បុណ្យចូលឆ្នាំចិននេះគ្រោះថ្នាក់ចរាចរណ៍និងភ្លើងឆេះផ្ទះកើនឡើងជាងឆ្នាំមុន

ភ្នំពេញ៖របាយការណ៍នៅថ្ងៃទី១១ ខែកុម្ភៈ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន- វៀតណាម កើនឡើងអ្នកស្លាប់ចំនួន ១២នាក់ បើធៀបគ្រោះថ្នាក់ចរាចរណ៍រយៈពេល ៤ថ្ងៃនៃបុណ្យនេះកាលពីឆ្នាំមុន។ ទន្ទឹមគ្នានេះ គ្រោះអគ្គីភ័យក៏មានការកើនឡើងចំនួន ១១៣ខ្នង បើប្រៀបធៀបនឹងបុណ្យនេះកាលពីឆ្នាំមុនដូចគ្នា។
របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន- វៀតណាម រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ទី១០ ខែកុម្ភៈ បានកើតឡើងចំនួន ៨០លើក សម្លាប់មនុស្ស ៤១នាក់ និងរបួសចំនួន ១៣៤នាក់។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា បើធ្វើការប្រៀបធៀបរយៈដូចគ្នានៃបុណ្យនេះកាលពីឆ្នាំមុន គឺគ្រោះថ្នាក់កើនឡើង ៣ករណី ដោយឆ្នាំមុនមានត្រឹមតែ ៧៧លើក ហើយអ្នកស្លាប់កើនឡើង ១២នាក់ ដោយឆ្នាំមុនមាន ២៩នាក់ បើទោះបីជាចំនួនអ្នករបួសថយចុះ ១៧នាក់ បើធៀបនឹងឆ្នាំមុនក្តី។
របាយការណ៍ដដែលបញ្ជាក់ថា កត្តាដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ គឺមកពីបើកបរក្នុងល្បឿនលឿន បើកបរក្នុងឥទ្ធិពលគ្រឿងស្រវឹង និងបើកបរប្រជែងគ្នា។ ចំណែកឯខេត្ត និងរាជធានី ដែលមានគ្រោះថ្នាក់មនុស្សស្លាប់ និងរបួសច្រើនជាងគេ ក្នុងនោះមានខេត្តរតនគិរី ព្រៃវែង ភ្នំពេញ បន្ទាយមានជ័យ កណ្ដាល និងខេត្តកំពត។
ដោយឡែក ទាក់ទិននឹងគ្រោះអគ្គីភ័យអំឡុងពេលចូលឆ្នាំចិន-វៀតណាម វិញ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងដែរថា ករណីអគ្គីភ័យទូទាំងប្រទេសមានចំនួន ១៤លើក បណ្ដាលឲ្យខូចខាតផ្ទះចំនួន ១២០ខ្នង ហើយចំនួននេះកើនឡើងចំនួន ១១៣ខ្នង បើប្រៀបធៀបនឹងឆ្នាំមុន។ ចំណែកឯទំហំគ្រោះអគ្គីភ័យនេះ បណ្ដាលឲ្យខាតបង់ថវិកាសរុបជិត ៤ម៉ឺនដុល្លារ (ប្រាក់ខ្មែរ ២,៨០លានរៀល និងប្រាក់ដុល្លារ ៣៣.១២០ដុល្លារ)។
ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក នេត វន្ថា អះអាងប្រាប់ នៅថ្ងៃទី១១ ខែកុម្ភៈ ថា មូលហេតុចម្បងដែលបណ្ដាលឲ្យមានអគ្គិភ័យកើតឡើង ភាគច្រើនមកពីការឆ្លងចរន្តអគ្គិសនី ការប្រើប្រាស់ប្រេងឥន្ធនៈ និងហ្គាស និងកង្វះការប្រុងប្រយ័ត្ន ឬធ្វេសប្រហែសរបស់ប្រជាពលរដ្ឋ៖ «បញ្ហាដែលបង្កឲ្យមានអគ្គីភ័យក្នុងអំឡុងពេលចូលឆ្នាំចិននេះ យើងរកឃើញចរន្តអគ្គិសនី ៣លើក បណ្ដាលមកពីបញ្ហាទៀន ធូបវិញ មានរហូត ៥លើក ករណីក្មេងលេងភ្លើង ២លើក ហើយរាលភ្លើងពីឆេះព្រៃ មកឆេះផ្ទះមាន ១លើក និងករណីផ្សេងៗ ១លើកទៀត អ៊ីចឹងអាហ្នឹង បញ្ជាក់ថា ប្រជាពលរដ្ឋយើងនៅកង្វះការយល់ដឹង និងធ្វេសប្រហែសខ្លាំងមែនទែន អាហ្នឹងហើយបានធ្វើឲ្យអគ្គីភ័យនៅតែកើនឡើង»។
ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យរូបនេះ ក៏នៅទទូចឲ្យប្រជាពលរដ្ឋកម្ពុជា ទាំងអស់ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់លើការប្រើប្រាស់ គ្រឿងអេឡិចត្រូនិក ប្រេងឥន្ធនៈទុកដាក់នៅក្នុងផ្ទះដែលខ្វះការប្រុងប្រយ័ត្ន អាចធ្វើឲ្យឆាបឆេះ និងឧបករណ៍ដទៃទៀតដែលងាយស្រួលបង្កគ្រោះថ្នាក់អគ្គីភ័យណាមួយកើត ឡើងជាយថាហេតុ។
របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានបង្ហាញថា ទាំងផ្នែកពន្លត់អគ្គិភ័យទាំងផ្នែកចរាចរណ៍ ប្ដេជ្ញាថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញផែនការក្នុងការដាក់រថយន្តពន្លត់អគ្គិភ័យ នឹងបន្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសលើផ្នែកផ្សព្វផ្សាយប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព៕

IMG-975

Loading...

Leave a Reply

Your email address will not be published. Required fields are marked *