បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​

ខេត្តមណ្ឌលគិរី៖ ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ព្រោះ​ការបង្ក្រាប​របស់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ​។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ សមត្ថកិច្ច​ស្រុក​កែវ​សីមា បាន​ឃាត់​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​មួយគ្រឿង​នៅ​ចំណុច​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ហើយ​មួយស្របក់​ក្រោយមក​ក៏​ដោះលែង​វិញ ក្រោយពេល​ដឹងថា​ជា​ឈើ​របស់​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ពាក់​ផ្កាយ​២​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ​ទាំង​ស្រុកលើ​សមត្ថកិច្ច​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ព្រោះ​ពួកគេ​មិន​ហ៊ាន​ប៉ះពាល់​មន្ត្រី​ប្រដាប់អាវុធ​ជាន់ខ្ពស់​ដែលជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះទេ​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា រថយន្ត​ដឹកឈើ​ដែល​សមត្ថកិច្ច​បង្ក្រាប​កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ នោះ​គឺជា​របស់​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឈ្មោះ ធឿន ពាក់​ផ្កាយ​២ ហេតុនេះហើយ​ទើប​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី អន្តរាគមន៍​ឲ្យ​បានការ​ដោះលែង​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​មន្ត្រី​អាវុធហត្ថ​ពាក់​ផ្កាយ​២ ឈ្មោះ ធឿន បាន​ក្លាយជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន ហើយ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ​។ ជាក់ស្ដែង​សមត្ថកិច្ច​ក្នុងស្រុក​កែវ​សីមា ជា​អ្នក​ឃាត់​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​របស់​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ពាក់​ផ្កាយ​២ ឈ្មោះ ធឿន ប៉ុន្តែ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី លោក អ៊ុំ វណ្ណ​សុភ​គ៌ បែរជា​អន្តរាគមន៍​ឲ្យ​មានការ​ដោះលែង​យ៉ាង​ស្រួលៗ​។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្ត​នេះ មាន​ទាំង​មន្ត្រី​អាវុធហត្ថ មន្ត្រី​យោធា និង​មន្ត្រីនគរបាល​ជាដើម ហើយ​ឈ្មួញ​ទាំងនោះ​តែង​គេច​ផុតពី​ការបង្ក្រាប​។ ផ្ទុយទៅវិញ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​តែ​ពលរដ្ឋ​ដែល​ដឹកអុស ឬ​ដឹកឈើ​គ្រឿងផ្ទះ​បន្តិចបន្តួច​ប៉ុណ្ណោះ​ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​យ៉ាង​ក្រអឺតក្រទម​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​ព្រោះ​ឈ្មួញ​ធំៗ​នៅតែ​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​វាយតម្លៃថា ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ខេត្តមណ្ឌលគិរី ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​ឡើយ ព្រោះ​ឈ្មួញ​ធំៗ​នៅតែ​បន្តសកម្មភាព​បំផ្លាញ​ព្រៃឈើ​យ៉ាង​គឃ្លើន​៕

Loading...