ខេត្តរតនគិរី÷ បុរសម្នាក់ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកម្លាំងអធិការនគរបាលក្រុងបានលុង បានអនុវត្តដិកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៩៩ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០០ ចេញដោយលោក ស៉ឹម គុជ ចៅក្រមសើុបសួរនៃសាលាដំបូងខេត្តកំពង់ចាម ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន។
ករណីឃាត់ខ្លួនបុរសខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ ត្រង់ចំណុចភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
សមត្ថកិច្ចបានឲ្យដឹងថា ជនជាប់ចោទមានឈ្មោះ ស៊ុយ វី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិ៧មករា សង្កាត់ទ្បាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ដើម្បីរង់ចាំសមត្ថកិច្ចខេត្តកំពង់ចាមមកទទួលយកទៅអនុវត្តតាមនិតិវិធីបន្ត៕ ដោយ ឦសាន