បានស្នងការរង ទៀង សៅរតន៍ ធ្វើជាខ្នងបង្អែក ប្រធានច្រកណាំលៀ និងមេប៉ុស្តិ៍ សំរិត ណយ បើកដៃឲ្យឈ្មួញនាំឈើរាប់សិបឡានទៅស្រុកយួន

ខេត្តមណ្ឌលគិរីៈ គេបានរាយការណ៍ថា ប៉ុន្មានយប់ៗជាប់គ្នាកន្លងទៅនេះ ឈ្មួញបានសម្រុក​នាំឈើ​ប្រណីត​តាមឡានឡង់គ្រីស័រកែច្នៃរាប់សិបគ្រឿង ចេញទៅកាន់ស្រុកយួន តាមច្រកព្រំដែនទ្វេភាគីណាំលៀ ឬច្រកប៉ុស្តិ៍៧ ខេត្តមណ្ឌលគិរី បន្ទាប់ពីប្រធានច្រកនេះ និងនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍​បានសិះសុះត្រូវរ៉ូវ​គ្នាជាមួយឈ្មួញអស់ហើយនោះ ។

គេបានរាយការណ៍ថា លោក ភូ សំអន ប្រធានច្រកណាំលៀ និងលោក សំរិត ណយ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកណាំលៀ បានឃុបឃិតគ្នាជាលក្ខណៈខ្សែវល្លិ៍​ ក្នុងនោះ មានសមត្ថកិច្ចជាច្រើនស្ថាប័នពាក់ព័ន្ធ ​ដោយអាងខ្នងបង្អែកម្នាក់ ជាស្នងការរងមួយរូប ទើបពួកគេអនុញ្ញាតឲ្យក្រុមឈ្មួញទុច្ចរិតទាំងនោះ នាំឈើ​ប្រណីតជាច្រើនឡានឡង់គ្រីស័រកែច្នៃ​ឆ្លងដែនចេញទៅកាន់ប្រទេសយួន ដោយគ្មានការបង្ក្រាប​ តាមតួនាទីអ្វីឡើយ ក៏ព្រោះតែស្លេកឃ្លាន​ខ្លាំងពេកទៅនឹងលាភសក្ការ លុយកាក់របស់ក្រុមឈ្មួញ​ដែលបានបោះឲ្យ ដើម្បីយកមកចែកគ្នាលិឌយ៉ាងត្រជាក់មេជើង ។

ឈ្មួញបានបង្ហើបថា ពួកគេសប្បាយក្នុងការនាំឈើចេញប៉ុន្មានយប់កន្លងមកនេះ ពីព្រោះថា ទាំងប្រធានច្រកណាំលៀ ឬច្រកប៉ុស្តិ៍៧ ភូ សំអន និង សំរិត ណយ នាយប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍នោះ មិនអាចចាប់ឡានដឹកឈើរបស់ពួកគេបានឡើយ ក៏ព្រោះតែបានបង់លុយតាម​ការចរចាគ្នាហើយ ។ ពួកឈ្មួញមិនបានទម្លាយឲ្យដឹងថា តើបានបង់លុយប៉ុន្មានឲ្យក្រុមមន្ត្រីពាក់ព័ន្ធប្រចាំច្រកណាំលៀនេះឡើយ ដោយបញ្ជាក់ថា នោះជារឿងដែលមិនគួរទម្លាយឲ្យដឹងនោះទេ ។

មន្ត្រីតូចតាចមួយរូប ដែលទំនង​ជាមិនបានលាភសក្ការ​ពីបទល្មើសដឹកជញ្ជូនឈើ​តាមច្រកណាំលៀ​ខាងលើ​បានលួចបង្ហើបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការដែល​ប្រធានច្រកណាំលៀ លោក ភូ សំអន និងលោក សំរិត ណយ បើកដៃឲ្យឈ្មួញនាំឈើឆ្លងទៅស្រុកយួននេះ គឺមិនបានធ្វើដោយចិត្តឯងនោះឡើយ គឺមានខ្នងបង្អែកធំគួរសម ឋានៈជាស្នងការរងនគរបាលអន្តោប្រវេសន៍​មួយរូប នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។ ស្នងការរងនគរបាលអន្តោប្រវេសន៍ម្នាក់នេះ ក៏ប្រហែលជាអ្នកដែលទទួលភាគលាភសក្ការពីបទល្មើសដឹកជញ្ជូនឈើខាងលើនេះដែរ ។

ពាក់ព័ន្ធករណីខាងលើនេះ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ អង្គភាពយើង​នៅមិនទាន់អាចស្វែងរកការបកស្រាយបំភ្លឺបានទេ ​ពីលោក ឧត្តមសេនីយ៍ត្រី ទៀង សៅរតន៍ ស្នងការរងនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលគេចោទថា ជាខ្នងបង្អែករបស់ឈ្មួញ អនុញ្ញាតឲ្យនាំឈើប្រណីតចេញទៅស្រុកយួននោះ ពីព្រោះគ្មានលេខទូរស័ព្ទ ។

ដោយឡែក លោក ភូ សំអន ប្រធានច្រកណាំលៀ និងលោក សំរិត ណយ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកប៉ុស្តិ៍៧ នារសៀលថ្ងៃដដែលនេះ អង្គភាពយើងមិនអាចស្វែងរកលេខទូរស័ព្ទ ដើម្បីសុំការបកស្រាយបំភ្លឺបានដែរ ៕

Loading...