បាតុកររាប់ម៉ឺននាក់បាតុកម្មនៅកូរ៉េខាងត្បូងទាមទារលោកស្រីប្រធានាធិបតីចុះចេញពីតំណែង

បាតុកររាប់ម៉ឺននាក់បានកាន់ទៀនអុជធ្វើបាតុកម្មនៅកណ្តាលទីក្រុងសេអ៊ូល កូរ៉េខាងត្បូង កាលពីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ទាមទារឲ្យលោកស្រីប្រធានាធិបតី ផាក យ៉ុនហេ (Park Geun-hye) លាលែងពីតំណែង ក៏អាស្រ័យតែផ្ទុះរឿងអាស្រូវផ្ទួនៗគ្នា ។

ប៉ូលិសបានឲ្យដឹងថា បាតុករមានជាង៤០.០០០នាក់ ប្រមូលផ្តុំអុជទៀនដង្ហែក្បួនបាតុកម្ម ច្រើនជាងបាតុកម្មប្រឆាំងលោកស្រី ផាក កាលពីសប្តាហ៍មុនទ្វេដង ។ ក្រុមអ្នករៀបចំធ្វើបាតុកម្មនេះបានអះអាងថា អ្នកចូលរួមមានរហូតដល់២០០.០០០នាក់ ក្រោយតុលាការក្រុងសេអ៊ូលបានបញ្ជាដករបាំងប៉ូលិសដាក់ការពារមិនឲ្យបាតុករដង្ហែក្បួននៅតាមមហាវិថីសំខាន់ៗក្នុងរដ្ឋធានី ។

បាតុកម្មទ្រង់ទ្រាយធំរបៀបនេះមិនធ្លាប់កើតឡើងទេនៅទីក្រុងសេអ៊ូលចាប់តាំងពីឆ្នាំ២០០៨រៀងរហូតមក ដែលកាលណោះមានបាតុកម្មទ្រង់ទ្រាយធំម្តងប្រឆាំងការនាំសាច់គោចូលពីអាមេរិក ។ មានការអាណិតអាសូរតិចតួចទៅលើលោកស្រី ផាក ខណៈដែលថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃទី៤ ខែវិច្ឆិកា ដែលបានអាណិតខ្លួនឯង ដោយសារតែភាពឯកោ និងឈឺចិត្តចំពោះការផ្ទុះឡើង ការខឹងសម្បារពីសំណាក់សាធារណជនក្នុងសប្តាហ៍ថ្មីៗនេះ ។

បាតុករម្នាក់អាយុ៤៤ឆ្នាំ ឈ្មោះ Park Mee-Hee រួមជាមួយកូនស្រីជំទង់ បាននិយាយថា «សុន្ទរកថារបស់គាត់(ផាក់ យុងហេ) ធ្វើឲ្យខ្ញុំកាន់តែខឹងខ្លាំងទៀត ។ គាត់នៅតែដោះសារគួរឲ្យអស់សំណើចថា ជនគ្មានកំហុស ស្មោះត្រង់ ។ គាត់គួរតែចុះចេញទៅ» ។

រឿងអាស្រូវបានផ្តោតសំខាន់ទៅលើ មិត្តភក្តិជិតស្និទប្រធានាធិបតី គឺអ្នកស្រី Choi Soon-Sil ដែលត្រូវចាប់ខ្លួនពីបទប្រព្រឹត្តអំពើពុករលួយ និងជ្រៀតជ្រែកចូលកិច្ចការនយោបាយប្រទេសជាតិ ក្នុងនោះមានពាក់ព័ន្ធការតែងតាំងមន្ត្រី និងការសម្រេចលើបញ្ហានយោបាយ បើទោះបីថា អ្នកស្រី មិនមានតួនាទីជាមន្ត្រីផ្លូវការអ្វីមួយក៏ពិតមែន ។

វិបត្តិមួយនេះបានធ្វើឲ្យបែកខ្ចាយធ្លាក់ចុះជំនឿទុកចិត្តប្រជាពលរដ្ឋទៅលើភាពជាមេដឹកនាំ និងការអារកាត់សេចក្តីរបស់លោកស្រី ផាក់ ។ វិបត្តិនេះបានធ្វើឲ្យលោកស្រី ផាក បាត់សំឡេងគាំទ្រ៥ភាគរយ ក្នុងនាមប្រធានាធិបតីនៅកាន់តំណែង ៕ សុមេធ

2 dd e seoul-protest-nov-5 we yt

Loading...

Leave a Reply

Your email address will not be published. Required fields are marked *