រភេទ៥តោន ពាក់ស្លាកលេខ កំពង់ចាម ៣A-៤៨១៤ ចុះពីលើស្ពានព្រះមុនីវង្សចាស់​ ចាប់ហ្វ្រាំងមិនជាប់ បណ្តាលឲ្យជ្រុលទៅបុករះរថយន្ត៤គ្រឿង រងការខូចខាត់យ៉ាងដំណំ និងបណ្តាលឲ្យគាប់ជាប់តៃកុង និងព្រូ រងរបួសធ្ងន់ធ្ងរ។

ទាក់ទងចំណុចនេះ មន្ត្រីក្រោមឱវាទចំណុះឲ្យសាលារាជធានីភ្នំពេញ មិនដឹងថា បានយកចិត្តទុកដាក់អនុវត្តការងារ​ ឬយ៉ាងណានោះទេ ខណៈ​អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ដាក់បញ្ជាមិនឲ្យរថយន្តធុនធំ​ចូលក្រុងពេលថ្ងៃនោះ ហើយនៅតែឃើញមានចរាចរណ៍ ព្រោងព្រាត​រហូតដល់បង្កគ្រោះថ្នាក់ធ្វើឲ្យពលរដ្ឋភ័យខ្លាច ដូចករណីរៀបរាប់ខាងលើជាភស្តុតាងស្រាប់ ។ ​

ករណីនេះ សង្ស័យថា ថ្នាក់ដឹកនាំរវល់​ពេកហើយ មិនបានត្រួតពិនិត្យ​មើលកូនចៅថ្នាក់ក្រោមឲ្យបានដិតដល់ ចំពោះការអនុវត្តច្បាប់ ខណៈដែលដាក់បទបញ្ជាទៅហើយ គ្មានប្រសិទ្ធភាព ធ្វើមិនបាន ហើយគ្រោះថ្នាក់កើតមានដដែលជាដដែលនោះ ។ គេថា ឲ្យចាប់ឃាត់រថយន្តធុនធំដឹកទំនិញ ចេញ ចូល ក្រុងពេលថ្ងៃបានយ៉ាងដូចម៉េចទៅកើត បើពួកថៅកែៗ សុទ្ធតែជាពួកក្រុមដែលមានតួនាទីធំៗហើយនោះ អីចឹងហើយ បានជា អាអ្នកថា បានតែថា ចំណែក អាអ្នកធើ នៅតែធើ ។

មហាជន តែងតែព្រួយបារម្ភ នៅពេលធ្វើដំណើរតាមដងផ្លូវ និងជួបរថយន្តធុនធំ បើកបរក្បែរៗខ្លួន ព្រោះអ្នកបើកបររថយន្តធំទាំងនេះ មិនដែលទទួលខុសត្រូវនោះទេ ពេលបង្កគ្រោះថ្នាក់ហើយ តែងតែដាក់មេប្រូច ទុករថយន្តឲ្យសមត្ថកិច្ចដោះស្រាយ ជាមួយនឹងថៅកែរបស់ពួកគេប៉ុណ្ណោះ ។

ពលរដ្ឋសំណូមពរដល់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ជួយមានវិធានការទប់ស្កាត់រថយន្តធុនធំ ដែលចូលក្នុងក្រុងនៅពេលថ្ងៃឡើងវិញផង កុំឲ្យគេថា បទបញ្ជាសាបដូចទឹកទន្លេមេគង្គ ៕

 

  

Loading...