បុរសម្នាក់កាប់ប្រពន្ធ៥កាំបិត គ្មានញញើតបណ្តាលឲ្យរបួសធ្ងន់ រួចរត់គេចខ្លួនបាត់ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ ប្តីចិត្តអប្រិយលែងលះគ្នាហើយ ចិត្តចង់រួមរ័ក្សប្រពន្ធមិនព្រម កាប់ប្រពន្ធ៥កាំបិត យ៉ាងសាហាវគ្មានញញើតបណ្តាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមង្គលបុរី ចំណែកជនសង្ស័យជាប្ដីរត់គេចខ្លួនបាត់ ស្ថិតនៅភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៩យប់។ លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃាង ឆវី អាយុ៤៨ឆ្នាំ នៅភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចំណែកជនសង្ស័យ ឈ្មោះ ហាន តៃ អាយុ៤៩ឆ្នាំ។

លោកអធិការបានបញ្ជាក់ថា ស្ត្រីរងគ្រោះ និងជនដៃដល់ជាប្តី បានធ្វើលិខិតលែងលះគ្នាកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ដោយបាននាំគ្នាទៅផ្តិតមេដៃ នៅផ្ទះលោកមេភូមិ ចំណែកបុរសជាប្តីសុខចិត្ត ចុះចេញពីផ្ទះហើយ ទៅរស់នៅជាមួយប្អូន ដែលមានផ្ទះជិតផ្ទះជនរងគ្រោះចំណែកស្ត្រីរងគ្រោះរស់នៅម្នាក់ឯង ចំណែកកូនចំនួន៣នាក់ បានទៅធ្វើការនៅប្រទេសថៃ។
លោកបន្តថា ពេលដែលលេងគ្នាហើយ ប្តីបានយកស្រីមកដេកនៅនឹងផ្ទះពេលប្រពន្ធទៅធ្វើការនៅថៃជាមួយកូន ដើម្បីរកលុយមកដោះបំណុលសងជំពាក់គេ ចំណែកប្តីវិញពេលដែលប្រពន្ធ និងកូនផ្ញើរលុយមកឲ្យប្តីសងគេបែរជាយកលុយនេះទៅឲ្យស្រីស្នេហ៍មកដេកនៅផ្ទះសប្បាយ ពេលប្រពន្ធត្រឡប់ពីថៃមកផ្ទះវិញបានឃើញប្តីយកស្រីមកដេកនឹងផ្ទះ មិនបាននិយាយស្តីអ្វីទេ ដោយគ្រាន់តែប្រាប់ថាបើលេងស្រីឲ្យចេះការពារបន្ទាប់មកបុរសជាប្តីបានដឹកស្រីទៅបាត់។

លោកបន្ថែមថា រយៈពេល៧ថ្ងៃក្រោយមក ជនដៃបានសុំលុយប្រពន្ធចំនួន៥ពាន់បាតធ្វើម៉ូតូ តែប្រពន្ធថាម៉ូតូថ្មីខូចអី ធ្វើម៉ូតូមួយទៀត ពេលប្រពន្ធឲ្យលុយប្តីយកលុយទៅដេកជាមួយស្រីបន្ត ចំណែកម៉ូតូមិនបានធ្វើ ហើយផ្ទុះរឿងប្តីបានធ្វើការគំរាមលែងលះគ្នាដោយប្រពន្ធឆ្អែតចិត្តដ៏ទង្វើថោកទាបប្តី បន្តទៀតមិនបានក៏សរសេរលិខិតដោយខ្លួនឯង ហើយនាំគ្នាទៅផ្តិតមេដៃនៅផ្ទះមេភូមិតែម្តង។

ក្រោយពីលែងលះគ្នាហើយ បុរសជាប្តីនោះចង់មកផ្សះផ្សារជាមួយប្រពន្ធវិញតែប្រពន្ធមិនព្រម ហើយប្អូនបង្កើតជនដៃដល់ក៏បាននិយាយដែលថា រឿងនេះបងទេជាអ្នកខុស តែបើចង់ជួបចែវិញចាំរកចាស់ទុំទៅនិយាយជាមួយចែទៅ។

នៅយប់ថ្ងៃកើតហេតុមិត្តភ័ក្រ្តជនរងគ្រោះបានមកឌុបជនរងគ្រោះទៅហូបបាយនៅផ្ទះរបស់គេ នៅពេលឌុបមកផ្ទះវិញឈប់នៅមុខផ្ទះ ស្រាប់តែពេលនោះប្តីបានដើរតម្រង់មកដោយមានកាន់កាំបិតខ្វែវ ស្ទុះមកអោបប្រពន្ធពេលនោះក៏មានការប្រតាយប្រតប់គ្នា ជនដៃដល់កាប់ទៅលើកប្រពន្ធ៥កាំបិត ចំមុខ ចំច្រមុះ ថ្គាម ត្រូវស្មាខាងស្តាំ កញ្ចឹងក និងកំភួនដៃឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមង្គលបូរីចំណែក ជនសង្ស័យក្រោយពីធ្វើសកម្មភាពរួចបានកាន់កាំបិតរត់គេចខ្លួនបាត់ ពេលនេះកម្លាំងនគរបាលស្រុក កំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់ឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕

Loading...