បុរសជន​ជាតិ​អាមេរិច​ម្នាក់ ស្រវឹងធ្លាក់ភ្នែក​បើករថយន្ត មេកសឺដេសបុករ៉ឺម៉កម៉ូតូ​ពេញទំហឹង​របួសធ្ងន់​ស្រាល៤នាក់

ភ្នំពេញ៖ បុរសជន​ជាតិអាមេរិច​ម្នាក់ស្រវឹង​ស្រា​ជោកជាំ​បានបើក​រថយន្ត​មែសឺដែស​ស៊េរីទំនើប​មួយគ្រឿងទៅបុក​រ៉ឺម៉កម៉ូតូមួយ​គ្រឿង​ក្នុង​ទិសដៅបញ្រ្ចាស់​គ្នាពេញទំហឹង​បណ្តាលឱ្យ​មនុស្ស៤​នាក់រងរបួស​ធ្ងន់ស្រាល ចំណែករ៉ឺម៉កម៉ូតូខូ​ច​ខាត​ស្ទើរ​ទាំងស្រុង ។ ហេតុការណ៍​នេះកើត​ឡើងកាល​ពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៣ មករា ២០១៥ នៅ​ចំណុច​មុខព្រះអង្គដងកើ តាមបណ្តោយ​ផ្លូវព្រះស៊ីសុវត្តិ ស្ថិតក្នុងសង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីកន្លែង​កើតហេតុបាន​ឱ្យដឹងថា នៅមុនពេលកើត​ហេតុគេឃើញ​រ៉ឺម៉កម៉ូតូ​មួយគ្រឿង​មានដឹក​ភ្ញៀវនារី​ខ្មែរម្នាក់ និងបុរសនារីជា​ជនបរទេស​២នាក់ទៀត ដោយបើក​បរធ្វើដំណើរ​តាមផ្លូវព្រះស៊ីសុវត្តិ ក្នុងទិសដៅ​ពីត្បូងទៅ​ជើង ខណៈមកដល់​ចំណុចមុខ​ព្រះអង្គដងកើ រ៉ឺម៉កម៉ូតូបាន​បន្ថយល្បឿន​ដើម្បីដាក់​ភ្ញៀវចុះ ខណៈនោះ​ក៏មាន​រថយន្ត​មែសឺដែសស៊េរីទំនើប​មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ1I-6661 បើកបរដោយ​បុរសជន​ជាតិ​អាមេរិច​កាំង​ម្នាក់ក្នុងសភាព​ស្រវឹងស្រា​ជោកជាំ និងរួមដំណើរ​ជាមួយនារី​ម្នាក់ បានបើកបរធ្វើ​ដំណើរ​តាមផ្លូវព្រះ​ស៊ីសុវត្ថិក្នុង​ទិស​ដៅ​ពីជើង​ទៅត្បូងបា​ន​មកបុករ៉ឺម៉ក​ម៉ូតូពេញ​ទំហឹងក្នុង​ទិសដៅ​បញ្រ្ចាស់គ្នា​បណ្តាលឱ្យ​មនុស្ស៤នាក់​រងរបួសធ្ងន់​ស្រាល ​ចំណែករ៉ឺម៉កម៉ូតូខូចខាត​ស្ទើរទាំងស្រុង។

បន្ទាប់ពីបើករថយន្ត​បុករ៉ឺម៉កម៉ូតូហើយ​នោះរថយន្ត​បង្កខាងលើបាន​បើករថយន្តគេច​ដល់ចំណុចផ្លូវ​២១៤ ក្នុង​សង្កាត់​បឹងរាំង ក៏ត្រូវកម្លាំង​កងរាជអាវុធហត្ថ ខណ្ឌដូន​ពេញដេញទាន់ និងបានឃាត់​បានទាំងរថយន្ត និង ម្ចាស់​រថយន្ត។

ក្រោយពេលកើតហេតុ​ជនរងគ្រោះត្រូវបានគេបញ្ជូន​ទៅសង្រ្គោះ​នៅមន្ទីរពេទ្យ ចំណែកបុរស​អាមេរិចកាំង និង រថ​យន្តបង្កត្រូវបាន​សមត្ថកិច្ចបញ្ជូនទៅ​កាន់ការិយាល័យ​ចរាចរផ្លូវគោក នៃស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញដើម្បី​ដោះស្រាយ​គ្នាតាម​និតិវិធីច្បាប់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *