បុរសអភ័ព្វ ធ្លាក់ពីលើចុងត្នោតកំពស់ ១០ម៉ែត្រ សន្លប់ ១យប់ ១ថ្ងៃ មិនទាន់ដឹងខ្លួន

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ បានរងរបួសធ្ងន់ រហូតសន្លប់ ជាច្រើនម៉ោង ត្រូវបានក្រុមគ្រួសារ ដឹកតាមរឺម៉ក យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត ហើយដោយសារមាន សភាពធ្ងន់ធ្ងរ បានបញ្ជូនបន្ត យកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាលម៉ែតភ្នំពេញ បន្ទាប់ពីបានធ្លាក់ ពីលើចុងត្នោត ដែលមានកំពស់ជាង ១០ម៉ែត្រ កាលពីវេលាម៉ោង ៤និង៣០ នាទី ល្ងាចថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុចវាលស្រែ ត្រពាំងឬសល្ពាក់ ស្ថិតក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្រុមគ្រួសារជនរងគ្រោះ បាននិយាយអោយដឹងថា ជនរងគ្រោះមានឈ្មោះ ថៃ អាយុ ៤១ឆ្នាំ ប្រពន្ធឈ្មោះ ម៉ន សុធា អាយុ ៣៧ឆ្នាំ មានកូនប្រុសស្រី ៤នាក់ មានទីលំនៅ ក្នុងភូមិឃុំ កើតហេតុខាងលើ គ្រួសារនេះបានចាប់មុខរបរ ឡើងត្នោតជិត ២០ឆ្នាំមកហើយ តែជីវភាពនៅ មានការខ្វះខាត មិនដែលបានប្រសើរ ម្តងណាទេ។ ទាំងពីរនាក់ប្តីប្រពន្ធ ប្រឹងរកណាស់ ចំណែកបុរសជាប្តី ដែលជាជនរងគ្រោះ បើទោះជាពេលខ្លះ ខ្លួនស្រវឹង ឬក៏មកពីស្រែយប់ជ្រៅ យ៉ាងណាក៏ដោយ ក៏គេមិនដែលចោល ត្នោតម្តងណាឡើយ បើពេលយប់ងងឹត គេតែងប្រើកែវឆ្លុះ ឡើងរហូតម៉ោង ១១ ឬ ១២ យប់ក៏មាន ហើយក៏មិនដែល មានភ្លាត់ម្តងណាដែរ។
នៅថ្ងៃកើតហេតុ មុនពេលដែលជនរងគ្រោះ ទៅឡើងត្នោត គាត់បានទៅចូលរួម ក្នុងកម្មវិធីមង្គលការ បងប្អូន នៅឯស្រុកកំណើត ពេលត្រឡប់មកដល់ផ្ទះវិញ ម៉ោង ០៤ ល្ងាចទៅហើយ ពេលនោះគាត់ក៏បាន រែកបំពង់ដើរសំដៅ ទៅដើមត្នោតដូចធម្មតា។ កន្លះម៉ោងក្រោយមក ស្រាប់តែឃើញគេ រត់មកប្រាប់ថា ជនរគ្រោះបានធ្លាក់ ពីលើចុងត្នោត ភ្លាមនោះក៏មានការ ផ្អើលឆោឡោឡើង។ លោកតាម្នាក់ឈ្មោះ អុន អាយុជាង ៦០ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា ដែលឃើញហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុ គាត់បាននិងកំពុង ប្រមូលសំរាម ក្នុងស្រែដុត ដែលមានចម្ងាយ ១៥ម៉ែត្រ ពីដើមត្នោត ដែលជនរងគ្រោះធ្លាក់។
ពេលនោះគាត់បានឃើញ ជនរងគ្រោះ កំពុងឡើងដើមត្នោត នោះដែរ គាត់ក៏ធ្វើការជាធម្មតា បន្តិចក្រោយមក ក៏ស្រាប់តែឮសម្លេងភីង យ៉ាងខ្លាំង ដូចគេទម្លាក់ របស់អ្វីម្យ៉ាង ពីលើចុងត្នោត គាត់ឆ្ងល់ក៏ងើយមើល ទៅលើចុងត្នោត អត់ឃើញមានមនុស្ស គាត់ក៏ដើរមកមើល ក្រោមគល់ត្នោត ស្រាប់តែឃើញជនរងគ្រោះ ធ្លាក់ពីលើចុងត្នោត ផ្កាប់មុខទៅនិងដី សន្លប់លែងដឹងខ្លួន ទៅហើយ និងឃើញមានឈាម ប្រឡាក់ពេញខ្លួន ឃើញដូច្នេះ គាត់បានស្រែកហៅ អ្នកជិតខាង អោយមកជួយ បន្ទាប់មកក៏បាន ចងអង្រឹង សែងជនរងគ្រោះ យកមកផ្ទះភ្លាមៗផងដែរ។
ពេលយកជនរងគ្រោះ មកដល់ផ្ទះ បានរាយការណ៏ ជូនសមត្ថកិច្ច ឲ្យទូរស័ព្ទហៅ រថយន្តពេទ្យ មកដឹកជនរងគ្រោះ ទៅធ្វើការសង្គ្រោះ តែដោយចាំរថយន្តពេទ្យ ជាង ១ម៉ោង មិនឃើញ ក្រុមគ្រួសារក៏បាន ដឹកជនរងគ្រោះ តាមរ៉ឺម៉កអូសដៃ យកទៅមន្ទីរពេទ្យខេត្ត តែពេលចេញពីផ្ទះ បានចំងាយ ១គីឡូម៉ែត្រ រ៉ឺម៉កដែលដឹកជនរងគ្រោះ បានក្រឡាប់ ធ្លាក់ជនរងគ្រោះ មួយសារទៀត លុះដល់មន្ទីរពេទ្យ ក្រោយពីគ្រូពេទ្យ ធ្វើការពិនិត្យរួច ឃើញថា ជនរងគ្រោះ មានសភាពធ្ងន់ធ្ងរពេក គ្រូពេទ្យក៏បានបញ្ជូនបន្ត ទៅមន្ទីរពេទ្យ កាល់ម៉ែតនៅភ្នំពេញ៕

WAT-050210

WAT-050211

Loading...

Leave a Reply

Your email address will not be published. Required fields are marked *