បឹងកម្សាន្តនឹងក្លាយជាតំបន់ទឹកស្អុយ និងប្រឈមការបាត់បង់

ខេត្តរតនគិរី ៖បឹងកម្សាន្តស្ថិតក្នុងក្រុងបានលុងខេត្តរតនគិរី ត្រូវប្រឈមនឹងការហូរអាចម៍ដីលុប កាន់តែមានជម្រៅរាក់ រួមតូច និងអាចក្លាយជាតំបន់ទឹកស្អុយ ខណៈនេះ អ្នកមានលុយ មានអំណាច យកទេសអភិវឌ្ឍន៍ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។

បឹងកម្សាន្តស្ថិតនៅក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី ដែលជាបឹងមួយមានឈ្មោះតំណាងឲ្យខេត្តរតនគិរី បន្ទាប់ពីបឹងយក្សឡោម បឹងកន្សែង បឹងលំគុដ។ បច្ចុប្បន្ន ត្រូវបានក្រុមអ្នកមានលុយ មានអំាណាច ដែលមានដី សង់ផ្ទះ ភូមិគ្រិះនៅជំវិញទីនោះត្រូវរូវគ្នា យកលេសថា គម្រោងអភិវឌ្ឍន៍របស់អាជ្ញាធរខេត្ត ឈូសធ្វើផ្លូវតាមមាត់បឹង ដើម្បីចូលទៅចូលទៅភូមិគ្រឹះរបស់ពួកគេ និងចូលទៅដីគេ ឲ្យមានតម្លៃ ដើម្បីឈូសពុះជាដីឡូត៍លក់ មិនត្រឹមតែប៉ុណ្ណោះ គេសង់ផ្ទះសំណាក់លយចូលមកក្នុងបឹង ព្រមទាំងធ្វើផែ ក្លឹបកម្សាន្ត នៅលើផ្ទៃបឹងទៀតផង។

ប្រធានមន្ទីរសាធារណការខេត្តរតនគិរី លោក សូ សំណាង បានឲ្យដឹងថា មាត់បឹងដែលគេធ្វើផ្លូវ ជាដីរបស់រដ្ឋ ហើយគេអភិវឌ្ឍន៍ផ្លូវនេះជាគម្រោងរបស់អាជ្ញាធរខេត្ត ដោយមានការចូលរួមថវិកា ពីសំណាក់អ្នកមានដីនៅទីនោះ។

លោក ប៊ី ជីវ័ន្តដារ៉ា ប្រធានភូមិបាលក្រុងបានលុងថា ចំពោះការសាងសំណង់អគាររំលោភលើផ្ទៃបឹងនិងមាត់បឹងនោះខុសហើយ បឹង និងចំណីមាត់បឹងនេះជារបស់រដ្ឋ ខាងលោកក៏មិនបានចេញលិខិតឲ្យសាងសង់ដែរ បញ្ហានេះសុំសួរទៅលោកអភិបាលក្រុង។

លោក អ៊ុក សំអុល អភីបាលក្រុងបានលុង បានឲ្យដឹងថា ផ្លូវដែលគេកំពង់ស្ថាបនាលើមាត់បឹងកម្សាន្តនោះ ជាគំរោងអភិវឌ្ឍន៍របស់ខេត្ត ចំណែកសំណង់អគារ ជាប់មាត់បឹងកម្សាន្តនោះលោកមិនទាន់បានចុះត្រួតពិនិត្យទេ លោកទើបតែប្រជុំគណៈកម្មការក្រុង នៅព្រឹកថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៥ នេះ ដើម្បីចុះត្រួតពិនិត្យសំណង់នោះ។

ជុំវិញករណី ក្លឹបកម្សាន្តនៅលើផ្ទៃទឹកបឹង និងសំណង់អគារ លើផ្ទៃមាត់បឹងនេះ អ្នកស្រី លី សុខងីម ម្ចាស់ SN បឹងកម្សាន្ត បានឲ្យដឹងថា អ្នកស្រីបានជួលដីបឹងនេះពីអាជ្ញាធរខេត្ត ដោយកុងត្រារយៈពេល៣៥ ឆ្នាំ មានឯកសារគ្រប់គ្រាន់ បើស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តមិនឲ្យធ្វើ ក៏អ្នកស្រីមិនហ៊ានធ្វើដែរ។

បើតាមប្រភពព័ត៌មានមន្ត្រីថ្នាក់ខេត្ត សុំលាក់ប្រភព បានឲ្យដឹងថា ផ្លូវដែលគេស្ថាបនាជាផ្លូវឯកជន ធ្វើចូលទៅភូមិគ្រឹះ និងដី របស់លោក វណ្ណ សោភា ប្រធានមន្ទីរមុខងារសាធារណការខេត្ត ដែលជាមហាសេដ្ឋីវ័យក្មេងជាអ្នកចេញថវិកាដោយគេត្រូវរ៉ូវគ្នាជាមួយខេត្ត។

ចំណែកខ្លឹបកម្សាន្តនៅលើផ្ទៃទឹកបឹង និង សំណង់អគារ លើមាត់បឹង ជារបស់អ្នកស្រី លី សុខងីម ជាម្ចាស់ SN បឹងកម្សាន្ត ជួលដីរបស់រដ្ឋ ពីអាជ្ញាធរខេត្ត តែគេត្រូវរ៉ូគ្នា ជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ដូច្នេះគេចង់ធ្វើអ្វីតាមតែអំពើចិត្ត បើទោះជាបាត់បង់សោភណភាពបឹងធម្មជាតិរបស់រដ្ឋក៏ដោយ។

ម្យ៉ាងវិញទៀតជុំវិញការអភិវឌ្ឍនៅមាត់បឹងនេះជាកន្លែងមិនទាន់ផ្ទះច្រើនោះទេ បើតាមការរិះគន់របស់ប្រជាពលរដ្ឋដែលរស់នៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុងបាននិយាយតៗគ្នា ថាផ្លូវដែលអភិវឌ្ឍន៍នៅក្នុងភូមិរបស់គាត់កន្លងមកបានត្រឹមតែពាក់កណ្តាលដោយហើយក៏ឈប់ធ្វើភ្លាមដោយបន្សល់ទុកនៅខ្វះស្ពានឆ្លងនៅរដូវវស្សា ហើយមិនអើរពើធ្វើបន្តទៀតឡើយ។ ថ្វីត្បិតផ្លូវភូមិអូរកន្ទិលនេះក្រោមការចុះត្រួតពិនិត្យរបស់ឯកឧត្ត លី ធុជ បេសកជនពិសេសចុះជួយខេត្តរតនគិរីបានប្រាប់ឲ្យធ្វើស្ពានបន្តឲ្យប្រជាពលរដ្ឋក៏ដោយក៏ពួកគេធ្វើមិនដឹងមិនឮដែរ បែរទៅជាអភិវឌ្ឍន៍ផ្លូវដែលមានដីអ្នកធំៗទៅវិញ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *