បាក់​លូ​មេ​ក្រោម​ស្ពាន​គី​ហ្សូ​ណា​ធ្វើ​ឲ្យ​ស្រុត​ថ្នល់​ នគរបាល​ដាក់​បា​រ៉ា​ស់​ឃាត់​រថយន្ត​ធំៗ​

​ខេត្តកំពង់ចាម៖​ ផ្លូវថ្នល់​ខាងត្បូង​ស្ពាន​គី​ហ្សូ​ណា ​ត្រើយ​ខាងលិច​ទន្លេមេគង្គ ដែល​មាន​ចម្ងាយ​ប្រហែល​២០​ម៉ែត្រ​ ពី​ស្ពាន​បាន​បាក់​ស្រុត​ធ្វើ​ឲ្យ​ស្ទះចរាចរណ៍​ ហើយ​អ្នកដំណើរ​ត្រូវ​វាង​ផ្លូវ​ ក្នុង​ខណៈ​ដែល​កម្លាំង​នគរបាល​ចរាចរណ៍ ខេត្តកំពង់ចាម​ រួម​ជាមួយ​អាជ្ញាធរ​ក្រុង​បាន​យក​បា​រ៉ា​ស់​ឃាំង​ផ្លូវ​ដើម្បី​បង្ការ​គ្រោះថ្នាក់​ផ្សេងៗ​។​

​លោក​សំ​ ផាត់​ អធិការ​នគរបាល​ក្រុង​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា​ ភាព​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​តាំងពី​រសៀល​ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​២០១៥​ ដែល​គេ​ឃើញ​មាន​បា​កក់​ស្រុត​ផ្លូវ​មួយ​កន្លែង​ក្រោម​ស្ពាន​គី​ហ្សូ​ណា​ ចម្ងាយ​ប្រហែល​២០​ម៉ែត្រ​ខាងត្បូង​ស្ពាន​ ស្ថិត​នៅ​ភូមិ​ទី​៣​ សង្កាត់​វាលវង់​ ក្រុង​កំពង់ចាម​ ខេត្តកំពង់ចាម​។​

​លោក​ឧត្តមសេនីយ៍ត្រី​បែន​ រ័​ត្ន​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​បាន​មាន​ប្រសាសន៍​ថា​ កន្លែង​ដែល​ស្រុត​នេះ​ជា​លូ​មេ​បង្ហូរទឹក​ចេញ​ព​ក្រុង​កំពង់ចាម​ទៅ​ទន្លេ​ ជា​លូ​ចាស់​ កសាង​យូរ​ឆ្នាំ​មក​ហើយ​ នៅ​ពេល​ថ្មីៗ​នេះ​ អាជ្ញាធរ​ខេត្ត​បាន​មាន​គម្រោង​រៀបចំ​ផ្លាស់​ប្តូរ​លូ​ចាស់​ដែល​មាន​សភាព​ពុក​ផុយ​ទៅ​ហើយ​ដាក់​លូ​ថ្មី​ជំនួស​វិញ​ តែ​មិន​ទាន់​បាន​ផ្លាស់​ប្តូរ​ផង​ ស្រាប់តែ​លូ​នេះ​បាក់​ ធ្វើ​ឲ្យ​ផ្លូវថ្នល់​ត្រូវ​ស្រុត​ដែល​បង្ក​គ្រោះថ្នាក់​សម្រាប់​យានយន្ត​ទាំងឡាយ​។​
​ចំណាត់ការ​បន្ទាន់​ លោកស្នងការ​បាន​ឲ្យ​កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត​ និង​ក្រុង​កំពង់ចាម​ដាក់​បា​រ៉ា​ស់​ ហាមឃាត់​ការ​ធ្វើ​ចរាចរណ៍​ដោយ​រថយន្ត​ធំ​ អាច​សម្រួលការ​ធ្វើ​ចរាចរ​ដោយ​ទោចក្រយានយន្ត​ និង​រថយន្ត​ តួចៗ​ស្រាលៗ​តែ​ប៉ុណ្ណោះ​ ។​

​នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែមករា​ ឆ្នាំ​២០១៥​ គេ​ឃើញ​កម្មករ​ជំនាញ​របស់​មន្ទីរ​សាធារណការ​ខេត្តកំពង់ចាម​យក​ម៉ាស៊ីន​អារកាត់​ថ្នល់​ម្តុំ​ផ្លូវ​ស្រុត​ដើម្បី​សិក្សា​រក​ដំណោះស្រាយ​ ៕​ សុ​.​ភ័​ណ្ឌ​

IMG-20150105-WA0019

IMG-20150105-WA0020

IMG-20150105-WA0022

IMG-20150105-WA0021

IMG-20150105-WA0024

Loading...

Leave a Reply

Your email address will not be published. Required fields are marked *