បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃស្រែពក​ស្ថិតក្រោមការគ្រប់គ្រងរបស់លោកព្រំ សុវណ្ណា កំពុងធ្វើដំណើរឆ្ពោះទៅរកមហន្តរាយក្នុងពេលឆាប់ៗ

បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃស្រែពក​ស្ថិតក្រោមការគ្រប់គ្រងរបស់លោកព្រំ សុវណ្ណា កំពុងធ្វើដំណើរឆ្ពោះទៅរកមហន្តរាយក្នុងពេលឆាប់ៗ ប្រសិនបើក្រសួងបរិស្ថាននៅតែផ្តេកផ្តួលបិទភ្នែកឲ្យ​បន្តមានបទល្មើសទៀតនោះ ។ សព្វថ្ងៃសកម្មភាពកាប់បំផ្លាញព្រៃឈើ​នៅតំបនស្រែពក បាននិងកំពុងកើតមានយ៉ាងគគ្រឹកគគ្រេង​ ក្រោមក្រសែភ្នែកពុករលួយធ្វើមានបានរបស់លោកព្រំ សុវណ្ណា នាយកដែនជម្រកសត្វព្រៃស្រែពក ។

បញ្ហាលោកព្រំ សុវណ្ណាមិនធ្វើការ ដេកចាំយកតែលុយពីបទល្មើសព្រៃឈើ​នៅ​ដែនសមត្ថកិច្ចរបស់ខ្លួននោះ មិនមែនថ្នាក់ដឹកនាំក្រសួងបរិស្ថានមិនដឹងនោះទេ ប៉ុន្តែ​ទំនងជាខ្នងបង្អែកនៃអំពើពុករលួយនោះធំ ហើយក្រាស់ ទើបបុគ្គលម្នាក់នេះអាចនៅកាន់តំណែងបានយូរយ៉ាងនេះ ។ បទល្មើសនៃការដឹកជញ្ជូនឈើចេញពីតំបន់ស្រែពក សុទ្ធតែត្រូវបង់ប្រាក់ឲ្យលោកព្រំ សុវណ្ណា ។ រថយន្តកែច្នៃមួយយប់ៗរាប់សិបគ្រឿង​ធ្វើសកម្មភាពដូចកណ្តៀរដឹកឈើ​ចេញពីតំបន់​ស្រែពក ។ និយាយឲ្យខ្លីទៅបើគ្មានការអនុញ្ញាតពីលោក​ព្រំ សុវណ្ណា ទេនោះ ឈើទាំងនោះពិតជាមិនអាចដឹកចេញបានឡើយ ។

គេរាយការណ៍ថា បើទោះជាយ៉ាងណាក៏ដោយ លោកព្រំ សុវណ្ណា ធ្វើមិនដឹង មិនឮយ៉ាងស្ងៀមស្ងាត់ ។ ប៉ុន្តែ​ពួកឈ្មួញ​ចាំបាច់ត្រូវតែបង់ប្រាក់ឲ្យលោក បើមិនដូច្នោះទេ មិនអាចដឹកឈើ​ចេញពីដែនសមត្ថកិច្ចលោកព្រំ សុវណ្ណា បានឡើយ។ ក្រុមមន្ត្រីនៅខេត្តមណ្ឌលគិរី ឆ្ងល់ថា តើលោកព្រំ សុវណ្ណា ដែលជាមន្ត្រីអសកម្ម​ដេកចាំយកតែលុយពីបទល្មើសព្រៃឈើ​នោះអាងខ្នងនរណា បានជា​បន្តសោយសុខពុករលួយ​យ៉ាងសុខស្រួលដូច្នេះ។ សម្រាប់អ្នកដែលធ្វើការងារវិញ ត្រូវបានថ្នាក់ដឹកនាំខេត្តដកចេញ ដកចូល តាមអំពើចិត្ត ។ មនុស្សអសកម្មហើយពុករលួយ តួយ៉ាងដូចជាបុរសឈ្មោះព្រំ សុវណ្ណា នេះគួរតែថ្នាក់ដឹកនាំក្រសួងបរិស្ថានពិនិត្យលទ្ធភាពដកចេញ ដើម្បីកុំឲ្យខូចឈ្មោះក្រសួងតទៅទៀត ។ បើមិនជឿទេ គួរតែថ្នាក់ដឹកនាំក្រសួង​នាំគ្នាទៅមើលស្ថានភាពព្រៃឈើ​នៅតំបន់​ស្រែពកនោះមើល៍ ។

ប៉ុន្មានថ្ងៃជាប់គ្នានេះ សកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ជម្រកសត្វព្រៃស្រែពក កំពុងកើតមានយ៉ាងគគ្រឹកគគ្រេង ។ លោក ព្រំ សុវណ្ណា នាយកដែនជម្រកសត្វព្រៃស្រែពកកំពុងកាកកបយ៉ាងសម្បើម ឈ្មួញឈើដែលកំពុងធ្វើសកម្មភាពនៅតំបន់នោះ ដឹកនាំដោយមេការឈ្មោះ ក្របី ។

សកម្មភាពដឹកជញ្ជូនឈើតាមរថយន្តកែច្នៃទៅទៅប្រទេសវៀតណាមបានកើតឡើងជារៀងរាល់យប់ ដែលមានមេការឈ្មោះក្របី និងមន្ត្រីនគរបាលថ្នាក់ខ្ពស់ម្នាក់ឈ្មោះ ដា ។ នាយកដ្ឋានជម្រកសត្វព្រៃស្រែពក លោក ព្រំ សុវណ្ណា កំពុងផ្អែមមាត់យ៉ាងសម្បើម ។ គេមិនដឹងថា តើក្រសួងបរិស្ថាន បានដឹងដែរឬយ៉ាងណានោះទេ ។ មួយរយៈចុងក្រោយនេះ សកម្មភាពដឹកឈើចេញពីតំបន់ស្រែពកក្រោមដែនសមត្ថកិច្ចនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី តាមរថយន្តកែច្នៃមានរាប់រយគ្រឿង ។

សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើនៅតំបន់ស្រែពកក្លាយទៅជាប្រព័ន្ធនៃការឃុបឃិតគ្នារវាងនាយកដ្ឋានជម្រកសត្វព្រៃស្រែពក នឹងប្រធានមន្ទីរបរិស្ថាន ដូច្នេះ ក្រសួងបរិស្ថានត្រូវបើកការស៊ើបអង្កេតជាបន្ទាន់​ពីបញ្ហាវិនាសសកម្មព្រៃឈើនៅតំបន់ដែនជម្រកសត្វស្រែពក ។ បើមិនដូច្នោះទេ ព្រៃឈើនៅតំបន់នេះនឹងត្រូវរលាយខ្ទេចខ្ទីក្រោមស្នាដៃលោកព្រំ សុវណ្ណា និងប្រធានមន្ទីរបរិស្ថាន ៕

Loading...