បុរសសង្ស័យម្នាក់ និងថ្នាំញៀនជាង៤០កញ្ចប់ រួមជាមួយវត្ថុតាងបទល្មើសមួយចំនួនទៀត បានរងការឃាត់ខ្លួន និងរឹបអូសពី កម្លាំងសមត្ថកិច្ចខេត្តព្រះវិហារ 

ខេត្តព្រះវិហារ៖ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានសហការណ៍ជាមួយ កម្លាំងការិយាល័យទី២ របស់អង្គភាពកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសសមរភូមិមុខ ប្រាសាទព្រះវិហារ បានបើកប្រតិបត្តិការចុះឃាត់ខ្លួន បុរសសង្ស័យជួញដូរថ្នាំញៀនម្នាក់ ដកហូតបានថ្នាំញៀនជាង៤០កញ្ចប់ និងវត្ថុតាងបទល្មើសនានាជាច្រើនមុខទៀត កាលពីថ្ងៃទី២១កុម្ភះម្សិលមិញ ស្ថិតនៅក្នុងភូមិ ត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មេបញ្ជាការរងអាវុធហត្ថស្រុកជាំក្សាន្ត លោកអនុសេនីយ៍ឯក ជុន បូរ៉ា បានប្រាប់ឲ្យដឹងថា ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចបានឃាត់ខ្លួននោះ ឈ្មោះ ម៉ាត់ បូរះ អាយុ៣០ឆ្នាំ រស់នៅភូមិ ត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកថា ក្រោយការឃាត់ខ្លួនជនសង្ស័យរួចមក សមត្ថកិច្ចបានឈានទៅឆែកឆេរលំនៅដ្ឋាន ហើយបានរកឃើញ និងដកហូតបានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ice ម៉ាទឹកកក៤១កញ្ចប់ ធំ២៥កញ្ចប់ មានទម្ងន់ស្មើនឹង ១០៨.៨៤ក្រាម ប្រាក់រៀល១លានរៀល ទូរស័ព្ទ១គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន២គ្រឿង រថយន្ត១គ្រឿង ប្រភេទ NAVARA ពាក់ស្លាកលេខ ភ្នំពេញ 2AQ-9376 សម្ភារៈវេចខ្ចប់ និងសម្ភារៈជក់ថ្នាំញៀនមួយចំនួនទៀតផងដែរ។

លោក ជុន បូរ៉ា បានបន្តឲ្យដឹងទៀតថា ប្រតិបត្តិការបង្ក្រាបជំនួញគ្រឿងញៀននេះ កម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត បានអនុវត្តន៍ទៅតាមបទបញ្ជារបស់ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ក្រោមកិច្ចសម្របសម្រួលចូលឆែកឆេរលំនៅដ្ឋាន និងដកហូតវត្ថុតាងថ្នាំញៀន របស់ជនសង្ស័យ ពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ព្រះវិហារ លោក ទី សុវណ្ណថាល់ នោះថែមទៀត។

ជនសង្ស័យជួញដូរថ្នាំញៀន រួមជាមួយវត្ថុតាងបទល្មើសដែលដកហូតបាន កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង និងអយ្យការខេត្តព្រះវិហារនោះហើយ នាព្រឹកថ្ងៃ២២កុម្ភះនេះ ដើម្បីចាត់ការជាបន្ត ទៅតាមនីតិវិធីច្បាប់ ៕

 

Loading...