បាក់រលំអគារ​កំពុងសង់ថ្មី កម្ពស់​៧ជាន់ នៅក្រុងព្រះសីហនុ សង្កត់កម្មករស្លាប់ និងរបួសជាច្រើននាក់

ព្រះសីហនុ-(ដំណឹងបឋម) អគារកំពុងសង់ថ្មីមួយកន្លែង​ កម្ពស់៧ជាន់ នៅជិតកន្លែងលាងរថយន្តអារុណរះ ស្ថិតក្នុងវិថី៧មករា ផ្លូវលេខ២០០ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបាក់រលំនៅវេលាម៉ោង៤និង៣០នាទី ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ។

បើ​តាម​សេចក្តី​រាយការណ៍​ កន្លែងលាងរថយន្តអារុណរះ និងផ្ទះពលរដ្ឋម្ខាងទៀតដែលនៅជាប់នោះ ក៏ទទួលរងផលប៉ះពាល់ និងរងការខូចខាតរថយន្ត​ និងទ្រព្យសម្បត្តិមួយចំនួនពីការបាក់រលំអាគារនេះផងដែរ។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះត្រូវបានជួយសង្រ្គោះឲ្យរួចជីវិត ហើយចំពោះព័ត៌មានបឋម បានអោយដឹងថា បានរកឃើញអ្នកស្លាប់ចំនួន៣នាក់​ និង​របួស​១៣នាក់ ក្នុង​ចំណោម​កម្មករ​ធ្វើការនៅក្នុងការដ្ឋាននេះ មានប្រមាណជា១០០នាក់។

សេចក្តីរាយការណ៍បន្តថា មានមនុស្សមួយចំនួនភាគច្រើនជាកម្មករបានជាប់ក្នុងគំនរអាគាររលំបាក់នេះ ប៉ុន្តែភ្លាមៗមិនទាន់ដឹងពីចំនួនពិតប្រាកដ ឬមានអ្នកស្លាប់ និងរបួសប៉ុន្មាននាក់ឡើយ។

ករណីនេះ សមត្ថកិច្ច និងក្រុមសង្គ្រោះកំពុងអន្តរាគមន៍ជួយជនរងគ្រោះ ដែលជាប់ក្នុងគំនរបាក់បែកនោះ៕

Loading...