បុរស៣នាក់ដើរប្រមូលសេដ្ឋកិច្ចអោយមេផ្អើលអ្នករកស៊ីខេត្តត្បូងឃ្មុំ 

ខេត្តត្បូងឃ្មុំ៖  ដើម្បីបំភាន់ភ្នែកមហាជនមេៗលួចបញ្ចេញកម្លាំងក្រៅផ្លូវការចំនួន៣នាក់ ជិះរថយន្តបាឡែន និងរថយន្តម៉ាកព្រុស ចេញប្រណិបត្តិការជំរិតយកលុយឲ្យទៅលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត នាយខ័ណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ និងសង្កាត់រដ្ឋបាលព្រៃឈើតំបែរ ម៉ាអេម ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានមនុស្សជំនិតៗ មេៗចំនួន៣នាក់ បានដាក់ពង្រាយក្នុងតំបន់ប្រតិបត្តិការទឹកដីស្រុកតំបែរ ដើម្បីប្រមូលសេដ្ឋកិច្ចជូនមេៗ ដោយមិនមានលិខិតបេសកកម្មអ្វីបន្តិចសោះឡើយ ។ ក្នុងនោះដែរ គេសង្កេតឃើញថា គណៈបញ្ជាការឯកភាពស្រុកតំបែរក៏មិនមានវិធានការទប់ស្កាត់អ្វីដែរ ដោយដឹងថា ជាកម្លាំងរបស់មេៗ ខាងលើ ការបើកយុទ្ធនាការបើករថយន្តដេញបង្ក្រាបយ៉ាងអាណាធិបតេយ្យពេញផ្លូវរាល់យប់ថ្ងៃ បង្ករការភ័យខ្លាចដល់ពលរដ្ឋក្នុងស្រុកតំបែរយ៉ាងខ្លាំងដូចជាក្នុងករណីមួយបានកើតឡើងនៅម៉ោង3.30នាទីយប់ទៀបភ្លឺ ឈានចូលថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២០មាន រថយន្តបាឡែនពណ៌ស ពាក់ស្លាកលេខ 2AA.6634 បើកបរដោយឈ្មោះ សៅ សាំង បានបើកប្រដេញក្នុងល្បឿនលឿន ដេញ រថយន្តសាំយ៉ុងដឹកឈើសង្ហារឹមហើយ រ៉េចង្កូតធ្លាក់ផ្លូវខ្លួនឯង ទៅបុកផ្ទះប្រជាពលរដ្ឋខ្មែរឥស្លាមក្រឡាប់ផ្ងារជើង ត្រង់ចំណុចភូមិបេង ឃុំសេដារ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ តែមិនបណ្តាលឲ្យ មានគ្រោះថ្នាក់ដល់ជីវិតមនុស្ស នោះទេ ។

បើតាមប្រភពពត៌មានពីពលរដ្ឋគឺ ម្ចាស់រថយន្តកាមរីបាឡែនពណ៌សខាងលើ មិនមែនជាមន្ត្រីសមត្ថកិច្ចជំនាញនោះទេ គឺប្រជាពលរដ្ឋស៊ីវិលសុទ្ធសាធតែយកឈ្មោះអ្នកធំក្នុងខេត្តមកប្រើ មួយវិញទៀតបើតាមការបង្ហើបប្រាប់សុំមិនបញ្ចេញឈ្មោះ ម្ចាស់ឡានបាឡែន ខាងលើមានឈ្មោះ សៅ សាំង កន្លងមកមានការទំនាក់ទំនងជាមួយនឹងមន្ត្រីកងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធជាមួយនឹងបទល្មើសព្រៃឈើ ក៏បានដើរធ្វើការជាមួយគ្នា ដើម្បីប្រមូលថវិកាឲ្យទៅលោកប្រធានមន្ទីរខាងលើ ។ នៅមានឈ្មោះ ម៉េង ជិះរថយន្តបាឡែនពណ៍ខ្មៅ គឺជាអ្នករកចំណូលឲ្យលោកនាយខ័ណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ និង ឈ្មោះ វ៉ា ហៅ”អាវ៉ែនតា” ក៏ជាអ្នកប្រមូលចំណូលឲ្យ លោកនាយសង្កាត់រដ្ឋបាលព្រៃឈើតំបែរ ផងដែរ ។

ប្រជាពលរដ្ឋក្នុងស្រុកតំបែរ សំណូមពរដល់ គណៈមេបញ្ជាការឯកភាព ខេត្តត្បូងឃ្មុំ មេត្តាបើកការស៊ើបអង្កេត ដើម្បីមាន ចំណាត់ការ ការបញ្ចេញកម្លាំងក្រៅប្រព័ន្ធ យ៉ាងអាណាធិបតេយ្យ និងមេៗនៅពីក្រោយខ្នងផងដែរ ៕

Loading...