បុរសជនជាតិវៀតណាមមានសិទ្ធិលក់ដីខ្មែររជិត១ពាន់ហិចតានៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ក្រុមអង្គការសង្គមស៊ីវិលបានស្នើដល់ប្រព័ន្ឋច្បាប់ជួយស៊ើបអង្កេតទៅលើករណីបែកធ្លាយឯកសារ លក់ដូរដីធ្លីទំហំជិតមួយពាន់ហិចតា នៅខេត្តមណ្ឌលគិរី ហើយអ្នកលក់ដីនោះគឺជាជនជាតិវៀតណាម ដែលកាន់កាប់ដីមានក្បាលកាត់១៩០០ម៉ែត្រ គុណនិង៥០០០ម៉ែត្រ ។

ជុំវិញការបែកធ្លាយឯកសារ ទិញលក់ដីទំហំរាប់ពាន់ហិចតា ក្នុងក្រុងសែនមនោរម្យ ដែលមានជនជាតិយួនឈរឈ្មោះ ម្ចាស់ជាកម្មសិទ្ឋលក់ដូរ បានបង្ហាញពីភាពមិនប្រក្រតីជាច្រើន។ការខុសប្រក្រតីគឺជនបរទេសបែរជាមានដីលក់ឲ្យជនជាតិខ្មែរ ដល់ទៅរាប់រយហិចតាតើការកាន់កាប់ដីនោះមុនលក់ចេញជនជាតិវៀតណាមមានការទទួលស្គាល់កម្រិតណាពីអាជ្ញាធរ។

នៅក្នុងលិខិតដែលមានចុះត្រឹមថ្ងៃទី០១ ខែ០៥ ឆ្នាំ២០០៣ បានបញ្ជាក់ថា ខ្ញុំបាទឈ្មោះ ហ្វាម តាំងឡឹង (ប្តី) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម មុខរបរ កសិករ នាងខ្ញុំឈ្មោះ រួយ វុធ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិព្នង មុខរបរ កសិករ ទីលំនៅភូមិអូរស្ពាន ឃុំស្ពានមានជ័យ ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឯកភាពគ្នាលក់ដីមួយកន្លែង ដែលមានបណ្តោយ ៥ ០០០ម៉ែត្រ ទទឹង ១ ៩០០ម៉ែត្រ ស្ថិតនៅភូមិអូរស្ពាន ឃុំស្ពានមានជ័យ ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ក្នុងលិខិតដដែលបានបញ្ជាក់ថា ព្រំប្រទល់ខាងជើងទល់ ដីគ្រួសក្រហម ព្រំប្រទល់ខាងត្បូងទល់នឹង ដីហ៊ុយហេង ព្រំប្រទល់ខាងលិចទល់ ដីចំការ ខុំសារិន ព្រំប្រទល់ខាងកើតទល់នឹង ផ្លូវទៅដាក់ដាំ ដែលបានលក់ទៅឲ្យលោក លូ ស៊ូសម្បត្តិ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ប្រធានតុលាការ ប្រពន្ឋឈ្មោះហៀង ស្រីមុំ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ មេផ្ទះ បើថ្ងៃមុខមានជនណាមកអះអាងថា ជាដីរបស់គេ ខ្ញុំបាទ.នាងខ្ញុំ ដែលជាម្ចាស់ដីឈ្មោះ ហ្វាយ តាំងឡឹក និងប្រពន្ឋឈ្មោះ រួយ វុធ ហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់។

លិខិតទិញលក់ដដែលនេះមានត្រឹមស្នាមមេដៃអ្នកលក់ អ្នកទិញ សាក្សីពីរបីនាក់ប៉ុណ្ណោះ មិនមានការទទួលស្គាល់ពីអាជ្ញាធរឬមន្ត្រីជំនាញណាឡើយ ។

បច្ចុប្បន្ននេះក៏មានព៏ត៌មានថា អ្នកទទួលទិញដីពីជនជាតិវៀតណាមនោះ កំពុងរត់ការធ្វើលិខិតកាន់កាប់ពីអាជ្ញាធរ។ចំពោះករណីនេះនៅមិនទាន់ទទួលបានការបកស្រាយណាមួយពីមន្ត្រីអាជ្ញាធរនៅឡើយនោះទេ៕

Loading...