បុរសវ័យចំណាស់ម្នាក់ដួលស្លាប់បន្ទាប់ពីមានជំងឺប្រចាំកាយ

ខេត្តរតនគិរី÷ បុរសវ័យចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីបានដួលឧុកគូថនៅតាមផ្លូវចូលទៅផ្ទះរបស់គាត់ បន្ទាប់ពីបានមកពីផ្សារវិញនោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង០០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ នៅតាមផ្លូវលំមួយខ្សែ ស្ថិតនៅក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះបានទៅផ្សារទិញផ្លែឪឡឹក ហើយក៏វិលត្រឡប់មកផ្ទះវិញនៅវេលាម៉ោងខាងលើ គាត់ដើរជិតដល់ផ្ទះប្រមាណនៅ១០០ម៉ែត្រទៀត ស្រាប់តែដួលនៅតាមផ្លូវឧុកគូថនៅមុខផ្ទះប្រជាពលរដ្ឋតែម្តង។
ពេលនោះអ្នកជិតខាងឃើញបែបនេះ ក៏នាំគ្នាទៅជួយប៉ុន្តែជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយនោះ។

ប្រភពបានបន្តថា បន្ទាប់ពីជនរងគ្រោះបានស្លាប់នោះមក ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឲ្យចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុផងដែរ។

ក្រោយកើតហេតុមួយសន្ទុះ គេបានឃើញវត្តមាន កម្លាំងបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្ត កម្លាំងអធិការក្រុងបានលុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ឡាបានសៀក បានចុះមកត្រួតពិនិត្យនិងធ្វើកោសល្យវិច័យសព បានសន្និដ្ឋានថា ជនរងគ្រោះដែលបានស្លាប់នេះមានជំងឺប្រចាំកាយ ដូចជា: លើសឈាម និងទឹកនោមផ្អែមផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ុន ជី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។
បន្ទាប់ពីធ្វើកោសល្យវិច័យរួចហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ទៅឲ្យសាច់ញាតិដើម្បីដឹកសពយកទៅបូជានៅវត្តឥសីរតន:រាម(ហៅវត្តភ្នំស្វាយ)ទៅតាមប្រពៃណី៕

Loading...