បុរស​ពិការ​ជើង​អង្គុយ​លើ​រទេះ ដាក់​ស្លាក​លក់​ទឹក​លើ​ច​ញ្ចើ​ម​ផ្លូវ​ដើម្បី​ចិញ្ចឹម​គ្រួសារ​

​ខេត្តបន្ទាយមានជ័យ៖ បុរស​ពិការ​ជើង​ទាំងសងខាង ម្នាក់​បានដាក់​ស្លាក​លក់​ទឹក​លើ​ច​ញ្ចើ​ម​ផ្លូវ ក្នុង ១​ដប​តម្លៃ​១០០០​រៀល ដើម្បី​យកលុយ​ទៅ​ចិញ្ចឹម​គ្រួសារ​ដែលមាន​ជីវភាព​ខ្វះខាត​និង​មានកូន​នៅក្នុង​បន្ទុក​ចំនួន​៦​នាក់ ថែមទៀតផង។

​លោក ម៉ៅ រ៉ូ ជនពិការ​ជើង​រស់នៅ​ក្នុងភូមិ​ម៉ក់​ហ៊ឺ​ន ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ បាន​រៀបរាប់ថា៖ ដោយសារ​ក្រុមគ្រួសារ​មាន​ជីវភាព​ខ្លះ​ខាត​បានជា​ដាក់​ស្លាក​លក់​ទឹក បារី ប្រេង​ក្រឡា ដែកកេះ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ មុខ​ផ្លូវ​៣០ ក្នុងភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ក្នុង​មួយថ្ងៃ​អាច​រកប្រាក់​ចំណូល​បាន​ពី​១០,០០០​រៀល ទៅ​២០,០០០​រៀល គ្រាន់​ដោះស្រាយ​ជីវភាព​។​

លោកបញ្ជាក់ថា មូលហេតុ​ដែល​លោក​ពិការ​ជើង​ទាំងសងខាង​នេះ ដោយសារ​មាន​ជំងឺ​បន្ទាប់ពី​ចាក់​ថ្នាំ​ក៏​ស្វិតជើង​តាំងពី​អាយុ​៦​ឆ្នាំ​មក​ម្លេះ រាល់ថ្ងៃ​ក្រុមគ្រួសារ​របស់លោក​មាន​ជីវភាព​ខ្វះខាត​ណាស់ ទោះ​ជីវភាព​ខ្វះខាត​យ៉ាងណា​លោក​សម្រេចចិត្ត​មិន​លេ​ី​កដៃ​សុំ​លុយ​គេ​នោះទេ ដោយសារ​លោក​ធ្លាប់​ឈឺចាប់ នៅពេលដែល​លោក​បាន​ចំណាកស្រុក​សុំ​លុយ​គេ​នៅ​ប្រទេស​ថៃ កាលពី​៦​ទៅ​៧​ឆ្នាំមុន ត្រូវបាន​ជនជាតិ​ថៃ​ជេរប្រមាថ ហើយ​ប្តឹង​តម្រួត​ចាប់​ជាប់ពន្ធនាគា​រយៈពេល​៦​ខែ​។

​ម្យ៉ាងវិញទៀត​កូន​របស់លោក​កាន់តែ​ធំៗ​ដឹក​ក្តី​ខ្លះៗ​ហើយ​នោះ ខ្លាច​ពួកគាត់​ខ្មាស់​គេ និង​ដើម្បី​ធ្វើជា​គំរូ​ល្អ​ដល់​កូនៗ និង​ចង់​បង្រៀន​កូន​ឲ្យ​ចេះ​តស៊ូ​ក្នុង​ជីវិត​ផង​នោះ ទើប​សម្រេចចិត្ត​ប្រកបមុខរបរ​វិញ​មិន​សុំ​លុយ​គេ​ឡើយ​។​ ដោយ​ប្រាក់ចំណូល​បន្តិចបន្តួច​បានមកពី​ការលក់​ទឹក​មិន​គ្រប់គ្រាន់​សំរាប់​ផ្គត់ផ្គង់​ក្រុមគ្រួសារ នៅ​ថ្ងៃ​ខាងមុខ លោក ម៉ៅ រ៉ូ ចង់​ប្រកប​របរ​កសិកម្ម​មួយ​ជា​លក្ខណៈ​គ្រួសារ គឺ​ចិញ្ចឹម​ត្រី និង​មាន់ នៅផ្ទះ​របស់ខ្លួន លើ​ផ្ទៃដី​១៥​ម៉ែត្រ គុណ​៦០​ម៉ែត្រ ដែល​អាជ្ញាធរ​បាន​ឲ្យលោក​រស់នៅ​បច្ចុប្បន្ននេះ​។ លោក​បាន​អំពាវនាវ ដល់​អាជ្ញាធរ សប្បុរសជន ជួយផ្តល់​ជា​សម្ភារ​កសិកម្ម ពូជ​ត្រី និង​មាន់ ជាដើម​ទុន ដើម្បី​ផ្គត់ផ្គង់​ដល់​គ្រួសារ​៕

Loading...