បុរសម្នាក់ដែលជាប់សង្សយ័ថាបានដុតផ្ទះខ្លួនក្រោយមានជម្លោះក្នុងគ្រួសារត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុចាប់ឃាត់ខ្លួនហើយ

ក្រុងព្រះសីហនុ៖ ក្រោយការស្រាវជ្រាវជាក់លាក់រួចមក ទីបំផុតទៅ បុរសម្នាក់ដែលជាប់សង្សយ័ថាបានដុតផ្ទះខ្លួនក្រោយមានជម្លោះក្នុងគ្រួសារបណ្តាលអោយរាលដាលឆេះដល់ផ្ទះពលរដ្ឋក្បែរខាងមួយខ្នងផ្សេងទៀតកាលពីមុនព្រឹកព្រលឹម ថ្ងៃទី០៦ ខែកុម្ភៈ​ ឆ្នាំ២០១៨ នៅចំណុចក្រោយផ្សារលើ ស្ថិតក្រុម១៨ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុចាប់ឃាត់ខ្លួនហើយ។

សមត្ថកិច្ចអោយដឹងបន្ថែមថាករណីអគ្គីភយ័នោះ បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ ចំនួន ០២ខ្នង ស្មើ នឹង០២ម្ចាស់ គឺ
ម្ចាស់ផ្ទះទី១ ឈ្មោះ ម៉ែន សីហា ហៅ ប៉ូឡូ ភេទប្រុស អាយុ ២៨ឆ្នាំ ផ្ទះមានទំហំ ០៦ម៉ X ០៩ម៉ ធ្វើអំពី ឈើលើ ថ្មក្រោម ប្រ៉ក់ស័ង្កសី ខូចខាត ទាំងស្រុង ( ឆេះដើមដំបូង ) ហើយបន្តរាលដាលឆេះដល់ផ្ទះទី២ ដែលមានម្ចាស់ផ្ទះ ឈ្មោះ ឈាង អេងស្រាយ ភេទស្រី អាយុ ៥៣ឆ្នាំ មុខរបរ គ្រូពេទ្យ ផ្ទះ​ឈើលើ ថ្មក្រោម មាន​ទំហំ ០៩ម៉ x ២៧ម៉ ខូចខាតទាំងស្រុង ។​

អគ្គីភយ័នេះសមត្ថកិច្ចទាំងនគរបាលនិងកងរាជអាវុធហត្ថបានអន្តរាគមន៍ប្រើប្រាស់ ទឹកអស់ចំនួន១១រថយន្តទើបអាចទប់ស្កាត់មិនអោយភ្លើងឆេះរាលទៅដល់ផ្ទះពលរដ្ឋដ៍ទៃទៀត។

បើតាមរបាយការណ៍ពីកងរាជអាវុធហត្ថខេត្តបញ្ជាក់ថា អគ្គីភយ័នេះមូលហេតុគឺបង្កចេញពីម្ចាស់ផ្ទះទី១ ឈ្មោះ ម៉ែន សីហា ដោយមានការឈ្លោះប្រកែកគ្នាក្នុងគ្រួសារ ក៍បានដុតផ្ទះខ្លួនឯង បណ្តាលឲ្យរាលដាលឆេះដល់ផ្ទះអ្នកជិតខាង ហើយក្រោយមកសមត្ថកិច្ចក៍បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ែន សីហា ហៅអាប៉ូឡូ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅក្រុម១៨ ភូមិ៣ សង្កាត់៤ ក្រុង+ខេត្តព្រះសីហនុ ដែលបានធ្វើសកម្មភាព ដុតផ្ទះខ្លួនឯង មានទាំងរបួស រលាកភ្លើងពេញខ្នងផងនោះ បញ្ជូនទៅ ការិយាលយ័ព្រហ្មទណ្ឌ អាវុធហត្ថខេត្ត ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕

 

 

Loading...