បទល្មើសព្រៃឈើកើតឡើងក្រោមខ្សែភ្នែកមន្ត្រីជំនាញខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង÷ ព្រៃឈើដែលការពារដោយមន្ត្រីឧទ្យានុរក្ស កំពុងរងការកាប់បំផ្លាញ និងដឹកជញ្ជូនយកទៅធ្វើជំនួញតាមផ្លូវទឹក ពីឈ្មួញមួយក្រុម អាជ្ញាធរមានសមត្ថកិច្ច នៅក្នុងខេត្តស្ទឹងត្រែង គួរតែរកវិធានការរារាំងសកម្មភាពក្រុមឈ្មួញ ដើម្បីថែរក្សាធនធានធម្មជាតិ និងសម្បត្តិព្រៃឈើ ដែលនៅសេសសល់ចុងក្រោយ អោយបានគង់វង្ស។

សេចក្តីរាយការណ៍ ពីឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានអោយដឹងថា សព្វថ្ងៃនេះមានឈ្មួញឈើមួយក្រុម មកពីខេត្តក្រចេះ កំពុងបោះលុយទៅអោយកូនប្រុស បុគ្កលមន្ត្រីខិលខូច នៅក្នុងឃុំសៀមបូក បំផុសប្រជាពលរដ្ឋអោយចូលព្រៃ កាប់ឈើដឹកយកមកលក់អោយក្រុមខ្លួន ហើយក្រុមឈ្មួញបានដឹកឈើទាំងនោះ តាមទូកព្យាង្គនាំចុះទៅកាន់ ខេត្តក្រចេះ។

ជាក់ស្តែង នៅម៉ោងប្រមាណជា ១២យប់ ថ្ងៃទី៣សីហាឆ្នាំ២០២០ ឈើប្រមាណ ៧ម៉ែត្រគូបត្រីគុណ ត្រូវបានគេដឹកចេញពីព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង នាំយកមកចាក់គរនៅមាត់អូររនាម ស្ថិតក្នុងភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក។
ហើយឈ្មួញឈើ បានចងព្យាង្គឈើ ដឹកជញ្ជូនតាមទូក ចុះទៅកាន់ខេត្តក្រចេះ ដោយគ្មានការភិតភ័យពីទង្វើល្មើសច្បាប់ និងខ្លាចសមត្ថកិច្ចបង្ក្រាបឡើយ។

ប្រធានសហគមន៍ការពារព្រៃឡង់បៃតង បានថ្លែងអោយដឹងថា សកម្មភាពកាប់ និងដឹកជញ្ជូនឈើចេញពីព្រៃឡង់ កំពុងកើតមានជារៀងរាល់ថ្ងៃ ដឹកជញ្ជូនតាមគោយន្តកន្ត្រៃ ឆ្លងកាត់តាមមុខស្នាក់ការបរិស្ថាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមបូក ហើយមន្ត្រីដែលមានតួនាទីបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងមូលដ្ឋាន អាចទំនងនឹងទទួលបានលាភពីក្រុមដឹកឈើទាំងនោះ ទើបគ្មានការបង្ក្រាបបែបនេះ ។

លោកប្រធានសមហគន៍ បានបញ្ជាក់ថា អ្នករត់ការទូកព្យាង្គឈើ ចេញពីអូររនាម ស្ថិតក្នុងឃុំសៀមបូក នាំឆ្ពោះទៅកាន់ខេត្តក្រចេះ គឺត្រូវគេស្គាល់ ឈ្មោះ ដន។

លោកបញ្ជាក់ទៀតថា បើអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនប្រញាប់ចាត់វិធាន ការបង្ក្រាបនោះទេ នោះព្រៃឈើដែលនៅសេសសល់ចុងក្រោយនេះ នឹងរងការវិនាសហិនហិចអស់ ជាក់ជាមិនខានឡើយ៕

Loading...