បាតុកម្មនៅរុស្ស៊ីរំឮកថ្ងៃដែលមេបក្សប្រឆាំងត្រូវឃាតកបាញ់ប្រហារ

មនុស្សរាប់ពាន់នាក់បាននាំគ្នាដង្ហែក្បួន​នៅក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ដើម្បីបាតុកម្មរំឭកដល់មេដឹកនាំប្រឆាំង Boris Nemtsov របស់រុស្ស៊ីដែលត្រូវឃាតកសម្លាប់នៅខាងក្រោយទីក្រុងក្រឹមឡាំងកាលពីឆ្នាំ២០១៥ ។

មេដឹកនាំប្រឆាំង Nemtsov ជាបុគ្គលកែទម្រង់ប្រជាធិបតេយ្យមួយរូប ជាអតីតឧបនាយករដ្ឋមន្ត្រី និងជាអ្នកដែលហ៊ានរិះគន់មិនសំចៃមាត់ទៅលើប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន ។

ក្រុមបាតុករខ្លាះបានស្រែកពាក្យស្លោកថា រុស្ស៊ីនឹងមានសេរីភាព និងថា លោកពុទីន ជាមនុស្សចូលចិត្តសង្គ្រាម ។

ពាក់ព័ន្ធការបាញ់សម្លាប់ មេដឹកនាំប្រឆាំងនៅរុស្ស៊ីខាងលើនេះ សមត្ថកិច្ចបានចាប់ខ្លួនមនុស្ស៥នាក់ ។ ប៉ុន្តែបើតាមសាច់ញាតិរបស់លោក Boris Nemtsov បញ្ជាក់ថា ពួកគាត់គ្មានសង្ឃឹមថា មេក្លោងនៅពីក្រោយអំពើឃាតកម្មនេះ ត្រូវបានវែកមុខនោះឡើយ ។

ដោយឡែកកាលពីថ្ងៃទី២៦ ខែកុម្ភៈ នោះផងដែរ សកម្មជនប្រឆាំងទីក្រុងក្រឹមឡាំង លោក Ildar Dadin ដែលត្រូវបានប៉ូលិសចាប់ដាក់គុក ស្ថិតក្រោមច្បាប់ថ្មីដែលគោលដៅប្រឆាំងទៅលើក្រុមបាតុកម្ម ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពពីពន្ធនាគារ Siberian ។ សាលាឧទ្ធរណ៍ប្រទេសនេះនឹងទម្លាក់ការចោទប្រកាន់នៅថ្ងៃពុធ ខាងមុខ ។

លោក Ildar Dadin បានអះអាងថា រូបលោកត្រូវបានពួកឆ្មាំគុកធ្វើទារុណកម្មអំឡុងពេលជាប់ឃុំនៅក្នុងមន្ទីរឃុំឃាំង ។ ក្រុមអាជ្ញាធរបានច្រានចោលការចោទប្រកាន់នេះ ។

មេដឹកនាំប្រឆាំង Nemtsov អាយុ៥៥ឆ្នាំ ត្រូវឃាតកបាញ់សម្លាប់ពីក្រោយខ្នង ខណៈដែលកំពុងដើរចេញពីភោជនីយដ្ឋានមួយកន្លែងសំដៅទៅកាន់លំនៅឋានរបស់ខ្លួនជាមួយនឹងមិត្តស្រីជនជាតិអុយក្រែន ជិតទីក្រុងក្រឹមឡាំងកាលពីវេលាយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ។

នៅមុនករណីបាញ់សម្លាប់កើតឡើង លោក Nemtsov បានអំពាវនាវតាមវទ្យុ Ekho Moskvy អំពាវនាវឲ្យអ្នកស្តាប់ចូលរួមធ្វើបាតុកម្មទាំងអស់គ្នា ។ លោកបានចោទប្រកាន់រដ្ឋាភិបាលលោកវ្ល៉ាឌីមៀ ពូទីន ថាជាប្រឡូកប្រឡាក់ដោយសង្គ្រាមខុសច្បាប់ជាមួយអ៊ុយក្រែន ដែលធ្វើឲ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសលោកខាងលិច ធ្វើឲ្យដុនដាបដល់សេដ្ឋកិច្ចប្រទេសរុស្ស៊ី ។

ជាមួយគ្នានេះ លោកក៏មានគម្រោងផ្សព្វផ្សាយជាសាធារណៈចំពោះការពាក់ព័ន្ធរបស់រុស្ស៊ីជាមួយប្រទេសអ៊ុយក្រែនភាគខាងកើតនោះផងដែរ ៕

 

Loading...