បទល្មើសព្រៃឈើកំពុងកើតមាននៅតំបន់ទំនប់វារីអគ្គិសនី

ខេត្តកោះកុង ៖បទល្មើសព្រៃឈើកំពុងកើតមាននៅក្នុងតំបន់ទំនប់វារីអគ្គិសនីឫស្សីជ្រំក្រោម ក្នុងខេត្តកោះកុង ដែលជាតំបន់ពោរពេញដោយព្រៃធម្មជាតិ និងឈើប្រណិត។ ចំណែកអាជ្ញាធរខេត្តអះអាងថា មិនទាន់ដឹងរឿងនេះនៅឡើយទេ និងថានឹងចុះពិនិត្យមើលនៅទីតាំងនោះ។

បទល្មើសព្រៃឈើកំពុងបង្កការបារម្ភដល់ក្រុមហ៊ុនទំនប់វារីអគ្គិសនីឫស្សីជ្រំក្រោម ដែលនឹងប៉ះពាល់ដល់ដំណើរការផលិតអគ្គិសនីរបស់ក្រុមហ៊ុនមួយនេះ។ វារីអគ្គិសនី កំពុងដំណើរការតាមផែនការសកម្មភាព ក្នុងគោលដៅផ្គត់ផ្គង់ភ្លើងនៅតាមបណ្ដាខេត្តមួយចំនួន និងរាជធានីភ្នំពេញ។

អគ្គនាយករងក្រុមហ៊ុនទំនប់វារីអគ្គិសនីឫស្សីជ្រំក្រោម លោក ហ៊ី យ៉ៅហ្វេង (He Yao Feng) ឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃទី២២ ខែសីហា ថា សព្វថ្ងៃនេះជនល្មើសព្រៃឈើកំពុងចូលកាប់ឈើតំបន់វារីអគ្គិសនី ប៉ុន្តែលោកមិនដឹងថា អ្នកកាប់ឈើទាំងនោះជាអ្នកណានោះទេ។ លោកបន្តថា ការព្រួយបារម្ភរបស់ក្រុមហ៊ុននេះ គឺខ្លាចអស់ព្រៃ ពុំមានទឹកភ្លៀង ធ្វើឲ្យប៉ះពាល់ដល់ដំណើរការវារីអគ្គិសនី៖ «ខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់ ព្រោះក្រុមហ៊ុនវារីអគ្គិសនីជាក្រុមហ៊ុនអភិវឌ្ឍន៍ គឺគ្មានសិទ្ធិណាមួយទៅហាមឃាត់ការកាប់បំផ្លាញព្រៃឈើបានទេ»។

ទីតាំងទំនប់វារីអគ្គិសនីឫស្សីជ្រំក្រោម ដែលស្ថិតក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាជំរំព្រៃយ៉ាងក្រាស់សម្បូរដោយឈើប្រណិត និងជាជម្រករបស់សត្វដំរី និងសត្វដទៃទៀត។ ឈើតំបន់នេះរងការកាប់បំផ្លាញយ៉ាងខ្លាំងកាលពីឆ្នាំ២០១០ ក្នុងការបើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី និងសម្អាតបាតអាងសម្រាប់ស្តុកទឹក។ តំបន់ទំនប់នោះនៅតាមច្រកចូលនីមួយៗមានកងកម្លាំងទាហានប្រដាប់ដោយអាវុធនៅឈរយាមផ្លូវ។

ទាក់ទងករណីនេះ មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អ៊ិន គង់ជិត ឲ្យដឹងថា អ្នកដែលកាប់ឈើតំបន់នេះបាន គឺជាមនុស្សមានអំណាច ឬក៏ជាមន្ត្រីមានសមត្ថកិច្ចនៅទីនោះតែម្តង។ មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើឲ្យអាជ្ញាធរថ្នាក់លើ ពេលចុះអន្តរាគមន៍ម្តងៗ មិនបាច់ផ្តល់ដំណឹងទៅមន្ត្រីទីនោះឲ្យដឹងមុននោះទេ៖ «វិធានការមានតែថ្នាក់អគ្គនាយករដ្ឋបាលព្រៃឈើ ឬក្រសួងកសិកម្ម ចុះធ្វើអធិការកិច្ចកុំឲ្យថ្នាក់ក្រោមដឹង»។

កម្មករធ្វើការនៅការដ្ឋានទំនប់វារីអគ្គិសនីឫស្សីជ្រំក្រោម ថ្លែងសុំមិនបញ្ចេញឈ្មោះថា សកម្មភាពកាប់ឈើនៅតំបន់នេះមានដឹកចេញទាំងឡានៗធំៗស្ទើររាល់ថ្ងៃ ទាំងពេលថ្ងៃ និងពេលយប់ ខណៈដែលផ្លូវចេញចូលការដ្ឋាន មានទាហានយាមគ្រប់ច្រក។ កាលពីឆ្នាំ២០១២ លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ត្រូវគេបាញ់សម្លាប់ បន្ទាប់ពីចូលថតគំនរឈើដែលជារបស់ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) ដែលទទួលបានសិទ្ធិពីរដ្ឋាភិបាលក្នុងការស្ដារបាតអាង ដើម្បីធ្វើវារីអគ្គិសនីក្នុងស្រុកថ្មបាំង។

អភិបាលខេត្តកោះកុង លោក ប៊ុន លើត ថាលោកមិនទាន់បានដឹងពីករណីបទល្មើសព្រៃឈើនៅតំបន់នេះនៅឡើយទេ។ លោកអភិបាលខេត្តបន្តទៀតថា ជំហានដំបូង អាជ្ញាធរខេត្តនឹងត្រួតពិនិត្យជាមុន បន្ទាប់មកទៀតទើបអន្តរាគមន៍បន្ត៖ «បទល្មើសព្រៃឈើរដ្ឋាភិបាលឲ្យបង្ក្រាប ចំពោះរឿងកាប់ឈើនៅតំបន់វារីអគ្គិសនី យើងនឹងចុះត្រួតពិនិត្យ»។
មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អ៊ិន គង់ជិត ថាតំបន់នេះក្រៅពីមានកម្លាំងរបស់ក្រុមហ៊ុនទំនប់វារីអគ្គិសនី ក៏មានកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសនៅយាមកាមដែរ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *