បុរសបើកត្រាក់ទ័រ ភ្ជួរដីចំការស៊ីឈ្នូលគេប៉ះត្រូវមីនតោនផ្ទុះប៉ើង បានស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

(ខេត្តបាត់ដំបង)៖ បើកត្រាក់ទ័រ ទៅភ្ជួរដីចំការស៊ីឈ្នូលគេប៉ះចំមីនតោន ផ្ទុះប៉ើងត្រាក់ទ័រ និង បើកបរ រងរបួសធ្ងន់ដាច់ជើងឆ្វេងម្ខាងនិងស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៤និង០៥នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០ ២០នៅចំណុចក្រុមទី០៤ ភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌ ខេត្តបាត់ដំបង ។ នេះបើយោងតាមរបាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា យ៉ាងហោចណាស់បុរសម្នាក់បានរងរបួសធ្ងន់(ដាច់ជើងឆ្វេង)នៅពេលកំពុងបើកត្រាក់ទ័រភ្ជួរដីចំការប៉ះចំមីនតោនបណ្តាលអោយផ្ទុះឡើង។
មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ប៉ាត់ រិត ភេទប្រុស អាយុ៣៥ ឆ្នាំមានទីលំនៅបច្ចុប្បន្ននៅ ភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបើកត្រាក់ទ័ររបស់ខ្លួនម៉ាកហ្វូត ពណ៌ខៀវ ស៊ីឈ្នួលភ្ជួរដីចំការឱ្យ ឈ្មោះលុយ គឹមស៊ ភេទប្រុស អាយុ ៦៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង សៀមរាប ខេត្តសៀមរាប បានមកស្នាក់នៅធ្វើចំការនៅចំណុចកើតហេតុខាងលើ។ ខណៈដែលកំពុងភ្ជួរក៏ស្រាប់តែប៉ះចំមីនតោនដែលសេសសល់តាំងពីសម័យសង្គ្រាមបង្ករអោយផ្ទុះឡើងបណ្តាលអោយអ្នកបើកបររងរបួសធ្ងន់ដាច់ជើងឆ្វេង និងខូចខាតត្រាក់ទ័រទាំងស្រុងផងដែរ។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យ ។ ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរ ជនរងគ្រោះបានស្លាប់នៅមន្ទីពេទ្យ តែម្តង។

ប្រភពបានបញ្ជាក់ថា ចំណុចកើតហេតុខាងលើនេះគឺជាអតីតសមរភូមិប្រយុទ្ធ រវាងភាគីជម្លោះ ពីអតីតកាល ហើយនៅទីនោះក៏ សម្បូរទៅដោយយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅរាយប៉ាយនិងកប់ក្នុងដី មិនទាន់មានការបោសសំអាតអស់នៅឡើយ។

ប្រភពបន្តថា នៅទីកន្លែងកើតហេតុនេះ មានការកាប់ឆ្ការនិងភ្ជួររាស់ដីដាំដំណាំជាច្រើនឆ្នាំកន្លងមកហើយ។ មិនធ្លាប់មានករណីបែបនេះកើតឡើងទេ ទើបតែពេលនេះ ក៏ជួបឧប្បត្តិហេតុនេះតែម្តង។ ក្នុងនាមអាជ្ញាធរមូលដ្ឋានក៏ដូចជាស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសមូលដ្ឋានដែលជាអតីតសមរភូមិប្រយុទ្ធ សូមមេត្តាប្រុង ប្រយ័ត្នជាប់ជាប្រចាំចំពោះបញ្ហាយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះសេសសល់ពីសម័យសង្រ្គាមនេះ ព្រោះវាពិតជាបង្កគ្រោះថ្នាក់ដល់អាយុជីវិតយើងយ៉ាងពិតប្រាកដ៕

Loading...