បុរសចិនអាយុ២៨ឆ្នាំចាក់សម្លាប់សិស្សកុមារចេញពីសាលាស្លាប់៧នាក់ និងរបួស១២នាក់

ទូរទស្សន៍រដ្ឋចិនបានផ្សាយថា បុរសវ័យ២៨ឆ្នាំម្នាក់ បានចាក់សម្លាប់សិស្សសាលា៧ នាក់ ខណៈដែលកំពុងធ្វើដំណើរត្រឡប់ពីសាលាទៅផ្ទះ កាលពីថ្ងៃសុក្រ។ សកម្មភាពចាក់ប្រហារនេះកើតឡើងនៅស្រុក Mizhi ខេត្ត Shaanxi ភាគពាយព្យប្រទេសចិន ហើយសិស្ស 12 នាក់ផ្សេងទៀតបានរងរបួស។

ប្រភពរាយការណ៍ថា ជនសង្ស័យជាមនុស្សមកពីស្រុក Mizhi នោះដែរ ហើយសកម្មភាពរបស់គេគឺជាការសងសឹកចំពោះការរងទុក្ខរបស់គេ ក្នុងអំឡុងពេលនៅសិក្សារៀនសូត្រនោះ។ ជននេះបានប្រើកាំបិតធ្វើសកម្មភាពវាយប្រហារ ។ គេត្រូវបានចាប់ខ្លួនបញ្ជូនចូលគុក

សារពត៌មាន Shaanxi City Express បានផ្សាយរូបថត កូនក្មេងសិស្សសាលាដេកដួលនៅលើដីរដូករណែលគ្របដណ្តប់ដោយឈាមឆ្អិនឆ្អៅ ជនសង្ស័យត្រូវប៉ូលិសនាំខ្លួនយកទៅឆ្ងាយភ្លាមៗពីទីកន្លែងបង្កហេតុ ។

ឧក្រិដ្ឋកម្មហិង្សាគឺកម្រមានណាស់នៅក្នុងប្រទេសចិន បើប្រៀបធៀបទៅនឹងបណ្តាប្រទេសដទៃទៀត ជាពិសេសនៅតាមទីក្រុងធំ ៗ ដែលមានសន្តិសុខ ប៉ុន្តែវាមានការវាយប្រហារដោយកាំបិត និងពូថៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលភាគច្រើនគោលដៅទៅលើកុមារសិស្សសាលាតូចៗទៅវិញ ។

កាលពីខែកុម្ភៈ ឆ្នាំ២០១៨ ស្ត្រីម្នាក់ត្រូវបានសម្លាប់ និង១២នាក់ផ្សេងទៀតបានរងរបួស នៅពេលបុរសម្នាក់ បានចាក់ប្រហារដោយកាំបិតនៅផ្សារទំនើបមួយកន្លែងក្នុងរដ្ឋធានីប៉េកាំង ខណៈដែលជនរងគ្រោះរវល់ទិញទំនិញភ្លេចខ្លួន ។

ការវាយប្រហារបែបនេះច្រើនតែត្រូវបានគេបន្ទោសទៅលើអ្នកដែលមានជំងឺផ្លូវចិត្ត ឬអ្នកដែលមានជំទាស់ផ្ទាល់ខ្លួន។ កាំបិតត្រូវបានប្រើជាទូទៅបំផុត ដោយសារការត្រួតពិនិត្យកាំភ្លើងមានភាពតឹងតែងខ្លាំងនៅក្នុងប្រទេសចិន ៕ សុរ្ម័ន

Loading...