បឹងកំសាន្ត ត្រូវអ្នកមានលុយ ចាក់ដីលុបស្ទើររលាយ សម្រាប់គម្រោងសង់សណ្ឋាគារ

ខេត្តរតនគិរី ៖ បឹងធម្មជាតិមួយ មានឈ្មោះ បឹងកំសាន្ត កំពុងត្រូវបានអ្នកមានលុយ ចាក់ដីលុប និងសាងសង់ផ្ទះសំណាក់ ភោជនីយដ្ឋាន លយចូលក្នុងបឹង ជាច្រើនម៉ែត្រ នៅផ្នែកមាត់បឹងខាងត្បូង ដោយថ្មីៗនេះ មានការអភិវឌ្ឍ ធ្វើផ្លូវផ្នែក ខាងជើងនៃបឹង ដើម្បីងាយស្រួលការធ្វើដំណើរកំសាន្ត របស់ប្រជាពលរដ្ឋ ហើយចំណែក ផ្នែកខាងត្បូង ដែលគេសាងសង់ សណ្ឋាគារ និងភោជនីយដ្ឋាន មានឈ្មោះថា SN បឹងកំសាន្ត។

បឹងនេះក៏ជាកន្លែង ដែលបងប្អូនជនជាតិដើមភាគតិច ធ្លាប់ប្រើប្រាស់ទឹកជាប្រចាំ តាំងពីយូរលង់ណាស់មកហើយ ដូចជាហូប មុជ បោកខោអាវ រកត្រីសាច់ធ្វើជាម្ហូប និងនាំគ្នា មកអង្គុយលេងពេលល្ងាច នៅតាមមាត់បឹងនេះ ទុកជាការកំសាន្ត បន្ទាប់ពីចប់ការងារ។ តែបច្ចុប្បន្នពួកគាត់ បានរិះគន់ថា កុំថាឡើយតែហូបនិងមុជ សូម្បីតែបោកខោអាវ សឹងតែមិនហ៊ានផង ពីព្រោះខ្លាចកើតរមាស់ និងប៉ះពាល់ដល់សុខភាព ហើយបើសិនជា អាជ្ញាធរធ្វើមិនដឹងមិនឮ ដូចសព្វថ្ងៃនេះ ពួកគាត់បារម្ភខ្លាចថ្ងៃមុខ ត្រូវបាត់បង់ទាំងស្រុង។

មានការបង្ហើប ឲ្យដឹងផងដែរថា អ្នកមានលុយ មានអំណាច មកពីភ្នំពេញ ដែលគេស្គាល់ថាថៅកែឈ្មោះ លី សុខងីម ដែលជាម្ចាស់ សណ្ឋាគារនោះ កំពុងវាតទីចាក់ដីលុបបឹង។ ទាក់ទិននឹងករណីសាងសង់ សណ្ឋាគារ និងភោជនីយដ្ឋាន SN បឹងកំសាន្ត ប្រធានមន្ទីរពាក់ព័ន្ធ រួមមាន ប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់ ប្រធានភូមិបាល ក្រុងបានលុង និងរដ្ឋបាលជលផល អ្នកយកព័ត៌មានមិនអាច សុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៥នេះ ព្រោះថា ទូរស័ព្ទហៅចូល គ្មានអ្នកទទួល។

ដោយឡែកឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រ មណ្ឌលរតនគិរី បានឲ្យដឹងថា បឹងនេះឈ្មោះ បឹងកំសាន្ត ដែលជាកេរ្តិ៍ដូនតា របស់បងប្អូន ជនជាតិដើមភាគតិច ជាយូរលង់ណាស់មកហើយ ដែលពួកគាត់តែងតែ ប្រើប្រាស់ទឹកនេះ ខួបប្រាំង ខួបវស្សា មិនតែប៉ុណ្ណោះ។ ឯកឧត្តមបានបន្តថា កន្លងមកធ្លាប់យកកូនត្រី គ្រប់ប្រភេទរាប់ពាន់ក្បាល ដោយដាក់តាមយន្តហោះ មកព្រលែងក្នុងបឹងនេះ សំរាប់អោយបងប្អូន ជនជាតិដើមភាគតិច ដែលរស់នៅជុំវិញទីនោះ ស្ទួច បង់សំណាញ់ ឫដាក់មង ធ្វើជាម្ហូបអាហារជាដើម តែពេលនេះ អ្នកមានលុយ គេធ្វើសណ្ឋាគារ ភោជនីយដ្ឋាន នៅលើទឹកបឹងនេះ ស្ទើរពេញអស់ទៅហើយ៕ ដោយ បានលុង

Loading...

Leave a Reply

Your email address will not be published. Required fields are marked *