សៀមរាបៈ បុរសម្នាក់ បានបើកម៉ូតូ ទៅបុកសត្វឆ្កែ បណ្តាលឱ្យដួល ហើយខ្ទាតចូល ក្រោមគោយន្តកន្ត្រៃ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ០៧ និង៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ ៦៤ ត្រង់ចំណុច ស្ថិតនៅភូមិសក្ដា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
នគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាល ស្រុកស្វាយលើ បានឲ្យដឹងថាៈ គ្រោះថ្នាក់ ចរាចណ៍នេះ គឺខាងម៉ូតូម៉ាកហុងដា ពាក់ស្លាកលេខ សៀមរាប 1AJ-1202 បើកបរដោយ ឈ្មោះ ប៊ូន សំបាន់ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិគោលថ្មី ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប (ស្លាប់ភ្លាមៗ) ដោយបើកបរពីទិសដៅពីខាងលិច ទៅខាងកើត បានបុកឆ្កែ ហើយម៉ូតូដួល ខ្ទាតមនុស្សចូលក្រោមគោយន្តកន្ត្រៃ ដែលបើកបរដោយឈ្មោះ វិញ ហួ ក្នុងទិសដៅពីខាងលិច ទៅទិសខាងកើត គឺស្របទិសគ្នា។
សមត្ថកិច្ច បានឱ្យដឹងទៀតថាៈ មូលហេតុបណ្តាលមកពីអ្នកបើកម៉ូតូ បើកវ៉ាជែងគោយន្ត ហើយទៅបុកឆ្កែ ទើបម៉ូតូដួល ធ្វើឱ្យជនរងគ្រោះ ដួលចូលទៅក្រោមគោយន្ដកន្ត្រៃ កំពុងធ្វើដំណើរ បណ្ដាលឲ្យស្លាប់បែបនេះ៕