ខេត្តបន្ទាយមានជ័យៈ បុរសវ័យចំណាស់ម្នាក់ដើរកាត់ស្រែគេសង្ស័យស្កាត់ជួបស្រីស្នេហ៍ទាំងយប់ត្រូវខ្សែភ្លើងឆក់ស្លាប់ ដែលម្ចាស់ស្រែតសម្រាប់ឆក់សត្វកណ្តុរកុំឱ្យចូលស៊ីស្រូវប្រាំង។ ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី២ខែមីនា ឆ្នាំ២០១៥ នៅចំណុចខាងលិចផ្លូវរថភ្លើង ប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ លី គឹមឈាង អាយុ៥៤ ប្រកបមុខរបរ អ្នករត់រថយន្តឈ្នួលរស់នៅភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ចំណែកម្ចាស់ ស្រែមានឈ្មោះ ហោ សំផុន ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិ ឃុំជាមួយជនរង គ្រោះ។
ជុំវិញនៃហេតុការណ៍នេះ បើតាមប្រភព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានប្រាប់ឱ្យដឹងថា៖មុន ពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូឆាលី១គ្រឿងពណ៌ស ទៅឈប់នៅក្បែរកន្លែងកើ តហេតុប្រហែល២០ម៉ែត្រ បន្ទាប់មកជនរងគ្រោះបានចតម៉ូតូចោល ហើយដើរកាត់ស្រែប្រាំង ដែលគេសង្ស័យថាទំនងគាត់ដើរលួចលាក់ស្កាត់ជួបស្រីស្នេហ៍នៅរ៉ាចំការចេក។
លុះនៅពេលនោះក៏ស្រាប់ត្រូវខ្សែភ្លើងឆក់ស្លាប់តែម្តង។ក្រោយពីកើតហេតុម្ចាស់ស្រែឃើញបែបនេះ ក៏រត់ចូលក្នុងភូមិប្រាប់សាច់ញាតិរបស់ខ្លួនពីហេតុការនេះ ហើយម្ចាស់ស្រែបានរត់គេចខ្លួន បាត់ ។ បន្ទាប់មកទើបធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិរួមនិងប្រពន្ធកូនជនរងគ្រោះតែម្តង។
បើតាមប្រភពព័ត៌មានដដែលបានប្រាប់ឱ្យដឹងទៀតថា៖សពជនរងគ្រោះសមត្ថកិច្ចពិនិត្យឃើញស្នាមខ្សែភ្លើងឆក់រោលខ្មៅនៅកជើងខាងឆេ្វង១កន្លែង ក្នុងនោះឃើញ មានម៉ូទ័រ ចាប់ជាមួយធុងអាគុយ៤០អំពែហើយមានខ្សែលួសរាយជុំវិញស្រែប្រាំងផងនោះទៀត។
សពជនរងគ្រោះក្រោយពីសមត្ថកិច្ចត្រួតពិនិត្យរួច ក៏បានប្រគល់ក្រុមគ្រួសារដើម្បី យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ចំណែកម្ចាស់ស្រែប្រឈមនិងផ្លូវច្បាប់ជាប់ចោទ ពីបទឃាតកម្មដោយអចេតនា៕