បិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លី លក្ខណៈជាប្រព័ន្ធចំនួន១៧៣ក្បាលដីនៅសង្កាត់បឹងកក់ទី១

ភ្នំពេញ៖ ដីដែលជាដីកម្មសិទ្ធិឯកជនរបស់រដ្ឋចំនួន១៧៣ក្បាលដី នៅភូមិ១សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រដ្ឋបាលខណ្ឌទួលគោក បានកាត់និងប្រទានកម្មជូនប្រជាពលរដ្ឋ ដោយបានបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីអោយបងប្អូនមកពិនិត្យមើល ជៀសវាង ខុសអក្ខរាវិរុទ្ធ ខុសឈ្មោះឬបាត់ទំហំដីផ្ទះជាដើម ។ ការបិទផ្សាយទិន្នន័យជាសាធារណៈ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០១៨ នៅសាលាសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ក្រោមវត្តមាន លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក លោក យស វណ្ណា អនុប្រធានមន្ទីររៀបចំដែនដី នរគរូបនីយកម្មនិងសំណង់រាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ១០០នាក់ផងដែរ ។

លោកយស វណ្ណា អនុប្រធានមន្ទីររៀបចំដែនដីនរគរូបនីយកម្មនិងសំណង់រាជធានីភ្នំពេញ បាន ឲ្យដឹងថា ក្បាលដីខាងលើ យើងបានប្រមូលទិន្នន័យយូរមកហើយ តាមការណែនាំពីប្រមុខរាជរដ្ឋាភិបាល ដើម្បី ចុះបញ្ជីផ្តល់ក្បាលដីជូនប្រជាពលរដ្ឋ ដែលរស់នៅលើដីឯកជនរបស់រដ្ឋ ។ ដូច្នេះ សូមបងប្អូនមកពិនិត្យមើលក្បាលដីរបស់ខ្លួនឲ្យបានច្បាស់លាស់ ជៀសវាងកំហុសឆ្គង ដូចជា ខុសអក្ខរាវិរុទ្ធ កម្មសិទ្ធិរួម ជាប្តី ជារបស់ប្រពន្ធជាដើម ឬការបាត់ទំហំដី ដើម្បីឲ្យមន្ត្រីជំនាញរបស់យើងត្រូវចុះពិនិត្យនិងកែសម្រួលឡើងវិញ ឲ្យមានតម្លាភាព និងការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធនេះមានរយៈពេលត្រឹមតែ១៥ថ្ងៃ ។

លោក ឯក ឃុនដឿន បានលើកឡើងថា នៅក្នុងមូលដ្ឋានខណ្ឌទូលគោក មានប្រជាពលរដ្ឋរស់នៅលើដីឯកជនរបស់រដ្ឋមិនតិចជាង២,០០០ក្បាលដីនោះទេ។ ដីទាំងនេះត្រូវបានរាជរដ្ឋបាលភិបាល ពិសេសសម្តេចតេជោហ៊ុន សែន បានធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ របស់សម្តេច មកលើបងប្អូនប្រជាពលរដ្ឋ ហើយសម្តេចតែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ។

លោក ឯក ឃុនដឿន បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មកពិនិត្យក្បាលដី របស់ខ្លួនឲ្យបានច្បាស់លាស់ ជៀសវាង ថ្ងៃក្រោយមានផលវិបាក ដូច្នេះការពិនិត្យផ្ទៀងផ្ទាត់ មុនចេញបណ្ណសម្គាល់កម្មសិទ្ធិជូនបងប្អូននោះ ។ មន្ត្រីរបស់យើងពិនិត្យនិងកែសម្រួលឡើងវិញនៅនិងកន្លែងតែម្តង ។ ប៉ុន្តេ ពេលវេលារយៈ១៥ថ្ងៃគឺខ្លីណាស់ សូមបងប្អូនរួសរាន់៕

Loading...