បារមីរូបសំណាកព្រះគោបានចូលអន្ទងជាមួយស្ត្រីវ័យចំណាស់ម្នាក់ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មនុស្សច្រើនរយនាក់ពេលកំពុងប្រោះព្រំបួងសួងសុំសេចក្តីសុខនៅក្នុងបរិវេណបា្រសាទ

ខេត្តស្ទឹងត្រែង៖ មនុស្សជាច្រើនរយនាក់ ដែលបានចូលរួមនៅក្នុងពិធីបួងសួងសុំសេចក្តីសុខ ពីរូបសំណាក់ព្រះគោ បាននាំគ្នាផ្អើលឆោឡោ ហើយចោមរោមមើលយ៉ាងកុះករ នៅគ្រាដែលស្ត្រីវ័យចំណាស់ម្នាក់ បានស្រែកបន្លឺសម្លេងឡើង ឮដូចគោស្រែកជាច្រើនដងជាប់ៗគ្នាយ៉ាងសន្ធាប់ ជាមួយនឹងការប្រគុំបទភ្លេងបុរាណខ្មែរនាគ្រានោះទៀតផង ។

ហេតុការភ្ញាក់ផ្អើលនូវសម្លេងដ៏ចម្លែកនេះ គឺនៅគ្រាដែលថ្នាក់ដឹកនាំកងយោធពលខេមរៈភូមិន្ទ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង បាន និងកំពុងប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ និងការបើកដាក់ឲ្យប្រើប្រាស់ នូវស្តូបរូបសំណាកព្រះគោ១ខ្នង ក្រោមការចំណាយថវិកាអស់ជិត២ម៉ឺនដុល្លារ នៅលើទីតាំងបរិវេណប្រាសាទព្រះគោ ស្ថិតនៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃ២១វិច្ឆិកាម្សិលមិញនេះ ។

ដូនៗជាច្រើននាក់ រួមជាមួយស្ត្រីស្នងរូបសំណាកព្រះគោ បានថ្លែងរៀបរាប់ឲ្យដឹងនៅគ្រានោះថា នៅច្រើនទសវត្សន៍កន្លងមក គឺចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករា១៩៧៩ រហូតមកទល់ពេលឥឡូវនេះ ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ពិសេស ពលរដ្ឋដែលរស់នៅក្នុងស្រុកថាឡាបរិវ៉ាត់ តែងតែនាំគ្នាគោរពបូជារូបសំណាកព្រះគោ ជាមួយនឹងធូបទៀន ផ្កា និងគ្រឿងសក្ការៈបរិភោគ « សែតសោយ » មានដូចជា ស្មៅ អំពៅ ឬផ្លែចេកនោះជាដើម ដោយមិនរង់ចាំថ្ងៃសិល្ប៍នោះឡើយ គឺតែងតែនាំយកមកថ្វាយដល់ព្រះគោជាប្រចាំ នៅពេលធ្វើដំណើរឆ្លងកាត់ប្រាសាទព្រះគោ ។

ពួកគាត់បន្តថា នៅច្រើនឆ្នាំ មកនេះ បារមីព្រះរូបសំណាកព្រះគោទើបតែចូលស្នងរូបបានពីរដងតែប៉ុណ្ណោះ គឺនៅប៉ុន្មានឆ្នាំមុនចូលម្តង និងនៅពេលនេះទើបចូលម្តងទៀត ។ រីឯការចូលមកទាំងពីរលើកនេះ គឺស្នងរូបបារមីព្រះគោចូល បានទាររកស្មៅ និងផ្លែចេក សំរាប់បរិភោគ ក្រោយមកបានសម្តែងក្តីរំភើបត្រេកអរ នៅគ្រាដែលទទួលបានស្តូបថ្មី និងមានគ្រឿងលំដាប់គ្រប់គ្រាន់ ។ ទន្ទឹមនោះបានរមីព្រះគោបានរាំបាច់ផ្កាប្រោះព្រំផ្តល់សេចក្តីសុខ ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យទទួលបានភាពសុខដុមរមនាតរៀងទៅ ។

ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង រហូតមកដល់ពេលនេះ នៅតែមានជំនឿយ៉ាងមុតមាំ នៅក្រោយការបន់ស្រន់រួច ថានឹងទទួលបានសេចក្តីសុខគ្រប់ពេលា ដោយសារមានបារមីព្រះគោ ដ៏ពូកែសក្តិសិទ្ធិ តាមជួយកាន់ខ្នងរងមុខ មិនឲ្យសត្រូវយារយីបានជាដាច់ខាត អ្នកសាងអំពើល្អនៅលើទឹកដីនេះ នឹងត្រូវបាត់បង់នូវអ្វីៗសព្វបែបយ៉ាងជាមិនខានឡើយ ។

យោងតាមសៀវភៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង បានបង្ហាញថា ប្រា សាទព្រះគោ បានសាងសង់ឡើងពីវត្ថុធាតុដើមពីរទៅបីមុខ ដែលភាគច្រើន គឺជាឥដ្ឋក្រហមនិងថ្មភក់។ ប្រាសាទព្រះគោ គឺជាប្រាសាទទោល ស្ថិតនៅត្រើយខាងលិច នៃទន្លេមេគង្គ មាន ចម្ងាយពីមាត់ច្រាំងប្រមាណ៥០០ម៉ែត្រ សព្វថ្ងៃសល់តែតួប្រាសាទធំ ដែលមានទទឹងប្រហែល៧ម៉ែត្រ បណ្តោយ ៨ម៉ែត្រ កម្ពស់៧ម៉ែត្រ ដំបូលបាក់បែកអស់ និងវត្ថុបុរាណដែលនៅសេសសល់ គឺមានទម្រលិង្គព្រះឥសូរ១ សិលាចារិក១ផ្ទាំង និងក្បាលសត្វម្ករ ចំនួន២ ។ ប្រាសាទនេះសាងសង់នៅលើដីទួលខ្ពស់បែមុខទៅទិសខាងកើត នៅពីមុខមានរូបសំណាកព្រះគោ ក្រាប១យ៉ាងធំលើសគេ នៅប្រទេសកម្ពុជា សាងអំពីថ្មភក់ និងកាលពីសម័យដើមមានបល័ង្គ សំរាប់តម្កល់ព្រះគោ តែសព្វថ្ងៃបល័ង្គបានស្រុតចុះបាត់អស់ ដូចនេះ ព្រះគោហាក់ដូចជាក្រាបលើការចាក់កម្រាលសាប បច្ចុប្បជាទីសក្ការៈបូជា របស់ប្រជាជននៅក្នុងខេត្តស្ទឹងត្រែង ។

ប្រាសាទនេះ កាលដើមឡើយស្អាតណាស់ ប៉ុន្តែ ដោយសារមិនអាចធន់នឹងធម្មជាតិបាន នៅគ្រាបច្ចុប្បន្ននេះ គឺនៅសល់តែជញ្ជាំងឥដ្ឋ និងរន្ធតូចៗ ដែលប្រជាជននៅទីនោះសន្និដ្ឋានថា ពីសម័យដើមមានដាំត្បូងពេជ្រយ៉ាងល្អប្រណិត ។ ចំណែក នៅផ្នែកខាងក្នុងប្រាសាទ ដើម្បីសមជាកន្លែងសក្ការៈបូជា គេធ្វើបល័ង្គសំរាប់ទ្រលិង្គ ដែលមានយោនីឧម៉ាវតី នៅពីក្រោម រួចគេយករូបចម្លាក់បង្ហូទឹក គឺរូបសត្វម្ករ ភ្ជាប់មកខាងក្រៅប្រាសាទ រីឯជញ្ជាំងប្រាសាទខាងក្នុង គេក៏ចោះរន្ធតូចៗជាច្រើន សំរាប់ភ្ជាប់បន្ទះជាប្រាក់ មាស ត្បូង និងវត្ថុបុរាណផ្សេងៗទៀត ធ្វើជាគ្រឿងបំភ្លឺទីសក្ការៈបូជានោះ ៕

Loading...