បុរសចុងភៅម្នាក់ដេកស្លាប់ក្នុងអង្រឹង មិនដឹងមូលហេតុ

ខេត្តកំពង់ចាម៖ បុរសម្នាក់បានដេកស្លាប់ក្នុងអង្រឹងមិនដឹងមូលហេតុ ខណៈបុរសរូបនេះទៅធ្វើម្ហូបចុងភៅឡើងផ្ទះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិទួលពោន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ប្រភពព័ត៌មានពីឈ្មោះ ស៊ឹម លី ទីលំនៅភូមិបន្ទាយរឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ រូបគាត់ និងជនរងគ្រោះឈ្មោះ ស៊ឹម លុយ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅ ភូមិ ឃុំស្រុកជាមួយគ្នាបានទៅធ្វើចុងភៅក្នុងពិធីឡើងគេហដ្ឋានរបស់ឈ្មោះ ស្រីមុី ។ ក្រោយចប់សព្វគ្រប់ រូបគាត់( ស៊ឹម លី) និងចុងភៅឯទៀតនាំគ្នាដេកក្នុងរោង ដោយឡែកបងប្រុសរបស់ខ្លួន ឈ្មោះ ស៊ឹម លុយ បាចងអង្រឹងដេកនៅទីនោះដែរ ។

ប្រភពបន្តថា រហូតដល់ម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ចុងភៅទាំងអស់បាននាំគ្នាក្រោកដើម្បីរុះរើរោង រៀបចំឥវ៉ាន់ត្រឡប់ទៅផ្ទះវិញ ។ ពេលនោះ មិនឃើញឈ្មោះ ស៊ឹម លុយ ក្រោកពីអង្រឹងដើម្បីជួយរុះរើនោះឡើយ ពេលនោះ គាត់(ស៊ឹម លី)បានទៅដាក់ ទើបមានការភ្ញាក់ផ្អើល ឃើញបងប្រុសរបស់ខ្លួនស្លាប់បាត់ទៅហើយ ។

លោកសួន រស់ អធិការរងនគរបាលស្រុកព្រៃឈរបានបញ្ជាក់ថា តាមការពិនិត្យពិច័យលើសាកសពពុំឃើញមានស្លាកស្នាម នាំឲ្យកត់សម្គាល់ថា ជាករណីឃាតកម្មឡើយ ។ តាមការសន្និដ្ឋាន សមត្ថកិច្ចអះអាងថា ជនរងគ្រោះស្លាប់ដោយសារសម្ពាធឈាមឡើងខ្ពស់(ឡើងឈាម) នៅអំឡុងម៉ោងប្រមាណ១ទៅ២រំលងអធ្រាត្រ ហើយគ្មាននរណាដឹង ជួយសង្គ្រោះទាន់ពេល ។

ក្រោយពិនិត្យរួចរាល់ សាកសពត្រូវប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ សុភ័ណ្ឌ

Loading...