បុរសម្នាក់នៅខេត្តកំពង់ស្ពឺ ដែលទៅស្នាក់នៅធ្វើចត្តាឡីស័កក្នុងផ្ទះរបស់ខ្លួន ត្រូវបានបញ្ជាក់ថាវិជ្ជមានកូវីដ-១៩

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ចុះទៅនាំខ្លួនយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ក្រោយមានការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រថា បានកើតជំងឺកូវីដ-១៩។

លោកវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា បុរសដែលកើតជំងឺកូវីដ-១៩នោះមានឈ្មោះ កូវ កន អាយុ ៦៨ឆ្នាំ រស់នៅក្នុងភូមិក្បាលថ្នល់ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ បុរសវិជ្ជមានរូបនេះបានយកសំណាករួចរាល់ហើយនៅឯរាជធានីភ្នំពេញក្រោយមានការជាប់ពាក់ពន្ធ័ជាមួយអ្នកនៅក្នុងផ្សារអូរឫស្សី ហើយបានដាក់ឱ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះរបស់ខ្លួនក្នុងភូមិខាងលើ។

លោកវេជ្ជបណ្ឌិត អោ វណ្ណថេន ក៏បានបញ្ជាក់បន្ថែមថា ក្រោយយកសំណាក វិទ្យាស្ថានប៉ាស្ទ័របានបញ្ជាក់នៅវេលាម៉ោង ១១យប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ថា បុរសខាងលើមានវិជ្ជមានកូវីដ-១៩។ ដោយទទួលបានការបញ្ជាក់នេះមន្ទីរសុខាភិបាលក៏បានបញ្ជូនក្រុមគ្រូពេទ្យបន្ទាន់ចុះទៅយកបុរសវិជ្ជមានខាងលើ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នក្រុមការងារពិសេសរបស់ខេត្តក៏បាននិងកំពុងស្វែងរកអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ដើម្បីយកទៅដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ។

សូមបញ្ជាក់ថា នេះជាអ្នកជំងឺដំបូងដែលបានទៅស្នាក់នៅធ្វើចត្តាឡីស័កក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ហើយត្រូវបានបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩៕

Loading...