បាតុកម្មនៅទីក្រុងប៊ែកឡាំង ចាប់ខ្លួន១៩០នាក់

ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា បានផ្សាយថា ក្រសួងមហាផ្ទៃរបស់ប្រទេសមួយនេះបានសម្រេចហាមឃាត់ការជួបជុំធ្វើបាតុកម្មរបស់បាតុករដែលនៅជិតច្រកទ្វារ Brandenburg ហើយថា កងកម្លាំងប៉ូលីសប្រហែល២០០០នាក់បាននិងកំពុងអនុវត្តភារកិច្ចមួយនេះ ។

លើបណ្ដាញព័ត៌មានរបស់ខ្លួន ប៉ូលីសអាល្លឺម៉ង់បានសរសេរថា នៅវេលាម៉ោង១៤ ថ្ងៃទី១៨ ខែវិច្ឆិកា ពេលវេលានៅក្នុងតំបន់ ប៉ូលីសបានចាប់ឃុំខ្លួនក្រុមបាតុករប្រមាណ១៩០នាក់ ហើយក្នុងចំណោមពួកគេទាំងនោះពីរនាក់ ត្រូវប្រឈមមុខនឹងតុលាការកាត់ទោសថែមទៀតផង។

ចាប់តាំងពីព្រឹកព្រលឹមស្រាងៗ ក្រុមបាតុករបានជួបជុំប្រមូលផ្ដុំគ្នានៅជិតក្លោងទ្វារសភា Brandenburg នាំគ្នាប្រឆាំងតវ៉ាចំពោះច្បាប់មួយដែលអនុម័តឲ្យរឹតបន្តឹងទៅលើពលរដ្ឋដើម្បីទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ-១៩។ កងកំលាំងប៉ូលីសបានឈានដល់ប្រើរថយន្តបាញ់ទឹកដើម្បីបំបែកក្រុមបាតុករទាំងនោះរហូតបានជោគជ័យ។ មនុស្ស ៩ នាក់បានរងរបួសផងដែរ ។ នេះបើតាមការផ្សាយរបស់ប្រភពព័ត៌មាន Sputnik ។

ក្រុមបាតុករទាំងនោះមិនគាំទ្រចំពោះច្បាប់ថ្មីនេះឡើយ ហើយបានព្យាយាមចូលទៅកាន់អគាររដ្ឋសភា ទីដែលលោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel នឹងឡើងថ្លែងសុន្ទរកថានៅថ្ងៃពុធនេះ។

ប៉ូលីសអាល្លឺម៉ង់បានចាត់វិធានការយ៉ាងមានប្រសិទ្ធភាព ដោយបានបិទផ្លូវច្រកចេញចូលសំខាន់ៗស្ទើរតែទាំងអស់នៅក្នុងទីក្រុង ជាពិសេសផ្លូវរថភ្លើងក្រោមដី ចំណុចស្ថានីយ Brandenburger To តែម្ដង មិនឱ្យបាតុករអាចទៅជួបជុំគ្នាបានឡើយ ។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ មានករណីឆ្លងកូវីដ-១៩ សរុប ៨១៥ ៧៤៤នាក់ ហើយនៅក្នុងចំណោមទាំងនោះ អ្នកជំងឺចំនួន ១២ ៨១៤នាក់បានបាត់បង់ជីវិត ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ អាល្លឺម៉ង់បានរកឃើញអ្នកឆ្លងជំងឺរាតត្បាតថ្មី ១៤ ៤១៩នាក់។

ប្រទេសអាល្លឺម៉ង់បានបិទទ្វារកន្លែងកំសាន្តសាធារណៈ ហាងបារ ភោជនីយដ្ឋានជាដើម ដើម្បីទប់ស្កាត់ការជួបជុំ ឬការប្រាស្រ័យទាក់ទងគ្នារបស់ប្រជាពលរដ្ឋ។ មេដឹកនាំរបស់ប្រទេសនេះ ជំរុញឲ្យពលរដ្ឋរបស់ខ្លួនស្នាក់នៅតែក្នុងផ្ទះ ក្នុងករណីមិនចាំបាច់ គឺកុំចេញក្រៅ ដើម្បីការពារពីជំងឺឆ្លងកូវីដ-១៩ និងដើម្បីធ្វើឲ្យជំងឺនេះចុះថយ។ ប៉ុន្តែយ៉ាងណាក៏ដោយ ពលរដ្ឋអាល្លឺម៉ង់មួយចំនួនមិនចង់អនុវត្តតាមនោះទេ ហើយនាំគ្នាធ្វើបាតុកម្មប្រឆាំងតែម្តង៕

Loading...