បុរសជាតិឡាវម្នាក់រួមជាមួយថ្នាំញៀនជាង១ម៉ឺនគ្រាប់បានរងការឃាត់ខ្លួន និងដកហូតបាននៅតំបន់ជាប់ព្រំដែនកម្ពុជា-ឡាវ ពីកម្លាំងកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការបង្ក្រាប និងចាប់ខ្លួនបុរសជាតិឡាវម្នាក់ គ្រាកំពុងនាំគ្រឿងញៀនជាង១ម៉ឺនគ្រាប់ ឆ្លងដែនពីប្រទេសឡាវ ចូលមកកម្ពុជា កាលពីម៉ោង១រសៀល ថ្ងៃទី១៥ធ្នូ២០១៧ នៅស្ពានទី២ ស្ថិតនៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកវរៈសេនីយ៍ឯក ដួង វិចិត្រ បានប្រាប់ឲ្យដឹងថា ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ដែលរងការឃាត់ខ្លួននៅពេលនេះ ឈ្មោះថាវ ចឺយ អាយុ៥៨ឆ្នាំ រស់នៅភូមិមឿងម៉ឺន ឃុំនួនហៃ ស្រុកមឿងម៉ឺន រដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។ លោកថា ក្រោយការឃាត់ខ្លួនជនសង្ស័យរូបនេះ សមត្ថកិច្ចបានធ្វើការដកហូតសាក់គីដូរ១ ដែលមានផ្ទុកនូវសារធាតុញៀន ចំនួន២កញ្ចប់ធំ ស្មើនឹង៦០កញ្ចប់តូច បញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ធ្វើការត្រួតពិនិត្យ និងសាកសួរ ។

លោកដួង វិចិត្រ បានបន្តទៀតថា ប្រតិបត្តិការបង្ក្រាបជំនួញគ្រឿងឆ្លងដែននេះ គឺអនុវត្តទៅតាមបទបញ្ជា របស់មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ។ ក្រោយទទួលបានបទបញ្ជានោះរួច ក្រុមមន្ត្រីជំនាញអាវុធហត្ថខេត្ត បានចុះស៊ើបអង្កេត និងស្រាវជ្រាវរកមេក្លោងជួញដូរគ្រឿងញៀនឆ្លងដែន ហើយបានធ្វើការបង្ក្រាប ឃាត់ខ្លួនបុរសជាតិឡាវបានម្នាក់ ពេលកំពុងស្ពាយគ្រឿងញៀនឆ្លងដែន ពីឡាវចូលមកកម្ពុជា នៅក្នុងភូមិសាស្ត្រស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោក ដួង វិចិត្រ បានបញ្ជាក់ថា នៅក្នុងពេលធ្វើការរាប់ថ្លឹងថ្នាំញៀននោះ គឺមានការចូលរួមសម្របសម្រួល ពីតំណាងអយ្យការ អមសាលាដំបូងខេត្តស្ទឹងត្រែងផងដែរ ហើយថ្នាំញៀនដែលដកហូតបានពីជនសង្ស័យរូបនេះ គឺជាប្រភេទមេតំហ្វេតាមីន WY ចំនួន២ដុំធំ ស្មើនឹង៦០កញ្ចប់តូប ស្មើនឹង ១ម៉ឺ ១ពាន់ ៩១២គ្រាប់ ។ លោកបញ្ជាក់ទៀតថា ខណៈនេះជនសង្ស័យ រួមជាមួយថ្នាំញៀន កំពុងស្ថិតនៅក្រោមការសាកសួរ និងរក្សាទុក ពីកម្លាំងកងរាជអាវុធហត្ថខេត្ត ហើយនឹងត្រូវបញ្ជូនទៅកាន់សាលាដំបូង និងអយ្យការខេត្តស្ទឹងត្រែង នៅក្រោយពីបានបញ្ចប់ នូវកិច្ចនីតិវិធីសាកសួរនោះរួច ៕

Loading...