បន្ថែមពីលើអ៊ីតាលី, អាល្លឺម៉ង់, អេស្ប៉ាញ, បារាំង និងអាមេរិក, កម្ពុជា​សម្រេចផ្អាកជនបរទេសពីអ៊ីរ៉ង់​ ៖ ក្រសួងសុខាភិបាល

ភ្នំពេញ៖ បន្ថែមលើប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជា សម្រេចផ្អាកជនបរទេសដែលមកពីប្រទេសអ៊ីរ៉ង់បន្ថែមទៀត មិនឲ្យចូលមកក្នុងប្រទេស។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។

សេចក្តីប្រកាសបានអោយដឹងថា ការផ្អាកជនបរទេសដែលមកពីប្រទេសអ៊ីរ៉ង់ ចូលប្រទេសកម្ពុជានេះ មានរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០តទៅ ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃវីរុស Covid-19។

ការប្រកាសផ្អាកបន្ថែមនេះធ្វើឡើង បន្ទាប់ពីក្នុងពេលថ្មីៗនេះកម្ពុជា បានរកឃើញជាបន្តបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេស មានសញ្ជាតិផ្សេងៗ ដែលតម្រូវឲ្យមានវិធានការការពារទប់ស្កាត់បន្ទាន់នូវ ការចម្លងនាំចូលវីរុសនេះ មកក្នុងប្រទេសកម្ពុជា។ រាប់បន្ថែមអ៊ីរ៉ង់មួយទៀត សរុប កម្ពុជាបានផ្អាកជនបរទេសមកពីប្រទេសចំនួន៦ហើយ។

សូមបញ្ជាក់ថា អ៊ីរ៉ង់គឺជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតលេខ ២ បន្ទាប់ពីប្រទេសអ៊ីតាលីនាពេលបច្ចុប្បន្ន ខណៈតួលេខនៃអ្នកឆ្លង និងស្លាប់ដោយសារតែវីរុស COVID-19 បាននិងកំពុងកើនឡើងជាលំដាប់។

គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៧ករណី ដោយក្នុងនោះមាន បុរសជនជាតិចិន មកពីទីក្រុងវូហាន បានជាសះស្បើយត្រឡប់ទៅប្រទេសខ្លួនវិញហើយ ទី២ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប ៣នាក់ទៀតគឺ ស្រ្តីជនជាតិអង់គ្លេសវ័យ៦៥ឆ្នាំ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ ទាំងបីនាក់នេះ ជាអ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ទី៦ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ និងទី៧ គឺបុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ៕

Loading...