បុត្រាសម្តេចតេជោនិងរដ្ឋមន្ត្រីក្មេងៗនឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 នៅមន្ទីរពេទ្យកាល់ម៉ែតនាព្រឹកស្អែក

ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺជាឥស្សរជនដំបូងគេ ដែលនឹងទទួលបាន ការចាក់វ៉ាក់សាំងការពារកូវីដ ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត នាវេលាម៉ោង ៨ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះមុនគេ ។
លោកស្រីយក់ សម្បត្តិ បានបន្តថា ក្រៅពី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលនឹងអញ្ជើញទៅចាក់វ៉ាក់សាំងការពារកូវីដ១៩នោះ ក៏មានឥស្សរជនមួយចំនួនទៀតផងដែររួមមានលោក ហ៊ុន ម៉ានិត លោកហ៊ុន ម៉ានី លោក ឌី វិជ្ជាលោក សុខ ពុទ្ធិវុធ លោករដ្ឋមន្រ្តី កើត រិទ្ធលោក រដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តី ម៉ៅ ហាវណ្ណាល់ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាដើម។

នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី បណ្ឌិត យក់ សម្បត្តិ អមដំណើរដោយលោក សុខ សំអាង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងនៅមន្ទីរពេទ្យកាល់ម៉ែត ដែលនឹងរៀបចំសម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនឥស្សរជនជាន់ខ្ពស់ និងប្រជាពលរដ្ឋអាយុចាប់ពី១៨ ឆ្នាំ ដល់ ៥៩ឆ្នាំ ដែលមាន បំណងចាក់វ៉ាក់សាំងកូវីដ១៩។

សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានចំនួន៤ទីតាំង រួមមាន៖

*នៅមន្ទីរពេទ្យកាល់ម៉ែត
*មន្ទីរពេទ្យព្រះអង្គឌួង
*មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
*មន្ទីរពេទ្យកុមារជាតិ។

កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានបញ្ជាក់ថា «គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ព្រមទាំងក្រុមការ ងារអន្តរក្រសួង គ្រប់គ្រងការ អនុវត្តយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការចាក់វ៉ាក់សាំង កូវីដ១៩ បានសម្រេចដាក់ឲ្យដំណើរការ ក្នុងការអនុវត្តយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ ១៩ ដែលទទួលបានពីមិត្តចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១តទៅ ដោយការចាក់វ៉ាក់សាំង នឹងត្រូវធ្វើជាដំណាក់ៗកាល ទៅតាមចំនួនវ៉ាក់សាំង ដែលទទួលបានរួចហើយ និងវ៉ាក់សាំង ដែលអាចនឹងទទួលបាននៅក្នុងឆ្នាំ២០២១នេះ»។

សម្រាប់ថ្នាក់ដឹកនាំស្ថាប័នចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់អាយុ៥៩ឆ្នាំ នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅវេលាម៉ោង២រសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ស្អែកនេះ នៅមន្ទីរពេទ្យកេតុមាលា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ ចុះហត្ថលេខាដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ។

ការអនុវត្តការចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំកងទ័ពនេះ ធ្វើឡើងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការដឹកនាំផ្ទាល់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងការពារជាតិ និងធ្វើឡើងតាមការស្ម័គ្រចិត្ត៕

Loading...