បាញ់ប្រហារជនជាតិចិនម្នាក់បណ្ដាលឲ្យស្លាប់កណ្តាលក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ខ្មាន់កាំភ្លើងដែលសង្ស័យថា ជាជនជាតិចិន បានធ្វើសកម្មភាពបាញ់ប្រហារបុរសជនជាតិចិនម្នាក់ដូចគ្នា បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម និងរបួសធ្ងន់ម្នាក់ នាវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ នៅក្នុងមុខកាស៉ីណូ ជីយវនីសិន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា ក្រោយកើតហេតុ លោកបានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌភ្លាមៗ ពិសេសកម្លាំងអន្ដរាគមន៍ពិសេស សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីឡោមព័ទ្ធទីតាំងកើតហេតុ និងស្រាវជ្រាវតាមចាប់ជនបង្ក។

ជនរងគ្រោះជាជនជាតិចិន ជិះរថយន្ដមួយគ្រឿង ម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2AL-9459។

បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ខ្មាន់កាំភ្លើងដែលធ្វើសកម្មភាពបានជិះរថយន្ដមួយ ហើយស្រាប់តែយកទៅផ្លុងរថយន្ដនោះចោលនៅជិតផ្សារដំរី៥ ហើយចុះរត់គេចខ្លួនតែម្ដង ក្រោយដឹងថាកម្លាំងជំនាញកំពុងតាមចាប់ខ្លួន។ ខ្មាន់កាំភ្លើងជិះរថយន្ដម៉ាក Ford Ranger Rapter ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BI-1413។

យ៉ាងណាមិញ លោកឧត្តមសេនីយ៍ស្នងការ បានអះអាងថា កម្លាំងជំនាញកំពុងតាមប្រមាញ់ខ្មាន់កាំភ្លើងយ៉ាងយកចិត្ដទុកដាក់ ដើម្បីចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់។

ទោះបីជាយ៉ាងណា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មិនទាន់អាចបញ្ជាក់ថា ដើមចមដែលនាំឲ្យមានអំពើបាញ់ប្រហារទាំងព្រឹកព្រលឹមនេះ បណ្ដាលមកពីមូលហេតុអ្វីនោះឡើយទេ៕

Loading...