បុរសវ័យចំណាស់ម្នាក់បានរងការលបកាប់ជាច្រើនពូថៅបណ្តាលឲ្យរងរបួសជាទម្ងន់ខណៈនេះកំពុងស្ថិតក្រោមការជួយសង្គ្រោះពីក្រុមគ្រូពេទ្យខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានប្រើពូថៅលបកាប់ប្រហារបុរសវ័យចំណាស់ម្នាក់ បណ្តាលឲ្យរងរបួសជាទម្ងន់ ហើយនៅក្រោយហេតុការប៉ុនប៉ងមនុស្សឃាតនោះ ជនសង្ស័យបានរត់គេចខ្លួនបាត់ រីឯជនរងគ្រោះត្រូវបានគេនាំយកមកសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៩ និង១៥នាទីយប់ ថ្ងៃទី១៦ធ្នូ២០១៧ ស្ថិតនៅក្នុងភូមិភ្ជុល ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

មេបញ្ជាការអាវុធហត្ថស្រុកសៀមបូក លោកអនុសេនីយ៍ឯក ហេង ណាន បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ តឹម ភួង អាយុ៦៣ឆ្នាំ ជាកសិករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។ ជនរងគ្រោះត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ លបកាប់ចំនួន២ពូថៅ ១ពូថៅកាប់ត្រូវចំក និង១ពូថៅទៀត កាប់ត្រូវចំស្លឹកត្រចៀកខាងឆ្វេង បណ្តាលឲ្យរងរបួសជាទម្ងន់ ។

លោក ហេង ណាន បានបន្តថា នៅក្រោយហេតុការលបកាប់ប្រហារនោះ ជនសង្ស័យបានរត់គេចខ្លួនទាំងយប់ ចំណែក ជនរងគ្រោះត្រូវបានគេជួយនាំយកមកសង្គ្រោះ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ។ លោកថា ការលបកាប់ដើម្បីផ្តាច់ជីវិតជនរងគ្រោះនៅពេលនោះ លោកចាត់ទុកថា គឺជាករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា ដោយអាចផ្តើមឡើងពីរឿងគំនុំ ។ លោកបន្តថា ខណៈនេះសមត្ថកិច្ច កំពុងបន្តបើកការស្រាវជ្រាវ ដើម្បីឈានទៅកំណត់អត្តសញ្ញាណជនសង្ស័យ ហើយធ្វើការចាប់ខ្លួននាំយកមកផ្តន្ទាទោសតាមច្បាប់ ៕

Loading...