បារម្ភខ្លាចខ្សែភ្លើងដែលតម៉ាស់កប់ក្នុងដីឆក់អ្នកភូមិនិងសត្វគោក្របី

ខេត្តសៀមរាប៖ប្រជាពលរដ្ឋមួយចំនួននៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានការភ័យខ្លាចគ្រោះថ្នាក់ ដែលបណ្ដាលមកពីខ្សែភ្លើងឆក់ ថាអាចនឹងកើតមានដោយសារតែផ្នែកឯកជនដែលទទួលចែកចាយអគ្គិសនីបន្ត ពីរដ្ឋ បានប្រើបច្ចេកទេសយកម៉ាស់ខ្សែភ្លើងខ្លះកប់ក្នុងដីតាមចិញ្ចើម ផ្លូវ ឬក៏នៅតាមប្រឡាយទឹក ជាដើម។
ការភ័យខ្លាច បានកើតមានបន្ទាប់ពីម៉ាស់ខ្សែភ្លើងមួយកន្លែងដែលគេដោតចុះទៅ ក្នុងប្រឡាយទឹក បានឆក់សត្វគោមួយក្បាលងាប់ភ្លាមៗ នៅពេលដែលសត្វគោនោះស៊ីស្មៅតាមវាលស្រែ ហើយចុះទៅរកផឹកទឹកកាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ។
អាជ្ញាធរឃុំត្រពាំងធំ នៃស្រុកប្រាសាទបាគង ដែលស្ថិតនៅទីជនបទចម្ងាយប្រមាណ ២៥គីឡូម៉ែត្រភាគខាងកើតពីទីរួមខេត្តសៀមរាប អំពាវនាវឲ្យមន្ត្រីអគ្គិសនីកម្ពុជា និងផ្នែកឯកជន ដែលទទួលចែកចាយថាមពលបន្ត ត្រូវតែប្រុងប្រយ័ត្នលើបច្ចេកទេសតបណ្ដាញអគ្គិសនីឲ្យបាន ច្បាស់លាស់ ដើម្បីជៀសវាងគ្រោះថ្នាក់ដោយការឆក់សត្វគោក្របី និងប្រជាពលរដ្ឋនៅពេលណាមួយ។
ជំទប់ទី២ ឃុំត្រពាំងធំ គឺលោក សយ សីហា។ លោកមានប្រសាសន៍កាលពីល្ងាចថ្ងៃច័ន្ទ ទី៨ ខែកុម្ភៈ ថា បច្ចុប្បន្ន លោកឃើញផ្នែកឯកជនដែលទទួលចែកចាយថាមពលអគ្គិសនីបន្តពីរដ្ឋនៅក្នុង ទឹកដីនៃឃុំរបស់លោក បានប្រើបច្ចេកទេសតម៉ាស់ចូលទៅក្នុងដីតាមប្រឡាយ ឬចិញ្ចើមផ្លូវ ដោយមិនមានដាក់របាំងការពារ ឬសញ្ញាប្រាប់ឲ្យដឹងពីកន្លែងគ្រោះថ្នាក់ទេ។ លោក សយ សីហា បញ្ជាក់ថា បញ្ហានេះលោកព្រួយបារម្ភចំពោះគ្រោះថ្នាក់ទៅលើសត្វគោក្របី និងប្រជាពលរដ្ឋ ដោយសារតែខ្សែភ្លើងឆក់៖ «នៅក្នុង មូលដ្ឋានរបស់ខ្ញុំ គឺប្រជាពលរដ្ឋមិនមានចំណេះដឹងផ្នែកអគ្គិសនីហ្នឹងទេ។ ដូច្នេះ ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរអគ្គិសនី ឬក៏អ្នកដែលទទួលអាជ្ញាប័ណ្ណបន្តពីរដ្ឋ គួរធ្វើយ៉ាងម៉េចប្រយ័ត្នប្រយែងកុំឲ្យមានគ្រោះថ្នាក់ផង»។
ការអំពាវនាវបែបនេះ ធ្វើឡើងបន្ទាប់ពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ មានសត្វគោមួយក្បាលក្នុងចំណោមគោជាច្រើនទៀតដែលដើរស៊ីស្មៅតាម វាលស្រែក្បែរមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ប្រចាំ យោធភូមិភាគទី៤ ត្រូវខ្សែភ្លើងឆក់ងាប់ នៅពេលដែលចុះទៅផឹកទឹកក្នុងប្រឡាយដែលមានបង្កប់ម៉ាស់របស់ អគ្គិសនីទីនោះ។
បុរសអ្នកស៊ីឈ្នួលឃ្វាលគោ លោក សឿម ញ៉ន មានប្រសាសន៍ថា ជារៀងរាល់ថ្ងៃ គាត់តែងដេញគោ ២០ក្បាលមកឃ្វាលនៅទីនេះ ក៏ប៉ុន្តែសត្វគោ មិនដែលចុះទៅផឹកទឹកក្នុងប្រឡាយនេះទេ។ រូបលោកក៏មិនដឹងថា ប្រឡាយនេះមានខ្សែភ្លើងបង្កប់ដែរ ទើបតែគោចុះផឹកទឹកឆក់ងាប់ ក៏ចាប់ផ្ដើមភិតភ័យខ្លាចខ្សែភ្លើងឆក់ខ្លួនឯងនៅពេលណាមួយដែរ៖ «ឆក់នោះខ្ញុំមកដល់ឃើញគោលិចទឹកទៅហើយ ប៉ុន្តែឮសូរសំឡេងទឺតៗ ដូចជាសំឡេងគេឆក់ត្រី»។
លោកស្រី លុយ ទុំ នៅភូមិត្រពាំងថ្នល់ ឃុំកន្ទ្រាំង ដែលជាម្ចាស់គោត្រូវអគ្គិសនីឆក់នោះ ក្រៅតែពីទារសំណងថ្លៃគោងាប់ចំនួន ៨០០ដុល្លារអាមេរិក ក៏ទាមទារឲ្យក្រុមហ៊ុនឯកជនដែលទទួលចែកចាយថាមពលអគ្គិសនីបន្តពី រដ្ឋ ត្រូវប្រុងប្រយ័ត្នលើបច្ចេកទេសតបណ្ដាញ ដើម្បីជៀសវាងក្រែងមានបញ្ហាដល់មនុស្សទៀតនៅពេលណាមួយ។
សេវាករដែលទទួលចែកចាយថាមពលបន្តពីអគ្គិសនីកម្ពុជា នៅស្រុកប្រាសាទបាគង លោក ប្លោក វណ្ណៈ មានប្រសាសន៍ថា កន្លែងដែលឆក់គោងាប់នោះ គឺលោកទើបតែដំឡើងបណ្ដាញអគ្គិសនីបានជាង ១០ថ្ងៃប៉ុណ្ណោះ។ លោកបញ្ជាក់ថា ខ្សែភ្លើងដែលលោកតចេញពីកាប៊ីនចុះមកប្រឡាយទឹកនោះ គឺគ្រាន់តែជាខ្សែម៉ាស់ដែលមានកម្លាំងជាង ៣អូម (Ω) សម្រាប់ ការពារភ្លើងលើសប៉ុណ្ណោះ មិននឹកស្មានថាវាអាចឆក់គោបណ្ដាលឲ្យងាប់ដូច្នេះទេ។ លោក វណ្ណៈ ទទួលស្គាល់បញ្ហាគ្រោះថ្នាក់ ហើយយល់ព្រមចេញសំណងទៅឲ្យម្ចាស់គោតាមការទាមទារ ព្រមទាំងធ្វើសញ្ញាដាក់ការពារគ្រោះថ្នាក់នៅតាមកន្លែងដែលមានត ម៉ាស់ទៅក្នុងដីទាំងនោះផង៕

IMG-01

Loading...

Leave a Reply

Your email address will not be published. Required fields are marked *