បុរសម្នាក់ ត្រូវប៉េអឹមចាប់ខ្លួនបញ្ជូនទៅតុលាការ ករណីលួចអាគុយ

ខេត្តរតនគិរី÷ បុរសម្នាក់ ត្រូវបានកម្លាំងប៉េអឹមខេត្តចាប់ខ្លួន ពាក់ព័ន្ធករណីអំពើលួចអាគុយ គ្មានស្ថានទម្ងន់ទោស។

ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅថ្ងៃអាទិត្យ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ។

យោងតាមរបាយការណ៍ពីអាវុធហត្ថខេត្តបានឲ្យដឹងថា វេលាម៉ោងប្រហែល ៧នឹង០០នាទី នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចបង្គោលអង់តែនទូរស័ព្ទមិត្តហ្វូនរបស់ក្រុមហ៊ុនមិត្តហ្វូន ក្នុងភូមិកាឡៃ ឃុំកាឡៃ ស្រុកអូរជុំ បណ្តាលឲ្យបាត់អាគុយអស់ចំនួន ១២អាគុយ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ជនរងគ្រោះ ឈ្មោះ កោ មាញ់ណាម ភេទប្រុស អាយុ៣៨ ឆ្នាំជនជាតិវៀតណាម មុខរបរ នាយកសាខាក្រុមហ៊ុនមិត្តហ្វូន បានមកដាក់ពាក្យបណ្តឹងនៅការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត ។

របាយការណ៍បន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងជំនាញបានចុះស្រាវជ្រាវនិងបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហឹុម បូរ៉ា ហៅតែល ភេទ ប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី មុខរបរមិនពិតប្រាកដ។

បច្ចុប្វន្នជនសង្ស័យ ឈ្មោះ ហុឹម បូរ៉ាត្រូវបានការិយាល័យ បទល្មើសព្រហ្មទណ្ឌអាវុធហត្ថខេត្ត កំពង់កសាងសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនទៅតំណាងអយ្យការ អមសាលាដំបូងខេត្តរតនគិរី ៕ ជាយដែន

 

Loading...