បាក់ដីភ្នំសង្កត់កម្មករស៊ីឈ្នួលថៅកែ ឈុន ឆាង២នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តប៉ៃលិន៖ កម្មករស៊ីឈ្នួល២នាក់ឲ្យថៅកែ ឈុន ឆាងត្រូវដីភ្នំបាក់សង្កត់ស្លាប់យ៉ាងអាណោចអាធ័មខណៈកំពុងបំពេញការងារកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវក្រវ៉ាត់ក្រុង ក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរតាវ៉ៅ លោក គង់ សំណាង បានឲ្យដឹងថា កម្មករស៊ីឈ្នួលជីកកកាយដីភ្នំខាងលើ មានឈ្មោះ ឈីវ ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកបើកបរគ្រឿងចក្រអេស្កាវ៉ាទ័រ និងម្នាក់ទៀតឈ្មោះ អ៊ួក ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នកបើកបររថយន្តដឹកដី និងមានថៅកែឈ្មោះ ឈុន ឆាង ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ហើយមូលហេតុដែលនាំឲ្យបាក់ផ្ទាំងថ្មភ្នំសង្កត់ទៅលើកម្មករស្លាប់នេះ ដោយសារតែការជីកកកាយដីខុសបច្ចេកទេស ព្រោះពួកគេជីកតែផ្នែកខាងក្រោម ដឹកតាមរថយន្ត យូរៗទៅទើបបណ្តាលឲ្យផ្ទាំងថ្មដែលនៅខាងលើស្រុតបាក់ធ្លាក់មួយផ្ទាំងធំ សង្កត់លើគ្រឿងចក្រ និងកម្មករស្លាប់ទាំង២នាក់តែម្តង។

លោកបានបញ្ជាក់ថា ក្រោយពេលកើតហេតុនគរបាលជំនាញ បានចុះទៅត្រួតពិនិត្យ និងបានយកគ្រឿងចក្រផ្សេងទៅជីកកកាយយកជនរងគ្រោះម្នាក់ ចំណែកម្នាក់ទៀត នៅព្រឹក ថ្ងៃទី២៧ នេះ ទើបរកឃើញ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ម៉ៅ វឿន អនុប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានថ្លែងថា ការជីកកកាយរំលាយដីកូនភ្នំខាងលើ ដើម្បីធ្វើជាកន្លែងសាងសង់សាលាក្រុងប៉ៃលិន ខាងអាជ្ញាធរ មិនធ្លាប់បានជួបពិភាក្សាជាមួយខាងជំនាញនៃមន្ទីរបរិស្ថានឡើយ ពោលគឺធ្វើតាមតែចិត្តនឹកឃើញ។ ដូច្នេះដោយសារកម្មករទាំងនោះ ជីកកកាយដោយអត់មានអ្នកពន្យល់ប្រាប់ពីបច្ចេកទេស ដោយជីកតែជើងក្រោម ទើបបណ្តាលឲ្យបាក់ថ្មភ្នំសង្កត់ស្លាប់បែបនេះ។

សូមបញ្ជាក់ថា កាលពីប៉ុន្មានខែមុន នៅឯខេត្តបន្ទាយមានជ័យ ធ្លាប់មានករណីបាក់ថ្មភ្នំធ្លាក់សង្កត់ស្លាប់កម្មករម្តងរួចហើយ តែអាជ្ញាធរស្ពឺកស្រពន់ខ្លាំងពេក ងាប់ត្រគាកកម្រើកមិនរួច  ។

ករណីនេះ គេមិនទាន់ដឹងថា តើថៅកែឈុន ឆាង ចេញមុខទទួលសងសំណងយ៉ាងណាចំពោះក្រុមគ្រួសាររងគ្រោះនោះឡើយ ៕

2x yu

Loading...