បុរសម្នាក់ដែលយករថយន្ត០២គ្រឿងឈប់ចតលើទ្រូងផ្លូវនៅខណ្ឌទួលគោក បង្កឱ្យកកស្ទះចរាចរណ៍ ក្រោយពីទទួលសារភាពកំហុសត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចដោះលែង

ភ្នំពេញ៖ ​បុរសម្នាក់ដែលយករថយន្ត០២គ្រឿងឈប់ចតលើទ្រូងផ្លូវបង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ ក្នុងការប្រឆាំងទាមទារតវ៉ាទៅនឹងការកសាងអគារថ្មីមួយក្បែរផ្ទះរបស់ខ្លួននិងបានប្រមាថអ្នករាជការដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន។ក្រោយពីទទួលសារភាពកំហុសនិងធ្វើកិច្ចសន្យាអប់រំរួចហើយត្រូវបានតំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញសម្រេចដោះលែងឱ្យត្រឡប់ទៅផ្ទះវិញ។

​ការសារភាពកំហុសនិងការដោះលែងបុរសឈ្មោះ ជា លាង ភេទប្រុស អាយុ៤២ឆ្នាំ ប្រកបមុខរបរមេកាផ្ទះជួល ស្នាក់នៅផ្ទះលេខ២០៣ ផ្លូវលេខ១៣២ ក្រុម២៣ ភូមិ៧ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញគឺដើម្បីបង្ហាញឱ្យសាធារណៈជនជាពិសេសអ្នកពេញនិយមលេងហ្វេសប៊ុកកុំឱ្យមានការយល់ច្រឡំហើយមានអ្នកនិន្នាការប្រឆាំងមួយចំនួនឆ្លៀតឱកាសយកករណីនេះដើម្បីកេងចំណេញនយោបាយយករូបវីដេអូឡាយ(live)របស់សាច់ញាតិបុរសឈ្មោះ ជា លាង ទៅផុសក្នុងផេកមួយចំនួនដើម្បីវាយប្រហារមកលើអាជ្ញាធរ និងរដ្ឋាភិបាលដោយចោទគ្មានមូលដ្ឋានថាអាជ្ញាធរសមត្ថកិច្ចធ្វើបាបប្រជាពលរដ្ឋ។ប៉ុន្តែអ្វីដែលអាជ្ញាធរខណ្ឌទួលគោកមុននិងចាប់ឃាត់ខ្លួនបុរសនោះក្រោយពីគាត់មិនស្តាប់ការសម្របសម្រួលរបស់អាជ្ញាធរ ប្រើពាក្យសំដីមិនសមរម្យ ប្រមាថលើរាជការកំពុងបំពេញភារកិច្ចនិងបានធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈរំខានដល់សិទ្ធិអ្នកធ្វើដំណើរផ្សេងទៀត។

​សូមបញ្ជាក់ថារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បុរសឈ្មោះ ជា លាង បានយករថយន្តចំនួន០២គ្រឿងមកឈប់ចត លើចិញ្ចើមផ្លូវស្ថិតនៅផ្លូវលេខ១៣២ ក្រុម២៣ ភូមិ៧ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងគោលបំណងទាមទារតវ៉ារារាំងមិនឱ្យរថយន្តធ្វើសំណង់អគារក្បែរផ្ទះរបស់ខ្លួនដំណើរការបាននោះឡើយដោយចោទថាការអគារនោះកសាងនាំឱ្យមានការព្រួយបារម្ភពីសុវត្ថិភាពរបស់គ្រួសារខ្លួនដោយបញ្ហានេះបានកើតឡើងម្តងរួចមកហើយ។ក្រោយពីការឈប់ចតរថយន្តដែលបង្កឱ្យកកស្ទះចរាចរណ៍បែបនោះហើយប្រជាពលរដ្ឋអ្នកធ្វើដំណើរនិងអ្នកជិតខាងក្បែរនោះ ប្តឹងទៅអាជ្ញាធរខណ្ឌទួលគោកឱ្យចុះមកដោះស្រាយ។នៅពេលនោះគណៈបញ្ជាការឯកភាពខណ្ឌទួលគោកក៏បានដឹកនាំកម្លាំងចម្រុះចុះទៅដោះស្រាយហើយសម្របសម្រួលជាច្រើនដងឱ្យបុរសឈ្មោះ ជា លាង យករថយន្តឈប់ចត០២គ្រឿងចេញសិន ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍។ប៉ុន្តែបុរសនោះមិនស្តាប់និងថែមទាំងប្រើពាក្យមិនសមរម្យមកលើអាជ្ញាធរសមត្ថកិច្ច ទើបសមត្ថកិច្ចបានយកសោរខ្នោះទៅចាក់កង់រថយន្តដើម្បីស្ទូចចេញប៉ុន្តែបុរសនោះក៏បានទៅប្រតាយប្រតប់ជាមួយសមត្ថកិច្ចនិងចាប់សោរខ្នោះមិនឱ្យចាក់កងរថយន្តដោយរារាំងមិនឱ្យសមត្ថកិច្ចស្ទូចរថយន្តរបស់ខ្លួនឈប់ចតលើទ្រូងផ្លូវនោះចេញឡើយ។នៅពេលនោះហើយ ទើបសមត្ថកិច្ចបានចាប់ឃាត់ខ្លួនបុរសឈ្មោះ ជា លាង បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌទទួលគោកដើម្បីយកមកអនុវត្តតាមនីតិវិធី។

​ជុំវិញបញ្ហានេះគេមិនទាន់ដឹងថាតើអាជ្ញាធរខណ្ឌទួលគោកនិងធ្វើការដោះស្រាយដើម្បីបញ្ចប់ជម្លោះរវាងអ្នកកសាងសំណង់ថ្មីនៅក្បែរផ្ទះបុរសឈ្មោះជា លាង យ៉ាងណានោះទេ គ្រាដែលនៅពេលទាមទារតវ៉ាបុរសនោះនិងក្រុមគ្រួសារថារឿងនេះមិនអាចបញ្ចប់ដោយងាយៗនោះឡើយ៕

 

 

Loading...