បុរស​ម្នាក់ស្រវឹង បើក​ឡាំប្រឺតា បុក​ប៉ា​រ៉ា​ស់​គោលដៅ​របស់​សមត្ថកិច្ច បណ្តាល​ឲ្យ​របួសប្រជា​ការពារ​ម្នាក់​

ភ្នំពេញៈ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​ផឹកទឹក​ត្នោត ជូរ​ស្រវឹង ហើយ​បើក​ឡាំប្រឺតា បុក​ប៉ា​រ៉ា​ស់​គោលដៅ របស់​កម្លាំង​សមត្ថកិច្ច​បណ្តាល​ឲ្យ​រង របួស​ប្រជា​ការពារ​ម្នាក់​។ ហេតុការណ៍​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១០​និង​២០​នាទី យប់​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​គោលដៅ​សមត្ថកិច្ច ដាក់​អនុវត្ត​វិធានការ ផ្អាក​ចរាចរណ៍ នៅមុខ​វត្ត​ពោធិ៍​យា​រាម ជូរ​មាត់ទន្លេ​ខាងកើត ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។​

​តាម​ប្រភព​ព័​ត៌​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ដោយ​គោរព​តាម​បទបញ្ជា​ថ្នាក់លើ​ដោយ​ដាក់ គោលដៅ អនុវត្ត​បម្រាម​គោចរ ផ្អាក​ចរាចរណ៍ និង​សកម្មភាព​អាជីវកម្ម តាម​ដងផ្លូវ ចាប់ពី​ម៉ោង ៨ យប់ រហូតដល់​ម៉ោង ៥ ភ្លឺ ក្នុង​រយៈពេល ១៤ ថ្ងៃ ដើម្បី​ចូលរួម​ទប់ស្កាត់ ជំងឺ​កូ​វីដ​១៩​នោះ គឺ​នៅពេល​កំពុង​ចុះ​អនុវត្ត ស្រាប់​តែមាន បុរស​ម្នាក់ បើក​ឡាំប្រឺតា ក្នុងទិសដៅ​ពី​ខាងជើង ទៅខាង​ត្បូង ទាំង​ស្ថាន​ភាពស្រវឹង ហើយ​បាន​បើក​ហួស​គោលដៅ សមត្ថកិច្ច​ម្តង​ទៅហើយ​។ បន្ទាប់មក បុរស​ខាងលើ ក៏បាន​បើក​ត្រឡប់មកវិញ ភ្លាមនោះ កម្លាំង ក៏បាន​ឃាត់​ឲ្យ​ឈប់ តែ​គាត់​នៅតែ​បន្តដំណើរ​ទៅមុខទៀត​ទើប​បុក​កម្លាំង ប្រជា​ការពារ​ម្នាក់ ឲ្យ​រងរបួស​ដៃ​ធ្ងន់​។ ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ សង្គ្រោះ នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

​ចំណែក​បុរស​ខាងលើ បាន​សារភាពថា ខ្លួន​ទើបតែ​ចេញពី​ផឹក​ទឹកត្នោតជូរ ជាមួយ​មិត្តភក្តិ បំណង​ចូលក្នុង​វត្ត​ពោធិ៍​សា​រាម និង​ស្ថាន​ភាពស្រវឹង​ផង​នោះ ក៏​ជ្រុល​បុក​បែបនេះ​តែម្តង​។ បច្ចុប្បន្ន ជនបង្ក ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន យកទៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ជ្រោយចង្វារ ដើម្បី​សួរនាំ​បន្ត​៕

Loading...