បទល្មើសនេសាទប្រើឆ្នុកភ្លើងពណ៌បៃតង នៅតែកើតឡើងយ៉ាងអនាធិបតេយ្យក្នុងផ្ទៃបឹងទន្លេសាប ក្រោមក្រសែភ្នែកលោកហម ហ៊ុន

ខេត្តកំពង់ធំ៖ អ្នកនេសាទនៅតំបន់បឹងទន្លេសាប ឃុំពាមបាង បានឲ្យដឹងថា ​រហូតមកដល់ពេលនេះបទល្មើសនេសាទប្រើឆ្នុកភ្លើងពណ៌បៃតង នៅតែកើតឡើងយ៉ាងអនាធិបតេយ្យក្នុងផ្ទៃបឹងទន្លេសាបចំណុចឈើកែវ ចំណុចអន្លង់កញ្ចុះ ចំណុចជីករមាស ខាងលិចស្នាក់ការបរិស្ថានដូនស្ដើង។

ប្រភពបានឲ្យដឹងទៀតថា សាច់ញាតិរបស់មេឃុំពាមបាង ជាអ្នកប្រព្រឹត្តបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់យ៉ាងសុខស្រួលព្រោះមានការបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធដែលកំពុងសប្បាយប្រមូលលុយតាមរបៀបពុករលួយយ៉ាងសុខស្រួល។

លោក ហម​ ហ៊ុន​ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ត្រូវគេសង្ស័យថាកំពុងបណ្តោយឲ្យមន្ត្រីរដ្ឋបាលជលផលក្នុងឃុំពាមបាង ស្រុកស្ទោង ធ្វើអ្វីៗតាមអំពើចិត្ត។ ប្រជានេសាទនៅក្នុងឃុំពាមបាង បានអំពាវនាវឲ្យលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មចាត់វិធានការបង្ក្រាបបទល្មើស​នេសាទក្នុងមូលដ្ឋានពួកកាត់ជាបន្ទាន់។

លោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ មិនចាត់វិធានការបង្ក្រាបបទល្មើសនេសាទ ដែលមានការកើនឡើងយ៉ាងគំហុកនៅលើផ្ទៃបឹងទន្លេសាបនៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នោះទេ។​

ប្រជានេសាទក្នុងឃុំពាមបាង បានឲ្យដឹងទៀតថា មេខ្លោងធំ​នៅពីក្រោយបទល្មើសប្រើឆ្នុកភ្លើងពណ៌បៃតងយ៉ាងរាលដាលក្នុងឃុំពាមបាង គឺមានឈ្មោះ ផល រស់នៅភូមិពៅវើយ ឃុំពាមបាង ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងជាមួយមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធ។

អ្នកនេសាទបានបញ្ជាក់ថា ការដែលមន្ត្រីរដ្ឋបាលជលផលក្នុងឃុំពាមបាង ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត​គឺមានការបើកដៃពីសំណាក់លោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ។

ពាក់ព័ន្ធបញ្ហាខាងលើនេះ គេហទំព័រឧត្តមគតិខ្មែរមិនអាចរកការបំភ្លឺបានទេពីលោកហម ហ៊ុនកាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារពុំមានលេខទូរស័ព្ទ។

គួរបញ្ជាក់ថា លោក សុខ លូ អភិបាលខេត្តកំពង់ធំ ត្រូវបានគេសង្កេតឃើញថា បន្តរក្សាភាពស្ងៀមស្ងាត់មិនព្រមចាត់វិធានការបង្ក្រាបបទល្មើសនេសាទនៅឃុំពាមបាង ស្រុកស្ទោង នោះឡើយហើយមិនខ្វល់ពីការរិះគន់អ្វីនោះដែរ៕

 

Loading...