បុរសម្នាក់ស្លាប់បន្ទាប់ពីនាំគ្នាទៅពន្លត់ភ្លើងឆេះចម្ការអំពៅនៅស្រុកឱរ៉ាល់

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ខ្លោចរោលរាល បន្ទាប់ពីនាំគ្នាទៅជួយពន្លត់ភ្លើងឆេះរាលចម្ការអំពៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចស្រុកឱរ៉ាល់ធ្វើការចុះពិនិត្យនៅកន្លែងកើតហេតុ។

ហេតុការណ៍ឆេះចម្ការអំពៅបណ្តាលឲ្យមនុស្សស្លាប់ នេះបានកើតឡើងកាលពីយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចចម្ការអំពៅក្រុមហ៊ុនហ្គ្រែតហ្វៀល ស្ថិតក្នុងភូមិអូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

តាមប្រភពពីសមត្ថកិច្ចនិយាយថា៖ យោងតាមសម្តីឈ្មោះស៊ន ពិសិដ្ឋជាមេការចម្ការអំពៅ បានឲ្យដឹងថានៅមុនពេលកើតហេតុ គាត់បានឃើញភ្លើងឆេះរាលចេញពីភ្នំមកដល់ចម្ការអំពៅ ហើយគាត់បានបញ្ជាអោយកម្មករក្នុងចម្ការទៅជួយពន្លត់និងដុតភ្លើងកាត់ធ្វើផ្លូវកុំអោយឆេះរាលដាលទៅមុខទៀត លុះក្រោយមកស្រាប់តែមានកម្មករទូរសព្ទ័មកថាបានប្រទះឃើញមានមនុស្សត្រូវភ្លើងឆេះស្លាប់ហើយគាត់ក៏បានប្រមូលកម្មករមកជុំគ្នាស្រាប់តែបាត់កម្មករម្នាក់មានឈ្មោះវ៉ែង ប៊ុនតែង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិកូបតូច ឃុំពុទ្ធតសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនិងរាយការណ៍ទៅសមត្ថកិច្ចអោយមកពិនិត្យ។

តាមសម្តីកម្មករឈ្មោះសោម ប៊ុនណាត ភេទប្រុសអាយុ៣៧ឆ្នាំមានទីលំនៅភូមិបឹងព្រះ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែងបច្ចុប្បន្នស្នាក់នៅក្នុងក្រុមហ៊ុន
ខាងលើ បានរៀបរាប់ថាក្រោយពីភ្លើងភ្នំឆេះរាលដល់ចម្ការអំពៅ ខ្លួនបានទទួលបញ្ជាពីមេការឈ្មោះ ពិសិដ្ឋ ឲ្យនាំគ្នាទៅពន្លត់ភ្លើងបន្ទាប់មកខ្លួនក៏បានទៅតាមបញ្ជាដោយទៅជាមួយឈ្មោះ រុម ឈ្មោះ បុឹក វិត និងឈ្មោះវ៉ែង ប៊ុនតែង។ហើយខ្លួនបានចែកផ្លូវគ្នាដុតភ្លើងកាត់ ដែលឈ្មោះវ៉ែង ប៊ុនតែង ដុតកែងខាងលិចបែរមុខទៅត្បូងចំណែកខ្លួនដុតកែងខាងកើតបែរមុខទៅកេីតជាមួយឈ្មោះ វិត នូវពេលនោះភ្លេីងឆេះខ្លាំងពេកខ្លួនក៏បានឡើងម៉ូតូជិះបេីករត់ចេញទៅក្រៅរហូតដល់ខ្លួនទៅជួបជុំគ្នាទេីបដឹងថាឈ្មោះ វ៉ែង ប៊ុនតែងបានស្លាប់បាត់ទៅហើយ។

បើតាមសម្តីឈ្មោះ សឿន តូច ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានមុខរបរជាតៃកុងត្រាក់ទ័រក្នុងក្រុមហ៊ុន បានឲ្យដឹងថាពេលដែលខ្លួនបេីកត្រាក់ទ័រពីកន្លែងធ្វើការមកកាន់ការដ្ឋានជាមួយឈ្មោះ វិត និងឈ្មោះ ម៉ាប់ មកដល់ចំណុចកើតហេតុខ្លួនបានឃើញកូនជ្រូកព្រៃមួយរត់កាត់ផ្លូវ ហើយពួកខ្លួនក៏បានឈប់ត្រាក់ទ័ររត់ដេញចាប់កូនជ្រូកព្រៃ ភ្លាមនោះខ្លួនក៏បានប្រទះឃើញសាកសពម្នាក់ត្រូវភ្លើងឆេះ បន្ទាប់មកឈ្មោះ ម៉ាប់ ដែលដេញកូនជ្រូកព្រៃជាមួយគ្នានោះបានទូរស័ព្ទទៅប្រាប់មេការភ្លាមថា មានមនុស្សត្រូវភ្លើងឆេះស្លាប់។

សមត្ថកិច្ចបានឲ្យដឹងថាក្រោយពីទទួលដំណឹងភ្លាមកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុនិងបានពិនិត្យឃើញថាសពបុរសខាងលើពិតជាស្លាប់ដោយសារភ្លើងឆេះប្រាកដមែននិងបានប្រគល់ សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...